(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងស្ថានភាពនយោបាយនៅកម្ពុជា និងបរិបទអ្នកមានសញ្ជាតិពីរ ជាអ្នកមានឋានៈខ្ពង់ខ្ពស់ និងជាអ្នកនយោបាយនៅកម្ពុជា។​ បច្ចុប្បន្ននេះបញ្ហាសញ្ជាតិពីរនេះ កំពុងបាននឹងយកមកនិយាយដើម្បីជាកាតព្វកិច្ចក្នុងកិច្ចការពារ ផលប្រយោជន៍សន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម និងការពារផលប្រយោជន៍ជាតិរបស់ខ្លួន។

ខាងក្រោមនេះជាកិច្ចសម្ភាសន៍ទាំងស្រុងរវាង Fresh News ជាមួយលោក ផៃ ស៊ីផាន់ មន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា៖ 

Fresh News: នៅក្នុងបរិបទសញ្ជាតិពីរ និងហេតុផលនយោបាយនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះ និងដោយសារឯកឧត្តមជាអ្នកមានសញ្ជាតិពីរ ដែលមានតួនាទីខ្ពស់នៅក្នុងរាជរដ្ឋាភិបាលផងដែរ តើឯកឧត្តម មានមតិបែបណាដែរ នៅក្នុងបរិបទនេះ?

លោក ផៃ ស៊ីផាន៖ សូមថ្លែងអំណរគុណចំពោះសំណួរដ៏ល្អនេះ ដែលស្ថិតនៅក្នុងបច្ចុប្បន្នភាពនយោបាយកម្ពុជា។ យើងដឹងហើយថា ប្រជាពលរដ្ឋនីមួយៗ មិនថាប្រទេសតូច ឬធំ និងមាននិន្នាការនយោបាយគ្រប់គ្រងប្រភេទណានោះឡើយ គឺប្រជាពលរដ្ឋ នៃប្រជាជាតិនីមួយៗ គឺមានកាតព្វកិច្ចឆ្លើយតបទៅនិងច្បាប់ដែនដីរបស់គេ នៅក្នុងនោះផងដែរកាតព្វកិច្ចក្នុងកិច្ចការពារផលប្រយោជន៍សន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម ព្រមជាមួយនិងអធិបតេយ្យភាពច្បាប់នៅនិងកន្លែង បន្ថែមពីកិច្ចការពារផលប្រយោជន៍ជាតិរបស់ខ្លួន ប្រជាពលរដ្ឋម្នាក់ៗនោះ ក៏ត្រូវតែមានភាពសុច្ចរិត ចំពោះផលប្រយោជន៍ និងរក្សាទំនុកចិត្តរបស់រដ្ឋ។

ឧទាហរណ៍ជាក់ស្តែង នៅសហរដ្ឋអាមេរិក គេតម្រូវឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងសហរដ្ឋអាមេរិក បង្ហាញនូវសញ្ជាតិផ្ទាល់ខ្លួនគឺអាមេរិកាំង ដែលអាចទទួលបានការងារណាមួយដែលពាក់ព័ន្ធនិងសន្តិសុខជាតិ ឬជាការងារនយោបាយ។ ការងារធំៗ ឬទទួលខុសត្រូវខ្ពស់ បុគ្គលនោះត្រូវតែធ្វើរបាយការណ៍ជាប្រចាំក្នុងកិច្ចជួបជាមួយជនបរទេស ឬធ្វើដំណើរទៅក្រៅប្រទេស។ នគរបាលសហព័ន្ធ FBI ឬមួយនគរបាលសម្ងាត់របស់សហរដ្ឋអាមេរិក CIA ក៏តម្រូវឲ្យកាតព្វកិច្ចក្នុងកិច្ចការឃ្លាំមើលដល់ជនគ្រប់រូបដែលអាច ឬបង្ករបញ្ហាធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍សន្តិសុខរបស់អាមេរិកាំង។ ដូច្នេះប្រជាពលរដ្ឋអាមេរិកាំងដែលទទួលបន្ទុកការងារ ពាក់ព័ន្ធនិងសន្តិសុខជាតិរបស់អាមេរិកាំង ឬផលប្រយោជន៍នយោបាយរបស់អាមេរិកាំង ពុំមានសេរីភាពទូលំទូលាយ ដូចសាធារណៈជនអាមេរិកាំងឡើយ។ ទំនុកចិត្តរបស់រដ្ឋ ឬសុច្ចរិតភាពចំពោះផលប្រយោជន៍របស់រដ្ឋ គឺជាសារៈសំខាន់ខ្ពស់សម្រាប់អ្នកមានការងារពាក់ព័ន្ធនិងសន្តិសុខជាតិ ឬអ្នកនយោបាយពាក់ព័ន្ធនិងផលប្រយោជន៍ជាតិ។

