(ភ្នំពេញ)៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវ សម្រាប់និសិ្សតឯកទេស គ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍ឆ្នាំទី២ ឆមាសទី១ ជំនាន់ទី១៨ ចំនួន៥០នាក់ ក្នុងមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍នៅដើមឆ្នំា២០១៦នេះ។

ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងសំខាន់ៗពីរ គឺសិក្សាស្វែងយល់ អំពីសក្តានុពលធនធាន និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ នៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលគ្របដណ្តបខេត្តចំនួន៤គឺ ខេត្តកែប កំពត ព្រះសីហនុ និងកោះកុង និងផ្តល់ឱកាសឲ្យនិស្សិត ឯកទេសគ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍ មានលទ្ធភាពក្នុងការយកទ្រឹស្តី ទៅអនុវត្តក្នុងកិច្ចការស្រាវជ្រាវ ស្តីពីការរៀបចំបង្កើត ចាត់ចែង និងគ្រប់គ្រងកញ្ចប់ ខ្សែទស្សនកិច្ចទេសចរណ៍ ធ្វើការប្រៀបធៀបរវាងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។

លោកសាស្រ្តាចារ្យ ស៊ូ គឹមព្រឹទ្ធា ដែលជាអ្នកដឹកនាំខ្សែទស្សនកិច្ចសិក្សានេះបានឲ្យដឹងថា នេះគឺជាដំណើរទស្សនកិច្ចសិក្សា ដ៏មានសារៈសំខាន់មួយ ដោយផ្សារភ្ជាប់ទំនាក់ទំនង ទៅនឹងការគ្រប់គ្រង និងការរៀបចំកញ្ចប់ខ្សែទស្សនកិច្ច ទទួលការកក់សេវាកម្មស្នាក់នៅ និងសេវាកម្មទេសចរណ៍ផ្សេងៗទៀត ក្នុងឧស្សាហកម្មទេសចរណ៍ ដើម្បីឲ្យនិស្សិតមានសមត្ថភាពគ្រប់គ្រាន់ ក្រោយពីបញ្ចប់ការសិក្សា។

លោកសាស្រ្តាចារ្យបន្តថា និស្សិតមិនអាចសិក្សាតែទ្រឹស្តី ក្នុងថ្នាក់រៀនតែមួយមុខបានទេ ចាំបាច់ គឺនិស្សិតត្រូវតែសិក្សាស្វែងយល់បន្ថែម អំពីស្ថានភាពនៃការអនុវត្តជាក់ស្តែង នៅតាមបណ្តាមូលដ្ឋាន សេវាកម្មមួយចំនួន ដែលមានភារកិច្ច ក្នុងការផ្គត់ផ្គង់សេវាកម្មជូន ក្រុមហ៊ុនទេសចរណ៍ដូចជា សណ្ឋាគារទាក់ទងទៅនឹង ការកក់បន្ទប់នីតិវិធីនៃការចុះឈ្មោះស្នាក់   នៅនិងប្រភេទបន្ទប់នានាក្នុងសណ្ឋាគារ។ ដំណើរទស្សនកិច្ចនេះ បានប្រព្រឹត្តទៅរយៈពេលពីរយប់បីថ្ងៃមកនេះ។

ជាលទ្ធផល នៃដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវ ក្រោយពីបញ្ចប់ទស្សនកិច្ចសិក្សារយៈពេល៣ថ្ងៃ២យប់ នៅតាមតំបន់ទេសចរណ៍សំខាន់ៗ ដូចជាឆ្នេរកែប ខេត្តកែប រមណីយដ្ឋានណាត្យា (NATAYA) រមណីយដ្ឋានទឹកឈូ (ខេត្តកំពត) រមណីយដ្ឋានឆ្នេរសុខា (ខេត្តព្រះសីហនុ) និងតំបន់ពាមក្រសោប សហគមន៍ទេសចរណ៍តាតៃ និងរមណីយដ្ឋានទេសចរណ៍ថ្មរូង (ខេត្តកោះកុង) រួចមកនិស្សិតទទួលបាន កាយយល់ដឹងកាន់តែច្បាស់អំពី ៖

- របៀបនៃការបង្កើត អនុវត្ត ចាត់ចែង និងគ្រប់គ្រងកញ្ចប់ខ្សែទស្សនកិច្ចទេសចរណ៍

-  ប្រភេទសេវាកម្មស្នាក់នៅទេសចរណ៍ ដូចជា ដំណើរការ និងការប្រព្រឹត្តទៅរបស់រមណីយដ្ឋាន NATAYA រមណីយដ្ឋានឆ្នេរសុខា (SOKHA RESORT Beach)។

សូមបញ្ជាក់ថា ឯកទេសគ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប  គឺជាឯកទេសមួយដែលកំពុងពេញនិយម និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន នៃអ្នកសិក្សាហើយកម្មសិក្សា ឆ្លើយតបទៅនឹងទីផ្សារការងារថ្នាក់ជាតិតំបន់ និងអន្តរជាតិ។និសិ្សតសិក្សាក្នុងឯកទេសគ្រប់គ្រង សណ្ឋាគារនិងទេសចរណ៍ មានឱកាសធ្វើការអនុវត្ត ដោយផ្ទាល់ជាក់ស្តែងលើ ឯកទេសរបស់ខ្លួន ព្រោះសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានអគារផ្ទាល់ខ្លួន និងមានបន្ទប់ពិសោធន៍សណ្ឋាគារ គ្រប់ប្រភេទសម្រាប់និសិ្សតអនុវត្ត ក្នុងអំឡុងពេលសិក្សារបស់ពួកគេ៕