(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោកអភិបាល ឃួង ស្រេង បានអញ្ជើញប្រគល់អំណោយរបស់សាលារាជធានីភ្នំពេញ ជូនរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចែកជូនបន្តសង្កាត់ទាំង៧, មន្ទីរពេទ្យបង្អែកចំនួន១, មណ្ឌលសុខភាពចំនួន៣ និងផ្សារទាំង៣ យកទៅប្រើប្រាស់ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងជាមួយមេរោគ COVID-19 ដែលកំពុងតែរីករាលដាល និងកំពុងកើតឡើងនៅពេលនេះ។

សំភារៈដែលបានប្រគល់ជូនរដ្ឋបាលខណ្ឌ នាឱកាសនេះរួមមាន៖ អាល់កុលចំនួន ១៤កាន, ទែម៉ូមែត្រចំនួន ១៨គ្រឿង, ខិត្តប័ណ្ណអប់រំចំនួន ២៨០០សន្លឹក, ខិត្តប័ណ្ណ UNICEF ចំនួន ២៨០សន្លឹក ,ម៉ាសចំនួន ៨ប្រអប់ និងសាប៊ូ ចំនួន ២៤ធុង។

ក្នុងឱកាសប្រគល់ និងទទួលអំណោយនេះ លោក នួន ផារ័ត្ន បានថ្លែងថា ដើម្បីប្រយុទ្ធប្រឆាំងនិងមេរោគកូវីដ១៩ ឱ្យមានប្រសិទ្ធភាព វាអាស្រ័យលើកត្តា ៣ជាចំបង៖

*ទី១៖ កត្តាសំភារៈដូចដែលមាននៅចំពោះមុខនេះស្រាប់
*ទី២៖ ចំណេះដឹង វាអាស្រ័យលើប្រជាពលរដ្ឋ មានការយល់ដឹងពីជម្ងឺនេះជាអ្វី? ឆ្លងរបៀបណា? ការពារខ្លួនរបៀបណា?
*ទី៣៖ គឺមនសិការបើគ្រាន់តែមានសំភារៈ និងការយល់ដឹងតែគ្មានឆន្ទៈចូលរួមទេ ក៏គ្មានប្រសិទ្ធភាពអ្វីដែរ។

លោកបានផ្តាំឱ្យបណ្តាសង្កាត់ទាំងអស់ អប់រំប្រជាពលរដ្ឋឱ្យមានការយល់ដឹងឱ្យបានច្បាស់អំពីវីធីការពារខ្លួន ពិសេសផ្អែកលើខិត្តប័ណ្ណអប់រំទាំងពីរប្រភេទនេះ ដើម្បីឱ្យគាត់ចេះការពារខ្លួន ដោយខ្លួនឯង។ ជាមួយនេះដែរ ត្រូវគ្រប់គ្រងឱ្យបានចំពោះប្រជាពលរដ្ឋ ចំណូលស្រុកមកពីក្រៅប្រទេស ត្រូវតាមដានពីស្ថានភាពសុខភាពរបស់ពួកគាត់ឱ្យបានដិតដល់ បើមានករណីសង្ស័យ ត្រូវផ្តល់ព៌តមានដល់ផ្នែកសុខាភិបាល ឱ្យចុះទៅអន្តរាគមន៍ជាបន្ទាន់។

លោកបានបន្តថា «ទន្ទឹមនឹងនេះ ពេលដែលរាជរដ្ឋាភិបាលមានវិធានការតឹងរឹង ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺនេះ អាចមានផលប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចនេះត្រូវស្រង់ស្ថិតិ ប្រជាពលរដ្ឋដែលជួបបញ្ហខ្វះខាតជីវភាព រាយការណ៍មករដ្ឋបាលខណ្ឌ ដើម្បីចាត់វិធានការណ៍ជួយសម្រាលបន្ទុកខ្វះខាតរបស់ពួកគាត់ ឱ្យបានទាន់ពេលវេលា មិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយអត់បាយ ដែលយើងបានដឹងហើយ តែមិនបានជួយគាត់នោះឡើយ»