(ភ្នំពេញ)៖ កម្លាំងគណៈកម្មាធិការបរយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការត្រួតពិនិត្យ ទំនិញជាច្រើនមុខ ដែលនាំចូលហួសសុពុលភាព និងគេចពន្ធខុសច្បាប់ចំនួន៨១មុខ នៅក្នុងផ្សារទំនើបចិនមួយកន្លែងយីហោ «វ័ងជែរហ្វូ» និងបិទទីតាំងខាងលើនេះជាបណ្តោះអាសន្នផងដែរ។

ទីតាំងដែលគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយចុះមកបិទខាងលើនេះនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី ផ្ទះលេខ៤៥A ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ប្រតិបត្តិការខាងលើនេះដោយមានការចូលរួមពី កម្លាំងគណៈកាម្មាធិការប្រឆាំងផលិតផលក្លែងក្លាយ សហការកម្លាំងមូលដ្ឋានដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តការខាងលើ កម្លាំងសមត្ថកិច្ចបានរកឃើញទំនិញចំនួន ៨១មុខ សង្ស័យគ្មានគុណភាព និងគេចពន្ធ ដែលខាងផដាក់តាំងលក់ មិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវនោះឡើយ សមត្ថកិច្ចបានសម្រេចបិទផ្សារទំនើបមួយនេះជាបណ្តោះអាសន្នតែម្តង៕