(ភ្នំពេញ)៖ ស្ថានឯឝអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានជូនដំណឹងពីលក្ខខណ្ឌមួយចំនួន ដល់ប្រជាពលរដ្ឋ និងសិស្សនិស្សិតកម្ពុជាទាំងអស់ ដែលកំពុងស្នាក់នៅ ឬរៀនសូត្រ នៅតាមបណ្តារដ្ឋនានា ក្នុងសហរដ្ឋអាមេរិក ហើយដែលមានបំណងបន្តការស្នាក់នៅសហរដ្ឋអាមេរិក ឬដោយយថាហេតុណាមួយ មិនអាចធ្វើដំណើរទៅមាតុប្រទេសវិញបាន។

សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា មន្ត្រីក្រសួងការបរទេសអាមេរិក បានបញ្ជាក់ជូនដូចខាងក្រោម៖

១៖ ចំពោះទិដ្ឋាការមិនមែនអន្តោប្រវេសន៍ B1/B2 (Business/Tourist) និង F1 (Student) មានសុពលភាព ៣ខែ និងអាចចូលអាមេរិកបាន ២ដង និង J1 (Exchange) មានសុពលភាព៣ខែ និងអាចចូលអាមេរិកបាន ១ដង។ ក្រោយមកដល់អាមេរិក អាជ្ញាធរអាមេរិកនៅអាកាសយាន្តដ្ឋាន នឹងវាយត្រាចូល នៅលើលិខិតឆ្លងដែន ឬចេញកាតសតូចមួយ (Form I-94) ជូន។

២៖ នៅលើត្រាវាយលើលិខិតឆ្លងដែន មានសរសេរថ្ងៃខែ ឬ D/S ដែលបញ្ជាក់រយៈពេលដែលបងប្អូនអាចស្នាក់នៅអាមេរិក។ ចំណែកករណី F1 និង J1 គឺអាចស្នាក់នៅដរាបណា I-20 និង DS2019 នៅមានសុពលភាព ហើយសិស្សនិស្សិត នៅបន្តការសិក្សា ឬស្ថិតក្នុងកម្មវិធី Exchange Program របស់ខ្លួន។

៣៖ ករណី Sponsor បញ្ចប់, កម្មវិធី Exchange Visitor Program របស់សិស្សនិស្សិត J1 នោះ បងប្អូនចាំបាច់ត្រូវរក Sposor ថ្មី ឬប្តូរ Status របស់ខ្លួនពី J1 ទៅ F1 ដោយចុះឈ្មោះចូលរៀននៅសាលាណាមួយ ឬប្តូរប្រភេទទិដ្ឋាការផ្សេងទៀត ដើម្បីអាចបន្តស្ថិតនៅអាមេរិកដោយស្របច្បាប់។

៤៖ នៅក្នុងច្បាប់ Immigration and Naturalization Act អាមេរិក បានចែងថា ជនបរទេសត្រូវបានចាត់ទុកថា ស្ថិតនៅអាមេរិកមិនស្របច្បាប់ នៅពេលដែលបុគ្គលនោះ ស្ថិតនៅហួសរយៈពេលអនុញ្ញាត លើសពី១៨០ថ្ងៃ ឡើងទៅ។ ចំណុចនេះ ត្រូវបានគេបកស្រាយថា ករណីមិនអាចប្តូរទិដ្ឋាការប្រភេទថ្មី ឬរក Sposor ថ្មីបានទេ សិស្សនិស្សិតបរទេស អាចស្នាក់នៅរយៈពេល ៦ខែទៀតបាន លើសពីនេះនឹងត្រូវបានចាត់ទុកថាមិនស្របច្បាប់។

៥៖ ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា ក្នុងចំណោមបំរាមនានា បំរាមមួយគឺ Sposor មិនត្រូវគំរាមបញ្ចប់កម្មវិធីរបស់អ្នកចូលរួមឡើយ ឬក៏សងសឹកអ្នកចូលរួមដោយសារបុគ្គលនោះ បានដាក់ពាក្យតវ៉ា ឬបានស្វែងរកជំនួយពីស្ថានប័នខាងក្រៅ ទាក់ទងនឹងពាក្យតវ៉ានោះឡើយ។ អ្នកចូលរួមអាចទាក់ទងក្រសួងការបរទេសអាមេរិកបាន តាមរយៈ Hotline 1-866-283-9090 ឬ [email protected]

៦៖ ប្រសិនបើប្រជាពលរដ្ឋ និងសិស្សនិស្សិត មានបំណងបន្តការស្នាក់នៅ ក្រោយរយៈពេលដែលបញ្ជាក់នៅលើ Form I-94 ឬ Passport Admission Stamp ត្រូវស្នើសុំដោយការដាក់ពាក្យ Form I-539 Online តាមរយៈ www.uscis.gov/i539online ៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ទូតខ្មែរនៅអាមេរិក៖