(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីចុះប្រគល់អំណោយ មនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអំណោយរបស់រដ្ឋបាលខេត្តកំពតជូនដល់អាជ្ញាធរ និងអនុសាខាកាកបាទក្រហមក្រុង ស្រុកទាំង៨ ក្នុងខេត្ត សម្រាប់យកទៅបម្រើសកម្មភាព ប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅបណ្ដា ឃុំ សង្កាត់ទាំង៩៣ ក្នុងខេត្តកំពត ដែលពិធីប្រគល់នេះធ្វើឡើងនៅសាលាខេត្តកំពត។

លោក ជាវ តាយ បានឱ្យដឹងថា ក្រោយពេលមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា អាជ្ញាធរខេត្តកំពត បានខិតខំប្រឹងប្រែងធ្វើកិច្ចការងារជាច្រើនដូចជា ការចុះអប់រំផ្សព្វផ្សាយ អំពីជំងឺកូវីដ១៩ ចុះណែនាំអំពីវិធីបង្ការ ការធ្វើអនាម័យរស់នៅតាមមូលដ្ឋាន ចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមតំបន់ និងមូលដ្ឋានប្រឈម នឹងការឆ្លងមេរោគជាច្រើនកន្លែង។

ថ្មីៗនេះរដ្ឋបាលខេត្ត ក៏បានរៀបចំបន្ទប់ត្រៀមបម្រុងសម្រាប់ដាក់អ្នកជំងឺកូវីដ ក្នុងករណីឆ្លងជាង ១៥០បន្ទប់ មានទាំងផ្ទះសំណាក់ និងអគារសាលារៀន ហើយរហូតមកដល់ពេលនេះខេត្តកំពត មានអ្នកឆ្លងជំងឺកូវីដ១៩ តែពីរករណីប៉ុណ្ណោះ និងបានព្យាបាលជាសះស្បើយ ចំនួន១នាក់ផងដែរ។

លោកអភិបាលខេត្ត ក៏បានសម្ដែងអំណរគុណ និងកោតសរសើរព្រមទាំងបានចាត់ទុកសកម្មភាពទាំងអស់ខាងលើ មិនអាចខ្វះបានឡើយ ពីការចូលរួមជំរុញលើកទឹកចិត្តតាមរយៈអំណោយ ជាសម្ភារ ថវិការបស់សប្បុរសជន និងសកម្មភាពរបស់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នកាកបាទក្រហម គ្រប់ថ្នាក់ គ្រប់ផ្នែកព្រមទាំង កម្លាំងយុវជន និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលបានខិតខំយកចិត្តទុកដាក់អស់កម្លាំងកាយចិត្ត ក្នុងការចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ឲ្យយល់ដឹងអំពីវិធានការ ការពារ និងបង្ការជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវនេះ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា អំណោយដែលបានប្រគល់នាពេលនេះ គឺពិតជាការរួមចំណែកក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ និងដើម្បីជួយរំលែក ការលំបាក ខ្វះខាត សម្រាប់ប្រជាពលរដ្ឋផង និងអ្នកដែលចុះបំពេញបេសសកម្ម ការពារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ផង ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់អំពាវនាវ និងណែនាំដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ រួមគ្នាប្រយុទ្ធនឹងជំងឺឆ្លងកូវីដ១៩ ដែលជាជំងឺរាតត្បាតជាសកល។

លោក ជាវ តាយ ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរ និងអនុសាខាកាកបាទក្រហមថ្នាក់ក្រុង ស្រុក ទាំង៨ ក្រោយពីទទួលអំណោយ អង្ករ និងសំភារៈប្រើប្រាស់ពេលនេះ ត្រូវបន្ត យកចិត្តទុកដាក់ ចែកចាយដល់មូលដ្ឋាន ឃុំ សង្កាត់ របស់ខ្លួន ទាំង៩៣ ក្នុងខេត្ត ដើម្បីទប់ស្កាត់ការឆ្លងជំងឺដ៏កាចសាហាវនេះឲ្យមានប្រសិទ្ធភាព។ ពិសេសបន្តការ ផ្សព្វផ្សាយ សារជាសំឡេង និងខិតប័ណ្ណ ស្ដីពីវិធានការ បង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅតាមបណ្ដាក្រុង ស្រុក ឃុំ សង្កាត់ និងភូមិឲ្យបានជាប្រចាំ និងត្រូវយកចិត្តទុកដាក់ចូលរួមសហការ អនុវត្តបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន លើករណីឱសថស្ថានដែលមានលក់ឧបករណ៍ធ្វើតេស្តរកជំងឺកូវី១៩។

សូមបញ្ជាក់ថា អំណោយដែលបានប្រគល់ជូនរដ្ឋបាលក្រុង ស្រុកទាំង៨ និងឃុំ សង្កាត់ទាំង៩៣ នាពេលនេះសរុបរួមមាន អង្ករចំនួន១៤តោន ឧបករណ៍វាស់កំដៅ ចំនួន១០១គ្រឿង ម៉ាស់ការពារ១០០ប្រអប់ ស្មើ៥០០០ម៉ាស ទឹកអាកុលលាងដៃ ២៨ធុង ស្មើ៧៦០លីត្រ អាកុលដបតូច៤០០ដប សាប៊ូដុំ៤០០ដុំ ស្ទិកគ័រអប់រំ៤០០សន្លឹក៕