(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី០៤ ខែ មករា ឆ្នាំ២០១៦ ក្រុមគណៈកម្មការចំពោះកិច្ចគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានជួបប្រជុំគ្នា នៅវិមានរដ្ឋសភា។ ជាលទ្ធផល នៃកិច្ចជំនួប រវាងគណៈកម្មការចំពោះកិច្ចគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានលើកឡើងពីចំណុចមួយចំនួន ដែលក្រុមសហជីពមិនពេញចិត្តចំនួន២១ចំណុច ដែលក្រុមសហជីពបានដាក់សំណើរមកកាន់ គណបក្សនយោបាយ នៅក្នុងរដ្ឋសភាដើម្បីពិនិត្យ និងកែសម្រួល។

ថ្លែងឲ្យដឹងនៅក្រោយកិច្ចជំនួបនៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៥ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានិង ជាសមាជិកគណៈកម្មការចំពោះកិច្ច របស់គណបក្ស​ប្រជាជនកម្ពុជា បានប្រាប់អ្នកថា ក្នុងចំណុចដែលអង្គការសហជីពដាក់នោះត្រូវបានលើក ឡើងមួយចំណុចម្តងៗតាមមាត្រានៃច្បាប់សហជីព ដែលមាន១៧ជំពូក និង១០០មាត្រា។ នៅក្នុងជំនួបនោះ គណៈកម្មការចំពោះបានពិភាក្សា ឯកភាពគ្នា បាន២មាត្រាគឺ មាត្រា៣និងមាត្រា៤ នៃច្បាប់សហជីព។

លោក សុខ ឥសាន បានពន្យល់ថា «មាត្រា៣ចែងពីវិសាលភាពនៃការដាក់បញ្ចូលអ្វីទៅនៃអង្គការ សហជីព និងមាត្រា៤ រចនាសម្ព័ន្ធ របស់សហជីព គឺក្នុងច្បាប់សហជីពចំនួន៩នាក់ ក្រោយពិភាក្សាគ្នាឯកភាពចំនួន៧នាក់ ហើយសហភាពសម្ព័ន្ធសហជីពចុះមកចំនួន៥ នាក់។ ចំណុចនឹងមិនមែនគណៈកម្មការជាអ្នកសម្រេច ទំាងស្រុងនោះទេ គ្រាន់តែឯកភាពគ្នាតែអ្វីជាអ្នកសម្រេច នឹងដាក់ទៅក្នុងអង្គប្រជុំសភា ជាអ្នកសម្រេច»

ចំណែកលោក សុន ឆ័យ តំណាងគណៈកម្មការចំពោះកិច្ចមក គណបក្សសង្គ្រោះជាតិបានឲ្យដឹងថា ក្នុងពិភាក្សាគ្នានិងឯកភាពគ្នានោះមិនទាន់ សម្រេចយ៉ាងណានោះទេ គឺទុកឲ្យសហជីពជា​អ្នកសម្រេចទទួលយក រឺយ៉ាងណានោះទេ។ លោកបន្តថា ក្នុងជំពូក២ ជាចំណុចសំខាន់មួយ ក្នុងចំណោមចំណុចសំណើ២១ របស់សហជីព ដែលនិយាយពីសមាសភាព នៃការបង្កើតសហជីពមួយ ដែលភាគីគណបក្សប្រជាជនកម្ពុជា ចង់បានច្រើន ប៉ុន្តែសហជីពចង់បានតិច ។ ជាមួយគ្នានោះដែរ លោក សុន ឆ័យថា មាត្រា១៣ មិនបានឯកភាពគ្នានោះទេ គឺការប្រជុំធ្វើកូដកម្មរបស់សហជីព។

កិច្ចជំនួបរវាងគណៈកម្មការចំពោះកិច្ចទាំងពីរ ដែលមានតំណាងមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានឯកភាពគ្នាថា នឹងជួបគ្នាជាថ្មីម្តងទៀតនៅថ្ងៃទី១៣ខែមករា ឆ្នាំ២០១៦ខាងមុខ៕