(ភ្នំពេញ)៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ពេលកំពុងតែជិះម៉ូតូតាមផ្លូវ ត្រូវរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បើកយ៉ាងលឿនបុកពេញទំហឹង នៅម៉ោងជាង៩យប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវលេខ ៥៩P ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមកាមេរ៉ាសុវត្ថិភាពគេបានឃើញបុរស២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 តាមបណ្តោយផ្លូវលំក៏បត់ឡើងមកផ្លូវមួយទៀត តែបត់មិនទាន់ផុតផងក៏មានរថយន្តមួយគ្រឿង បើកយ៉ាងលឿនក៏បុកពេញទំហឹងបណ្តាលឲ្យបុរសស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។ បន្ទាប់ពីបុកហើយអ្នកបើករថយន្ត មិនបានឈប់នោះទេ គឺបើករត់បាត់ស្រមោល ដោយន្សល់ទុកស្លាកលេខ នៅកន្លែងកើតហេតុ គឺលេខភ្នំពេញ 2BA-9111

ក្រោយកើតហេតុសមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុ វាស់វែងរួចប្រគល់សពទៅឲ្យយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត។ អ្នកស្លាប់ និងអ្នករបួសគឺជាបងប្អូនថ្លៃនឹងគ្នា។

គ្រួសារសព សូមអំពាវនាវឲ្យអាជ្ញាធរជួយចាប់រថយន្តបង្ក មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ផង ព្រោះរថយន្តបង្កបន្ទាប់ពីបុកហើយបើករត់បាត់ និងបានបន្សល់ស្លាកលេខ នៅកន្លែងកើតហេតុផងដែរ៕