(បាត់ដំបង)៖ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តបាត់ដំបង បានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យ តម្លៃផលិតផលទំនិញ ម៉ាស និងបានស្វែងរកឧបករណ៍សម្រាប់ធ្វើតេស្តរកមេរោគ COVID-19 នៅតាមផ្សារ ឱសថស្ថាន ឱសថស្ថានរង ក្នុងក្រុងបាត់ដំបង។

លោក ហាក់ សុខរិន ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាប ការក្លែងបន្លំបាត់ដំបង បានថ្លែងថា ក្រុមការងារចុះត្រួតពិនិត្យ តម្លៃផលិតផលទំនិញ ម៉ាស និងបានស្វែងរកឧបករណ៍សម្រាប់ធ្វើតេស្តរកមេរោគ COVID-19 នៅតាមផ្សារ ឱសថស្ថាន ឱសថស្ថានរង ក្នុងក្រុងបាត់ដំបង ហើយជាលទ្ធផលមិនមានឧបករណ៍សម្រាប់ធ្វើតេស្ត មេរោគ COVID-19 លក់នោះទេ។

លោកប្រធានសាខាបានបញ្ជាក់ថា ក្នុងការចុះត្រួតពិនិត្យនេះ បានធ្វើការការណែនាំដល់អាជីវករលក់ដូរនៅតាមផ្សារទូទៅទាំង អស់រាល់ការលក់ទំនិញគ្រឿង ឧបភោគ បរិភោគហូបចុកប្រចាំថ្ងៃ និងការលក់ដូរឱសថនៅតាមឱសថស្ថាន ឱសថស្ថានរងនានា ដោយបាកំណត់ឲ្យបិទស្លាកតម្លៃលក់តម្លៃជាប្រាក់រៀលខ្មែរគ្រប់មុខទំនិញទាំងអស់។

លោកក៏បានអំពាវនាវផងដែរ រាល់ការលក់ ផលិតផលដូចជាម៉ាស ទឹកអាល់កុល ជែលលាងដៃ និងឧបករណ៍ផ្សេងៗទៀតសូមកុំតម្លើងថ្លៃខ្ពស់ខ្លាំងខុសពីធម្មតា គឺត្រូវលក់ក្នុងតម្លៃថោកធម្មតាដូចមុន ដើម្បីកុំឲ្យមានការឆ្លៀតឱកាស និងធ្វើឲ្យប៉ះពាល់ដល់អ្នកទិញយកទៅប្រើប្រាស់ ខណៈដែល COVID-19 កំពុងរីករាលដាលលើសកលលោក ក៏ដូចជានៅក្នុងស្រុក៕