(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩នៅកម្ពុជា និងស្របតាមប្រសាសន៍អំពាវនាវរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា បានប្រគល់រថយន្ដមួយគ្រឿងដល់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងក្រោមអធិបតីភាព រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង និងលោក ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា ខេមបូឌា។

លោកឧកញ៉ា គង់ នួន បានថ្លែងថា ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ (COVID-19) លោក និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន តូយ៉ូតា បានសម្រេចផ្ដល់រថយន្តម៉ាក HIACE ១៦កៅអីស៊េរីឆ្នាំ២០២០មួយគ្រឿង គិតជាថវិកាចំនួន ៦១,៩០០ដុល្លារ ជូនដល់ក្រសួងសុខាភិបាល។

លោកបានថ្លែងបន្ដថា «ដូចដែលយើងទាំងអស់គ្នាបានដឹងច្បាស់ហើយថា ពេលនេះកម្ពុជាយើង ក៏ដូចជានៅលើសកលលោកនេះ កំពុងតែរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ដែលជាជំងឺដ៏កាចសាហាវមួយ បានធ្វើឱ្យមានអ្នកស្លាប់ និងឆ្លងរាប់ម៉ឺននាក់។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាយើង បានបន្ដដាក់ចេញនូវវិធានការការពារទប់ស្កាត់ជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមួយនេះ ដូច្នេះ ក្រុមហ៊ុន តូយូតា ក៏សម្រេចចូលរួមផ្ដល់រថយន្ដមួយគ្រឿងនេះ ដើម្បីប្រើប្រាស់ជាចាំបាច់ក្នុងការជំរុញការងារប្រយុទ្ធប្រឆាំងនេះ ឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ»។

ជាមួយគ្នានោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ដែលបានផ្ដល់ជារថយន្ដមួយគ្រឿង សម្រាប់ប្រើប្រាស់ជាចាំបាច់ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩នេះ៕