(​កូឡា​ឡាំ​ពួរ​)៖ រដ្ឋាភិបាល​ម៉ាឡេស៊ី ចង់​បញ្ចូល​កម្មវិធីសិក្សា​ពាក់ព័ន្ធ​នឹង​ក្រុម​ភេរវកម្ម​សម្រាប់​សិស្ស​ថ្នាក់​បឋមសិក្សា ដើម្បី​ឲ្យ​កូន​ក្មេង​ជំនាន់​ក្រោយ​ស្គាល់​ច្បាស់​អំពី​ធាតុ​ពិត​របស់​ក្រុម ISIS មិន​ចង់​ឲ្យ​ពួកក្មេងៗ​ចាញ់បោក​ល្បិច​អូសទាញ​ក្រុម​ឧទ្ទាម នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Channal News Asia នៅ​ថ្ងៃ​ទី​០៥ ខែ​មករា ឆ្នាំ​២០១៦​។​

​លោក Chong Sin Woon អនុ​រដ្ឋមន្ត្រីក្រសួង​អប់រំ​ម៉ាឡេស៊ី បានឲ្យដឹងថា នាពេល​បច្ចុប្បន្ន​នេះ ក្រសួង​អប់រំ​កំពុងតែ​ធ្វើ​ការសហការ​ជាមួយនឹង​ស្ថាន​ប័ន​ប៉ូលិស ដើម្បី​រៀបចំ​ឯកសារ​សង្ខេប​ខ្លីៗ ទាក់ទង​នឹង​អំពើ​ភេរវកម្ម សម្រាប់​ធ្វើ​បទ​បង្ហាញ​ដល់​កូនសិស្ស ក្នុង​គោលដៅ​បំភ្លឺភ្នែក​របស់​ពួកគេ​ឲ្យ​យល់ច្បាស់​ពី​អ្វី​ទៅជា​អំពើ​ភេរវកម្ម និង​អ្វីខ្លះ​ដែល​ជា​ផល​ប៉ះពាល់​។​

​លោក Syawal Jumil ជា​ឪពុក​របស់​សិស្ស​ម្នាក់​បាន​លើកឡើងថា លោក​គាំទ្រ​ទៅលើ​សកម្មភាព​របស់​ក្រសួង​អប់រំ ដោយ​លោក​រំពឹង​ថា រដ្ឋាភិបាល​នឹង​ផ្ដល់​នូវ​ព័ត៌មាន​ជាក់លាក់​ត្រឹមត្រូវ​ដល់​កូនសិស្ស អំពើ​ក្រុម​ភេរ​វករ ជាពិសេស​គឺ​អំពី​ក្រុម ISIS តែម្ដង​។​

​លោក Chong Sin Woon បាន​រំពឹង​ថា គម្រោង​ដាក់បញ្ចូល​កម្មវិធី​សិក្សា​នេះ នឹង​មាន​ប្រសិទ្ធភាព ជាពិសេស​គឺ​បាន​ផ្ដល់​នូវ​ចំណេះដឹង និង​ព័ត៌មាន​លម្អិត​អំពើ​អំពើ​ភេរវកម្ម ដល់​កូនសិស្ស​គ្រប់គ្នា​៕​