(កណ្ដាល)៖ កម្លាំងនគរបាលស្រុកកោះធំ សហការជាមួយកម្លាំងនគរបាលជំនាញខេត្ត ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ​ស្នងការនគរបាលខេត្ត បានតាមចាប់ខ្លួនចោរ ប្លន់ជនជាតិចិនម្នាក់ ក្រោយធ្វើសកម្មភាពចូលទៅចាក់ប្លន់ជនជាតិវៀតណាម ២នាក់ប្ដីប្រពន្ធ តែមិនបានសម្រេចនាយប់ថ្ងៃទី៣០ ខែមីនា នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

មន្រ្តីនគរបាលខេត្តកណ្តាល បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលនៅព្រឹកថ្ងៃទី៣១ ខែមីនានេះថា មុនពេលកើតហេតុ បន្ទាប់ពីលក់ដូររួច ជនរងគ្រោះ២នាក់ប្ដីប្រពន្ធ បានចូលដេកលើគ្រែក្នុង រោងកន្លែងលក់ដូរ។ ពេលនោះជនសង្ស័យ បានចូលមកធ្វើសកម្មភាពកាប់លើជនរងគ្រោះជាច្រើនកាំបិត ២នាក់ប្ដីប្រពន្ធ បណ្ដាលរងរបួសធ្ងន់។

រួចហើយបានប្រតាយប្រតប់គ្នា ហើយជនរងគ្រោះជាប្រពន្ធ បានស្រែកហៅអ្នកលក់ផ្លែឈើនៅក្បែរនោះឲ្យជួយ តែភ្លាមៗនោះជនសង្ស័យបានរត់គេចចេញពីកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះ ត្រូវបានអ្នកជិតខាងយកទៅសង្គ្រោះព្យាបាលនៅប្រទេសវៀតណាម។

នគរបាលបន្តថា ជនរងគ្រោះជាប្ដីឈ្មោះ ង្វៀង យ៉ាំងយ៉ុង អាយុ៥៩ឆ្នាំ លក់គុយទាវ និងប្រពន្ធឈ្មោះ ដង ធីយឹង អាយុ៥៧ឆ្នាំ មុខរបរលក់គុយទាវ អ្នកទាំងពីរមានទីលំនៅភូមិឃុំកើតហេតុ។ រីឯជនសង្ស័យឈ្មោះ លី លាំងហាវ អាយុ៣២ឆ្នាំ។

សម្រាប់ករណីនេះ កម្លាំងកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