ភាគតិចណាស់ដែលមានអ្នកតែងច្បាប់ អ្នកទទួលបន្ទុកការងាររដ្ឋ ដែលមានសេរីភាពអូសទាញជនបរទេស ដូចជា ចិន រុស្ស៊ី ឲ្យទៅប្រឆាំងនិងរដ្ឋាភិបាលជាប់ឆ្នោត ឬអង្គការសាធារណៈអាមេរិកាំងណាមួយ គឺត្រូវតែឋិតនៅក្នុងច្បាប់ រដ្ឋធម្មនុញ្ញ ដែលជាអធិបតេយ្យភាព និងផលប្រយោជន៍របស់ជាតិគេ មិនថាគណបក្សភាគតិច ឬគណបក្សប្រឆាំងរាល់ជំនាន់កន្លងមកហើយ។ គេប្រទះឃើញនូវការចាត់វិធានការ ផ្លូវច្បាប់ចំពោះជនជាតិអាមេរិកាំង ដែលពាក់ព័ន្ធជាមួយនិងបរទេស ដែលប៉ះពាល់ផលប្រយោជន៍ និងទំនុកចិត្តរបស់រដ្ឋអាមេរិកាំង ដែលគេចោទ ឬដាក់បន្ទុកថាជាចារកម្ម។ នៅក្នុងករណីនេះផងដែរ នៅកម្ពុជា លោក សម សារី ក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាប់កំហុស ជាជនក្បត់ផលប្រយោជន៍ជាតិ ចូលដៃជាមួយបរទេស ប្រឆាំងនិងផលប្រយោជន៍ជាតិ ដែលពេលនោះ រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរអព្យាក្រិត្យ។

ករណីមួយទៀត នៅសហរដ្ឋអាមេរិក តាមបទសម្ភាសន៍របស់ទូរទស្សន៍សហរដ្ឋអាមេរិក ABC នៅក្នុងទសវត្ស ៨០ បានធ្វើបទយកការណ៍ស្តីអំពី ឯកឧត្តម នាយឧត្តមសេនីយ៍ សាក់ សុតសាខន ដែលធ្វើចលនានៅតាមព្រំដែន ប្រឆាំងនិងរដ្ឋកម្ពុជា ដែលផ្ទុយនិងគោលនយោបាយរបស់រដ្ឋាភិបាលអាមេរិកាំង ដែលសម្រេចបញ្ចប់ប្រតិបត្តិការសង្គ្រាមនៅឥណ្ឌូចិន។ សហរដ្ឋអាមេរិក ពុំមានចែងតាមរយៈច្បាប់ណាមួយ ដែលទទួលស្គាល់សញ្ជាតិនោះទេ ក៏ដូចគ្នានៅកម្ពុជាពុំមានច្បាប់ណាមួយទទួលស្គាល់សញ្ជាតិពីរនោះដែរ។ ខ្ញុំចាំបានថា ខ្លួនខ្ញុំផ្ទាល់នៅពេលមុនដែលខ្ញុំវិលត្រលប់មកចូលរួមនយោបាយជាមួយគណបក្សប្រជាជន មេធាវីរបស់ខ្ញុំក៏បានរំលឹកខ្ញុំផងដែរថា សញ្ជាតិអាមេរិកាំងរបស់ខ្លួនខ្ញុំផ្ទាល់មិនមានអានុភាពទៅលើច្បាប់នៃដែនដីកម្ពុជានោះឡើយ។  ក៏ប៉ុន្តែខ្ញុំមិនអាចស្ថិតនៅក្នុងឯកសណ្ឋានកងប្រដាប់អាវុធណាមួយ ធ្វើចលនាប្រឆាំងនិងផលប្រយោជន៍អាមេរិកាំងបានឡើយ។ ដូចនេះខ្ញុំមានសញ្ជាតិពីរ មួយជាមាតុប្រទេសរបស់ខ្ញុំ មួយទៀតសហរដ្ឋអាមេរិកជាទីតាំងស្នាក់នៅអចិន្ត្រៃយ៍ ដែលជាកន្លែងផលសញ្ជាតិទីពីរឲ្យខ្ញុំ។

Fresh News: ឯកឧត្តម បានបំរើរាជរដ្ឋាភិបាលកម្ពុជា ពាក្យសំដីមួយចំនួន ហាក់ដូចជាអវិជ្ជមានជាមួយនិងអ្នកនយោបាយសហរដ្ឋអាមេរិក តើឯកឧត្តម អាចប្រឈម និងផលប្រយោជន៍របស់សហរដ្ឋអាមេរិកយ៉ាងណាដែរ?

