(ភ្នំពេញ)៖ សម្ភារបរិក្ខារវេជ្ជសាស្ដ្រប្រើបា្រស់ សម្រាប់ការពារជំងឺកូវីដ១៩ ដែលមានម៉ាស វែនតាសុវត្ថិភាព ម៉ាស N95 និងសម្លៀកបំពាក់សុវត្ថិភាព របស់មន្ដ្រីសុខាភិបាល ពីធនាគារចិន (Bank of China) ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ។

ពិធីប្រគល់-ទទួលសម្ភារបរិក្ខារវេជ្ជសាស្ដ្រនេះ បានធ្វើឡើងនាទីស្ដីការក្រសួងសុខាភិបាល ក្រោមអធិបតីភាពរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង និងលោក Wu Guoquan ទីប្រឹក្សាទូតចិនផ្នែកពាណិជ្ជកម្ម តំណាងទូតចិនប្រចាំកម្ពុជា។

ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណធនាគារចិន ដែលបានជួយឧបត្ថម្ភឧបករណ៍ទាំងនេះ បានដើរតួនាទីដ៏សំខាន់សម្រាប់បម្រើឱ្យការទប់ស្កាត់ និងការឆ្លើយតបការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី (COVID-19)។

ជំនួយមនុស្សធម៌របស់ធនាគារចិននេះ មិនត្រឹមតែចូលរួមចំណែកពង្រឹងសមត្ថភាព ឆ្លើយតបបន្ទាន់ចំពោះបញ្ហា COVID-19 បច្ចុប្បន្ននេះប៉ុណ្ណោះទេ តែវានឹងត្រូវបានប្រើប្រាស់ នៅពេលណាដែលមានការផ្ទុះការរាតត្បាត នៃជំងឺឆ្លងផ្សេងៗនាពេលអនាគត ព្រមទាំងចូលរួមចំណែកលើកកម្ពស់គុណភាពជីវិត របស់ប្រជាជនកម្ពុជាផងដែរ។

សម្ភារបរិក្ខារពេទ្យទាំងអស់នេះរួមមាន៖

១៖ ម៉ាសចំនួន១ម៉ឺន
២៖ វែនតាសុវត្ថិភាព ចំនួន៥០០
៣៖ ម៉ាស N95 ចំនួន១ពាន់
៤៖ សម្លៀកបំពាក់សុវត្ថិភាពរបស់មន្ដ្រីសុខាភិបាលចំនួន២០០សម្រាប់។

សូមជម្រាបថា គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ចំនួនអ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយនៅក្នុងប្រទេសកម្ពុជា បានកើនដល់២៥នាក់ហើយ ក្នុងនោះមានជនជាតិចិនម្នាក់ ជនជាតិអង់គ្លេស៣នាក់ ជនជាតិបារាំង១នាក់ បុរសជនជាតិម៉ាឡេស៊ី១នាក់ និងជនជាតិខ្មែរ១៩នាក់។ ពេលនេះមានអ្នកជំងឺកូវីដ១៩ ចំនួន៨៤នាក់ កំពុងសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យ ដែលក្នុងនោះមានស្រ្តី២៨នាក់ និងបុរស៥៦នាក់៕