(ភ្នំពេញ)៖ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានបរិច្ចាគជាសម្ភារបង្ការ និងការពារ ដែលគិតជាសាច់ប្រាក់មានចំនួន២០ម៉ឺនដុល្លារ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងជួយសម្រាលការរីករាលដាលនៃវីរុសកូវីដ-១៩នៅក្នុងតំបន់ ព្រមទាំងសម្រាប់ឆ្លើយតបទៅសហគមន៍ដែលកំពុង និងងាយទទួលរងផលប៉ះពាល់បំផុតនៅកម្ពុជា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។

ចាប់ពីថ្ងៃនេះ ក្រុមហ៊ុនកូកា-កូឡា នឹងសហការយ៉ាងស្អិតរមួតជាមួយក្រសួងសុខាភិបាល សាលារាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដើម្បីផ្តល់ជូននូវសម្ភារបង្ការនិងការពារ រួមមាន៖ សាប៊ូ អាល់កុល ឧបករណ៍វាស់កម្តៅ ម៉ាស ឯកសណ្ឋាន-ឧបករណ៍ការពារផ្ទាល់ខ្លួន និងសម្ភារជាសារអប់រំអំពីការបង្ការនៃវីរុស ព្រមទាំងភេសជ្ជៈជូនដល់បុគ្គលិកសុខាភិបាល។

លោក ដេវីដ វ៉ីងហ្គល់វើដ ជានាយកប្រតិបត្តិក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានថ្លែងថា នេះជាពេលវេលាដ៏លំបាកសម្រាប់យើងទាំងអស់គ្នា យើងប្តេជ្ញាយ៉ាងមុតមាំថានឹងព្យាយាមធ្វើគ្រប់យ៉ាងតាមដែលអាចជួយបាន ដើម្បីជួយសម្រាលដល់ស្ថានភាពនាពេលនេះ។

លោកបន្ដថា «អាទិភាពចម្បងរបស់យើងនាពេលនេះ គឺរក្សាសុវត្ថិភាព និងសុខុមាលភាពរបស់បុគ្គលិកយើង ព្រមទាំងសហគមន៍របស់យើងទាំងមូល ហើយយើងសង្ឃឹមថា ការបរិច្ចាគនេះ នឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង ក្នុងកិច្ចការពារសុខភាពសាធារណៈ និងចំពោះសហគមន៍ដែលងាយរងគ្រោះ»។

ជាមួយគ្នានោះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានថ្លែងផងដែរថា «ការចូលរួមរបស់វិស័យឯកជនជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ពិតជាមានសារៈសំខាន់។ យើងសូមកោតសរសើរខ្ពស់ចំពោះក្រុមហ៊ុន កូកា-កូឡា ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ជាពិសេសជាមួយរដ្ឋបាលរាជធានីភ្នំពេញក្នុងគ្រាដ៏លំបាកនេះ»

ការរួមចំណែករបស់ក្រុមហ៊ុន ពិតជាជួយក្នុងការបង្កើនការប្រុងប្រយ័ត្នរបស់ប្រជាជនពីការឆ្លងវីរុសនេះ និងពន្លឿនរាល់គំនិតផ្តួចផ្តើមនានា ដើម្បីការពារសុខភាពសាធារណៈ នៅកម្ពុជា។

ព្រមជាមួយគ្នានោះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានថ្លែងដោយមោទកភាព ចំពោះកិច្ចសហការនេះថា «ការគ្រប់គ្រង និងការរារាំងទប់ស្កាត់វីរុសកូវីដ-១៩ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាកាតព្វកិច្ចរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូបផងដែរ។

ក្នុងន័យនេះ វិភាគទានរបស់ក្រុមហ៊ុន កូកា-កូឡា គឺជាទង្វើដ៏ប្រពៃដែលឆ្លុះបញ្ចាំងពីសាមគ្គីភាពរបស់វិស័យឯកជន ក្នុងចលនាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងនោះបុគ្គលិកសុខាភិបាលគ្រប់កម្រិត ដោយមានការចូលរួមចំណែកពីវិស័យឯកជន ជាពិសេសការយល់ដឹងពីអនាម័យ និងការការពារខ្លួនពីប្រជាជនគ្រប់រូប នឹងធ្វើឲ្យកម្ពុជាអាចទប់ស្កាត់បានជោគជ័យ នូវការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។ យើងមិនអាចពន្យារពេលបានទេ ខ្ញុំច្បាស់ណាស់ថា រួបរួមគ្នា យើងនឹងជោគជ័យ»

នាយកប្រតិបត្តិក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានឱ្យដឹងថា បន្ថែមពីការចូលរួមជាមួយរាជរដ្ឋាភិបាល និងដៃគូសហការទាំងនេះ ក្រុមហ៊ុនកំពុងត្រៀមសកម្មភាពផ្សេងៗទៀត ជាមួយដៃគូពាក់ព័ន្ធ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជាមួយវីរុសរាលត្បាតមួយនេះ «រួមគ្នាដើម្បីសុខភាពសាធារណៈ រួមគ្នាដើម្បីស្ថិរភាពសេដ្ឋកិច្ច៕