(ប៉ៃលិន)៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ សហការីនៃសាខា ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តប៉ៃលិន សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យតម្លៃលើផលិតផលមុខទំនិញ ម៉ាស ទឹកសម្លាប់មេរោគ អាល់កុល និងបានស្វែងរកឧបករណ៍សម្រាប់ធ្វើតេស្តរកមេរោគ COVID-19 នៅតាមឱសថស្ថាន ម៉ាត ទីផ្សារ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម។

ជាមួយគ្នានេះមន្រ្តីបានពន្យល់ណែនាំអំពីការឲ្យបិទស្លាកតម្លៃលើ ទំនិញ ម៉ាស ទឹកសម្លាប់មេរោគ អាល់កុល រួមទាំងការចែកជូនទៅម្ចាស់ឱសថស្ថានម៉ាត
នូវសេចក្តីអំពាវនាវស្តីពីការរក្សាថ្លៃទំនិញលើទីផ្សាររបស់ក្រសួងពាណិជ្ជកម្ម នៅក្នុខេត្តប៉ៃលិនផងដែរ។
មន្រ្តីបានឲ្យដឹងថា ជាលទ្ធផលទទួលបានរួមមាន៖

*មិនមានការលក់ឧបករណ៍ធ្វើតេស្តកូវីត-១៩ នោះទេ
*បានដកហូតអាកុលគ្មានស្លាកសញ្ញាចំនួន ៥ដប
*បានដកហូតអាកុល ក្លែងក្លាយចំនួន ២ដប។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា សម្រាប់នៅកម្ពុជា មានតែវិទ្យាស្ថានជាតិស្រាវជ្រាវសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលកំពុងប្រតិបត្តិការ តាមបច្ចេកទេស និងគោលការណ៍ប្រតិបត្តិស្តង់ដារ របស់អង្គការសុខាភាពពិភពលោក ដែលមានការចេញលទ្ធផលទទួលស្គាល់ត្រឹមត្រូវ។

ក្រសួងសុខាភិបាល បានព្រមានថា ជនដែលប្រើឧបករណ៍សម្រាប់តេស្តរហ័សរកមេរោគកូវីដ១៩ មកផ្សព្វផ្សាយជាសាធារណៈ ដោយគ្មានការអនុញ្ញាត ពីក្រសួងសុខាភិបាល នឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