(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបញ្ជាទិញម៉ាស់ពី៣លាន កើនឡើងដល់ ៥លាន២សែនម៉ាស់ ដើម្បីសម្រាប់ចែកចាយជូនប្រជាពលរដ្ឋ និងផ្តល់ជូនគ្រូពេទ្យនៅកម្ពុជា នៅក្នុងរដូវកាលបញ្ហា Covid-19 នេះបើយោងតាមប្រសាសន៍សម្តចតេជោ ហ៊ុន សែន ថ្លែងប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។

នៅក្នុងការបញ្ជាទិញម៉ាស់ចំនួន៥លាន ២សែននេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា សម្តេចចាត់ឲ្យក្រសួងសុខាភិបាល បញ្ជាទិញក្រៅប្រទេស ចំនួន៤លានម៉ាស់ និងបញ្ជាទិញពីរោងចក្រផ្ទាល់នៅខេត្តព្រះសីហនុ ចំនួន១លាន២សែនម៉ាស់។ សម្តេចតេជោបានបន្ថែមថា សម្រាប់រោងចក្រផលិតម៉ាស់ នៅខេត្តព្រះសីហនុ ក្រោយពីបញ្ជាទិញទំនិញនេះហើយ រោងចក្រនេះនឹងក្លាយជារោងចក្រផលិតម៉ាស់សម្រាប់ផ្គត់ផ្គង់ទៅឲ្យរដ្ឋ ដើម្បីប្រើប្រាស់នៅក្នុងស្រុកតែម្តង។

ក្រៅពីរោងចក្រផលិតម៉ាស់, សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាឲ្យរោងចក្រមួយដែលមានសមត្ថភាព អាចផលិតទឹកអាល់កុល ជាង១០,០០០លីត្រមួយថ្ងៃ សម្រាប់ជាទំនិញផ្គត់ផ្គង់ឲ្យរដ្ឋ និងទុកជាទំនិញយុទ្ធសាស្រ្តប្រើប្រាស់នៅក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺ Covid-19 ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងចាត់ទុកថា ពេលនេះម៉ាស់ប្រៀបដូចជាគ្រាប់កាំភ្លើង ដែលត្រូវបម្រុងទុកដើម្បីការពារខ្លួន ហើយសម្តេចបានបញ្ជាក់ថា ថវិកាទិញម៉ាស និងអាវផ្គត់ផ្គង់ដល់គ្រូពេទ្យ គឺជាថវិការបស់សប្បុរស ដែលចូលរួមបរិច្ចាគដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជំរាបថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួនតែ០៤នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយសរុបកើនដល់២៣នាក់ និងកំពុងសម្រាកព្យាបាល៨៤នាក់ នៃអ្នកឆ្លងសរុប១០៧នាក់៕