(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា នឹងបន្តអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដោយមិនរា ថយនោះឡើយ។ សម្តេចតេជោ បានអះអាង ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីជាមួយវិន័យដ៏តឹងរឹងនេះ ក្នុងបំណងការពារអាយុ ជីវិតរបស់ប្រជាពលរដ្ឋ ហើយមិនអាចពន្យារបានទៀតឡើយ គ្រាគ្រោះថ្នាក់ចរាចរកំពុងគំរាមកំហែងអាយុជីវិតប្រជាពលរដ្ឋយ៉ាងខ្លាំង។

ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស៥មករា នៅជាប់សាលា តិចណូ នាព្រឹកថ្ងៃទី០៥ ខែ មករា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចទទួលបានហើយនូវការសំណូមពរ ក៏ដូចជាការទទូច របស់ប្រជាពលរដ្ឋពាក់ព័ន្ធនិងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ។ សម្តេចបានសូមអ្នកប្រតិកម្មទាំងអស់នោះ ទុកលទ្ធភាពឲ្យរាជរដ្ឋាភិបាល អនុវត្តច្បាប់នេះសិន។

សម្តេចតេជោ បានបញ្ជាក់ថា ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ មិនអាចរាថយបាននោះឡើយ ឬពន្យារពេលបន្តទៅទៀតបាន ឡើយ ត្បិតគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្នកំពុងគំរាមកំហែងអាយុជីវិតប្រជាពលរដ្ឋខ្លាំង។

សម្តេចនាយករដ្ឋមន្រ្តី បានប្រកាសថា ការអនុវត្តន៍ច្បាប់ចរាចរណ៍ ដ៏តឹងរឹងនេះ គឺដើម្បីតែការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ប៉ុណ្ណោះ៕