(ភ្នំពេញ)៖ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា បានអំពាវនាវយ៉ាងទទូចដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ សូមរក្សាភាពទនភ្លន់ដោះស្រាយបំណុលជាមួយកូនបំណុល និងមិនត្រូវរឹបអូសទ្រព្យបញ្ចាំរបស់កូនបំណុលខ្លួននោះឡើយ ក្នុងពេលដែលកំពុងមានការរីករាលដាលនៃជំងឺកូវីដ១៩។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ លោក គិត សុវណ្ណារិទ្ធ បានបញ្ជាក់ថា «សូមអំពាវនាវដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ សូមរក្សាភាពទនភ្លន់ដោះស្រាយបំណុល ជាមួយកូនបំណុលតាមការណែនាំ របស់ធនាគារជាតិនៃកម្ពុជា និងជៀសវាងដាច់ខាត ក្នុងការរឹបអូសទ្រព្យបញ្ចាំដូចជា ផ្ទះសំបែងរបស់អតិថិជន ក្នុងកំឡុងពេលពួកគាត់កំពុងទទួលរងផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺកូវីដ១៩នេះ»

លោកបានបន្ថែមថា ធនាគារជាតិនៃកម្ពុជា ក៏បានបង្កើតប្រព័ន្ធទូរស័ព្ទ HOTLINE ដើម្បីទទួលព័ត៌មាន ពីផលវិបាករបស់អតិថិជនដែលបានជួបប្រទះ ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ។

សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា បានដាក់ដំណើរការលេខទូរស័ព្ទទំនាក់ទំនងប្រចាំទីស្នាក់ការកណ្ដាល និងតាមបណ្ដាសាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត ដើម្បីទទួលការហៅទូរស័ព្ទពីសាធារណជន ដែលមានចម្ងល់ ឬបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់ សេវាហិរញ្ញវត្ថុនៅកម្ពុជា។ សាធារណជនអាចទូរស័ព្ទ មកកាន់លេខនីមួយៗ ជារៀងរាល់ថ្ងៃចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច៕