លោក ផៃ ស៊ីផាន៖ អរគុណ នៅក្នុងចម្លើយរបស់ខ្ញុំ ខ្ញុំសូមថ្លែងអំណរគុណជូនចំពោះវីរបុរស ០៧ មករា ដែលធ្វើឲ្យខ្ញុំ ក៏ដូចជាបងប្អូនខ្មែរអាមេរិកាំង មួយចំនួនធំមានជីវិត និងឱកាសបានទៅរស់នៅសហរដ្ឋអាមេរិក និងទទួលបានសញ្ជាតិអាមេរិកាំងនេះ ជាមួយនិងការស្វាគមន៍ដ៏កក់ក្តៅដែលអនុញ្ញាតឲ្យខ្ញុំបានមកចូលរួមបំពេញភារកិច្ចការពារ និងអភិវឌ្ឍប្រទេសជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ។

អ្វីដែលខ្ញុំលើកឡើងឆ្លើយតបជាមួយ និងអ្នកនយោបាយអាមេរិកាំងមួយចំនួន គឺដើម្បីផលប្រយោជន៍ការពិត រួមជាមួយនិងការពង្រឹងនៃការយល់ដឹងរបស់អ្នកនយោបាយមួយចំនួនតូចនោះ ហើយការលើកឡើងរបស់ខ្ញុំ មិនមែនជាការតតាំងនោះទេ ក៏ប៉ុន្តែជាកិច្ចពង្រឹងសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកឲ្យរឹតតែល្អប្រសើរឡើង ត្បិតគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ គឺកិច្ចប្រឹងប្រែងរក្សានូវតម្លៃឯករាជ្យរបស់ជាតិកម្ពុជា និងគោលនយោបាយអព្យាក្រិត្យរបស់កម្ពុជា ដែលជាលទ្ធភាពរក្សាបាននូវតុល្យភាពរវាងលោកខាងលិច និងលោកខាងកើត ជាពិសេសកម្ពុជាក៏ជាប្រជាតិមួយ ដែលត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាមេរិក ដែលមានអគ្គរដ្ឋទូតប្រចាំរាជធានីភ្នំពេញ។ អធិបតេយ្យភាព និងឯករាជ្យជាតិ ជាជំហររបស់រាជរដ្ឋាភិបាលតេជោ ក៏ជាកាតព្វកិច្ចរបស់ខ្ញុំដែរ។ ប្រទេសទាំងអស់ក្នុងលោក រាជរដ្ឋាភិបាលកម្ពុជា មិនមានភាពរើសអើង ឬមានជំហរអ្វីមួយនោះឡើយ ។ អាស្រ័យហេតុដូចនេះ ក្នុងនាមខ្ញុំផ្ទាល់ជាសមាជិករបស់រាជរដ្ឋាភិបាលកម្ពុជា កាតព្វកិច្ចរបស់ខ្ញុំ គឺមិនក្បត់និងផលប្រយោជន៍ជាតិ និងមាតុប្រទេសរបស់ខ្ញុំ សុច្ចរិតជាមួយនិងរាជរដ្ឋាភិបាល និងឆន្ទៈរបស់ប្រជាពលរដ្ឋរបស់ខ្ញុំ។

Fresh News: ខ្ញុំបានមើលឃើញហាក់ដូចជាមានភាពស្មុគស្មាញណាស់ ចំពោះកាតព្វកិច្ចរបស់រដ្ឋ ឆ្លើយតបនិងសញ្ជាតិបរទេសរបស់ ឯកឧត្តម តើឯកឧត្តម មានបញ្ហាស្មុគស្មាញដូចខ្ញុំមើលឃើញនេះដែរឬទេ?

