(ស្ទឹងត្រែង)៖ លោក ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាល និងជាប្រធានប្រយុទ្ធជំងឺឆ្លងខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារសុខាភិបាល សហការជាមួយព្រះរាជអាជ្ញា សាលាក្រុង នគរបាល និងអាវុធហត្ថ បានចុះត្រួតពិនិត្យនៅតាមឱសថស្ថានគ្លីនិក បន្ទប់ថែទាំនៅក្នុងក្រុងស្ទឹងត្រែង ដើម្បីពិនិត្យរកមើលការលួចលាក់លក់តេស្តរហ័ស និងថ្នាំខុសច្បាប់សម្រាប់ព្យាបាលជំងឺ COVID-19 និងការលក់អាល់កុលមិនមានប្រភពច្បាស់លាស់ ព្រមទាំងបានណែនាំដល់គ្លីនិក បន្ទប់ពិគ្រោះ និងបន្ទប់ថែទាំឱ្យអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីមិនអនុញ្ញាតឱ្យព្យាបាលជំងឺ COVID-19 នៅសេវាឯកជន។

ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងនាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដោយបានត្រួតពិនិត្យឱសថស្ថានចំនួន ១២កន្លែង គ្លីនិកបន្ទប់ថែទាំចំនួន៦ នៅក្នុងក្រុងស្ទឹងត្រែង ជាពិសេសមន្ទីរសុខាភិបាល និងអាជ្ញាធរ បានណែនាំជាដាច់ខាតមិនឱ្យមានការលក់តម្លើងថ្លៃហួសហេតុ ពិសេសណែនាំហាមមិនឱ្យលក់ឧបករណ៍រកមេរោគ COVID-19 ខុសច្បាប់នោះឡើយ។

លោក ទន វុទ្ធី ក៏សំណូមពរដល់អាជីវករកលក់ឱសថទាំងអស់ សូមជួយសហការជាមួយអាជ្ញាធរ ដើម្បីមានវិធានការក្នុងកាទប់ស្កាត់ការលក់ឧបករណ៍តេស្តរកមេរោគ COVID-19 ដោយគ្មានបញ្ជាក់ពីក្រសួងសុខាភិបាលកម្ពុជា។

លោក ទន វុទ្ធី បានស្នើឱ្យប្រគល់ឧបករណ៍តេស្តមកឱ្យអាជ្ញាធរជាបន្ទាន់ បើកន្លែងអស់លោកលោកស្រីមាន។ កុំសមត្ថកិច្ចរកឃើញថា តាមឱសថស្ថានរបស់ខ្លួនមានឧបករណ៍តេស្តនេះ អាជ្ញាធរនឹងចាត់ការតាមផ្លូវច្បាប់គ្មានការលើកលែងនោះឡើយ។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល បានឱ្យដឹងថា បច្ចុប្បន្នមានការផលិតឧបករណ៍ធ្វើតេស្តរហ័សច្រើន តែរហូតដល់ពេលនេះ នៅមិនទាន់មានឧបករណ៍ធ្វើតេស្តរហ័សរកមេរោគ COVID-19 ប្រភេទណាមួយដែលមានការបញ្ជាក់ទទួលស្គាល់ពី អង្គការសុខភាពពិភពលោកនូវភាពត្រឹមត្រូវ និងប្រសិទ្ធភាពនៅឡើយទេ។

ក្រសួងបានបញ្ជាក់ថា សម្រាប់នៅកម្ពុជា មានតែវិទ្យាស្ថានជាតិស្រាវជ្រាវសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលកំពុងប្រតិបត្តិការ តាមបច្ចេកទេស និងគោលការណ៍ប្រតិបត្តិស្តង់ដារ របស់អង្គការសុខាភាពពិភពលោក ដែលមានការចេញលទ្ធផលទទួលស្គាល់ត្រឹមត្រូវ។

ក្រសួងសុខាភិបាល បានព្រមានថា ជនដែលប្រើឧបករណ៍សម្រាប់តេស្តរហ័សរកមេរោគកូវីដ១៩ មកផ្សព្វផ្សាយជាសាធារណៈ ដោយគ្មានការអនុញ្ញាត ពីក្រសួងសុខាភិបាល នឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

សូមបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស១៣នាក់ ក្នុងនោះមានជនបរទេស៥ និងខ្មែរ៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងការផលិត និងលក់ឧបករណ៍ក្លែងក្លាយ សម្រាប់ធ្វើតេស្ត និងការពារមេរោគកូវីដ១៩ ក្នុងរយៈពេល២ថ្ងៃនេះ។ នេះបើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា មនុស្ស៩នាក់នោះ ត្រូវបានឃាត់ខ្លួនពេលសមត្ថកិច្ចបើកប្រតិបត្តិការបង្រ្កាបទូទាំងប្រទេសចំនួន១២ករណី ក្នុងនោះមាន៩ករណីនៅក្នុងរាជធានីភ្នំពេញ ២ករណីនៅខេត្តព្រះសីហនុ និង១ករណីក្នុងខេត្តសៀមរាប ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្នុងចំណោមមនុស្ស១៣នាក់ ដែលត្រូវឃាត់ខ្លួននោះ ក៏មាន៤នាក់ ត្រូវបានសមត្ថកិច្ចអប់រំ ហើយអនុញ្ញាតទៅផ្ទះវិញ និង៩នាក់ កំពុងស្ថិតនៅក្នុងនីតិវិធីរបស់សមត្ថកិច្ច៕