(សៀមរាប)៖ ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានថ្លែងថា នៅពេលឆាប់ៗខាងមុខនេះ អ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្ដសៀមរាបចំនួនទាំង៦នាក់ និងអាចជាសះស្បើយជាបន្ដបន្ទាប់ បន្ទាប់ពីបុរសជនជាតិខ្មែរអាយុ៣៨ឆ្នាំ បានព្យាបាលជាសះស្បើយ ត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនកាលពីម្សិលមិញនេះ។

លោកវេជ្ជបណ្ឌិត បានថ្លែងប្រាប់អង្គភាពព័ត៌ភាពមាន Fresh News នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះទៀតថា រហូតមកដល់ពេលនេះ នៅខេត្ដសៀមរាប មានករណីវិជ្ជមានកូវីដ១៩ ចំនួន៧នាក់ (២នាក់ជនជាតិឥណ្ឌូនេស៊ី និង៥នាក់ជាជនជាតិខ្មែរ) ដែលបូកបញ្ជូលទាំងករណីថ្មី២នាក់ម្ដាយ និងកូនប្រុសបន្ថែមទៀត ដែលក្រសួងបានប្រកាសនៅព្រឹកមិញនេះ ដែលបានឆ្លងពីបុរសម្នាក់ មានផ្ទុកកូវីដ១៩ ក្រោយពេលត្រឡប់ពីចូលរួមបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី។

ដូច្នេះក្នុងចំណោមអ្នកជំងឺកូវីដ១៩ទាំង៧នាក់នេះ ក៏មានបុរសជនជាតិខ្មែរម្នាក់ បានជាសះស្បើយ និងចេញពីពេលមន្ទីរពេទ្យ ត្រលប់ទៅគេហដ្ឋានរបស់ខ្លួនកាលរសៀលម៉ោង៣ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះផងដែរ។

ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប បានគូសបញ្ជាក់ថា «សម្រាប់អ្នកជំងឺកូវីដ១៩ ទាំង៦នាក់នេះ គឺបានដាក់ដោយឡែក ដើម្បីថែទាំព្យាបាលពីក្រុមគ្រូពេទ្យជំនាញរបស់យើង ដែលបានបែងចែកជាបីក្រុមយ៉ាងម៉ត់ចត់ ហើយយើងនឹងសង្ឃឹមថា ពួកគាត់នឹងជាសះស្បើយឆាប់ៗនេះ»

សូមជម្រាបថា អ្នកឆ្លងជំងឺកូវីដ១៩ សរុបកើនដល់១០៩នាក់ បើគិតត្រឹមព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ។ បើគិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ រហូតដល់ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ ចំនួនអ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយនៅក្នុងប្រទេសកម្ពុជា បានកើនដល់២៣នាក់ហើយ ក្នុងនោះមានជនជាតិចិនម្នាក់ ជនជាតិអង់គ្លេស៣នាក់ ជនជាតិបារាំង១នាក់ និងជនជាតិខ្មែរ១៨នាក់។ ពេលនេះមានអ្នកជំងឺកូវីដ១៩ ចំនួន៨៦នាក់ កំពុងសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យ ដែលក្នុងនោះមានស្រ្តី២៨នាក់ និងបុរស៥៨នាក់។

ខាងក្រោមជាសកម្មភាពអ្នកជំងឺកូវីដ១៩ នៅខេត្តសៀមរាប ហាត់ប្រាណ​ដើម្បីសុខភាព ព្រមទាំងជួយក្នុងការព្យាបាលឆាប់ជាសះស្បើយ៖