លោក ផៃ ស៊ីផាន៖ អរគុណ ខ្ញុំគ្មានភាពស្មុគស្មាញចំពោះកាតព្វកិច្ចរបស់ខ្ញុំឆ្លើយតបនិងការងាររបស់ខ្ញុំនោះទេ អាស្រ័យដោខ្ញុំបានសម្រេចចិត្តថាខ្ញុំវិលត្រលប់មកបំរើ និងចូលរួមកសាងមាតុភូមិរបស់ខ្ញុំ។ ខ្ញុំក៏បានស្បថចំពោះមុខព្រះភក្រព្រះមហាក្សត្ររបស់ខ្ញុំ និងនាយករដ្ឋមន្ត្រីរបស់ខ្ញុំ ពាក្យសម្បថនោះ ដែលខ្ញុំយល់ឃើញថា ជាកាតព្វកិច្ចស្នូលរបស់ខ្ញុំ ដូចបានថ្លែងថា “ទូលព្រះបង្គុំយើងខ្ញុំ សូមប្តេជ្ញារក្សាទុកជានិច្ចទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវអព្យាក្រិត្យភាព និងភាពមិនចូលបក្សសម្ព័ន្ធ សម្រាប់កម្ពុជា ហើយមិនអនុញ្ញាតិជាដាច់ខាតឲ្យជនណាក៏ដោយ ដែលចង់ជ្រៀតជ្រែតចូលក្នុងផ្ទៃក្នុងនៃកម្ពុជា ឬមកបង្គាប់បញ្ជា ចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជាបានឡើយ។ ទូលព្រះបង្គុំយើងខ្ញុំមិនបំរើជាដាច់ខាតនូវផលប្រយោជន៍បរទេស ហើយធ្វើឲ្យខូតខាតដល់ផលប្រយោជន៍ របស់ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិកម្ពុជាឡើយ”។ នេះជាកាតព្វកិច្ចថ្មីរបស់ខ្ញុំ បន្ទាប់ពីវិលត្រលប់មកកាន់មាតុភូមិរបស់ខ្ញុំ។

Fresh News: តើឯកឧត្តម យល់ឃើញយ៉ាងណាដែរ ចំពោះនិន្នាការសញ្ជាតិតែមួយក្នុងកិច្ចបំរើជាតិ ដែលមានឋានៈខ្ពង់ខ្ពស់ ជាអ្នកនយោបាយ?

លោក ផៃ ស៊ីផាន៖ អាស្រ័យដោយច្បាប់របស់ខ្មែរ មិនបានចែងក្នុងការទទួលស្គាល់សញ្ជាតិពីរ ដូច្នេះសញ្ជាតិមួយ គឺជាគោលការណ៍ឆ្លើយតបនិងច្បាប់របស់រដ្ឋ ហើយជាសញ្ជាតិផ្លូវការ និងឆ្លើយតបនិងច្បាប់រដ្ឋ។ សញ្ជាតិទីពីរ មិនត្រូវទទួលបានជាផ្លូវការនោះឡើយ ហើយក៏គ្មានឥទ្ធិពលចូលមកជ្រៀតជ្រែកនៅក្នុងច្បាប់ខ្មែរនោះដែរ។ ដូចនេះសញ្ជាតិខ្មែរ មិនត្រឹមតែលក្ខខ័ណ្ឌនៃការងារនយោបាយ ឬមន្ត្រីនយោបាយតែប៉ុណ្ណោះទេ ក៏ប៉ុន្តែវាបង្ហាញនូវភាពឯករាជ្យ និងអធិបតេយ្យភាពជាតិ ដែលមានសុពលភាពផ្លូវការច្បាស់លាស់។ ឧទាហរណ៍ជាក់ស្តែង នៅសហរដ្ឋអាមេរិក មន្ត្រីការងារទូតដែលតាំងនៅក្នុងទឹកដីសហរដ្ឋអាមេរិក ត្រូវតែមានសញ្ជាតិមិនមែនអាមេរិកាំង ក៏ប៉ុន្តែបើជនជាតិអាមេរិកាំង ក្លាយខ្លួនទៅជាមន្ត្រីទូតតំណាងបរទេស និងការពារផលប្រយោជន៍បរទេស គឺអាមេរិកាំងរក្សាសិទ្ធិទទួលស្គាល់ គឺចាត់ទុកជាមន្ត្រីទូតកិត្តិយសប៉ុណ្ណោះ។ មន្ត្រីទូតកិត្តិយសទាំងនោះ គឺស្ថិតនៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក៕