(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦នេះ បានបង្ហាញរឿងរ៉ាវប្រវត្តិស្នេហ៍ ជាសាធារណៈ ជូនប្រជាពលរដ្ឋតាមរយៈ Facebook Page ផ្លូវការរបស់សម្តេចនូវចំណងជើង៖ «គូព្រេងមិនព្រាត់ អាពាហ៍ពិពាហ៍ក្នុងគ្រាកលិយុគ» (វគ្គ៣)។

សម្តេចតេជោ ហ៊ុន សែន សរសេរថា ចំពោះរឿងរ៉ាវស្នេហានេះ សម្តេចសរសេរជាអត្ថបទវែងរៀបចំជា៣វគ្គ ដោយវគ្គទី១ ផ្សាយនៅថ្ងៃទី៣ ខែមករា, វគ្គទី២ ផ្សាយនៅថ្ងៃទី៤ មករា, វគ្គទី៣ នៅថ្ងៃទី៥ ខែមករា ដែលជាខួប៤០ឆ្នាំនៃការរៀបការរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (៥ មករា ១៩៧៦ - ៥ មករា ២០១៦) និងនៅមានវគ្គបន្តបន្ទាប់ទៀត។ អ្វីដែលជាពិសេស នៅក្នុងសាររបស់សម្តេចតេជោ ហ៊ុន សែន នោះគឺថា «ពេលអានចប់សូមមេត្តាជួយប្រាប់ខ្ញុំផងថា តើខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំមុន ឬ ប្រពន្ធខ្ញុំស្រឡាញ់ខ្ញុំមុន?»។

ខាងក្រោមនេះជារឿងរ៉ាវប្រវត្តិស្នេហ៍ វគ្គទី៣របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖

ឯកូនក្រមុំមាន១៣រូប អង្គុយនៅកៅអីជួរមុខ និងកូនកម្លោះ១៣រូប អង្គុយនៅពីក្រោយកូនក្រមុំ ដែលជាគូរបស់ខ្លួន។ សូមកុំច្រឡំកៅអីដែលយើងអង្គុយ មិនមែនជាកៅអីធម្មតាទេ តែជាកៅអីក្មេងរៀនដែលយកមក តម្រៀបឱ្យកូនកម្លោះកូនក្រមុំអង្គុយ ក្នុងពេលរៀបការ។ ជាការចាប់ផ្តើមគណៈចាត់តាំង បានឱ្យមនុស្ស១នាក់អានប្រវត្តិរូបខាងស្រី និងខាងប្រុសម្នាក់ម្ដងៗទាំង២៦នាក់។ ខ្ញុំបានត្រឹមតែមើលខ្នង និងករ៉ានី ពីក្រោយដែលក្នុងចិត្តអាណិតអនាគតភរិយា ដែលមិនគួរលះបង់មកយកខ្ញុំជាជនពិការ មករៀបការអត់ឪពុកម្តាយ អត់បងប្អូនសាច់ញាតិបែបនេះសោះ។ ចំពោះរូបខ្ញុំក៏តូចចិត្តអាណិតខ្លួនឯង អាណិតដល់គូផ្សេងទៀត ដែលពិការធ្ងន់ធ្ងរជាងខ្ញុំទៅទៀត។ ហើយគូប្តីប្រពន្ឋរបស់ពួកគេត្រូវ អង្គការផ្សំផ្គុំឱ្យខុសពីគូខ្ញុំដែលបានស្ដីដណ្តឹងមុននឹង មានចិត្តស្រឡាញ់គ្នាមុនរៀបការថ្ងៃនេះ។

កម្មវិធីបានចាប់ផ្តើម បន្ទាប់ពីអានប្រវត្តិរូបចប់ គឺដល់កម្មវិធីដែលគណៈអធិបតី សួរសំណួរមកកាន់កូនក្រមុំ និងកូនកម្លោះឱ្យឆ្លើយមួយគូម្ដងៗ ដោយសួរកូនក្រមុំមុន និងសួរកូនកម្លោះជាក្រោយ។ ១២គូឆ្លើយចប់ដល់វេនខ្ញុំជាគូទី១៣ រ៉ានី ឆ្លើយសំណួរបានយ៉ាងល្អទាំង២សំណួរ។ ក្នុងចំណោម ១២ គូមុន គឺតែ១សំណួរម្នាក់ប៉ុណ្ណោះគឺដល់ រ៉ានី២ សំណួរ។ ចំណែកខ្ញុំឡើងដល់៣សំណួរ។ សំណួរដែលខ្ញុំចងចាំជាងគេគឺ (តើសមមិត្តមានលទ្ឋភាពកសាងភរិយាឱ្យក្លាយទៅជាវណ្ណៈអធន វណ្ណៈកម្មាជីពបានឬទេ?)។ នេះជាសំណួរតម្រង់ទៅរក រ៉ានី ដែលមានស្បែកស និងជាគ្រួសារអ្នកធូរធារ​ ដែលរស់តាមដងទន្លេមេគង្គ។ បន្ទាប់ពីសួរសំណួរសាម៉ីខ្លួនទាំង២៦រូបចប់ហើយ គណៈអធិបតីក៏បានសួរទៅចាស់ទុំដែលបានអញ្ជើញចូលរួមដែលអ្នកសួរហៅថាសាក្សី។ ចាស់ទុំ២នាក់បានឡើងនិយាយ ក្នុងនោះមាន លោកបង ជុំ ហ៊ល អតីតមេបញ្ជការខ្ញុំ ឡើងនិយាយដោយប្រើពាក្យថាសមរម្យហើយ និងបានជូនពរដល់ពួកយើង។ (លោក ជុំ ហ៊ល ក្រោយឆ្នាំ១៩៧៩ ធ្វើជាអភិបាលក្រុងព្រះសីហនុ​ រហូតឆ្នាំ១៩៩៣ ទើបចូលនិវត្តន៏ និង ទទួលមរណៈភាពនៅឆ្នាំ ២០១៤)។

នៅម៉ោងប្រមាណ ២៖០០នាទី រសៀល កម្មវិធីមិនទាន់បញ្ចប់ទេ។ ពួកយើងឃ្លានបាយ ស្រេកទឹកតែមិនហ៊ានមាត់ករអ្វីទាំងអស់។ ម្តងនេះដល់វេនគណៈអធិបតីស្រោចទឹកនិងឱ្យពរជ័យ ដោយផ្តើមពីទស្សនៈសភាពការណ៌ ដែលរៀបរាប់ពីសភាពការណ៍ពិភពលោក សភាពការណ៍តំបន់ និងអន្តរជាតិ ដោយជេរពួកសេរីនិយម សូវៀត និងវៀតណាមមួយឆ្អែត ទើបចូលមកសភាពការណ៍កម្ពុជា ដែលផ្តោតធំលើការងារនយោបាយ សតិអារម្មណ៌ ការវាយកំទេចគាស់រំលើងវណ្ណៈជិះជាន់ កំចាត់ចោលកម្មសិទ្ឋិសួនតួទាំងទ្រព្យសម្បតិ្ត ទាំងមនោសញ្ចតនា បោសសំអាតពួកខ្មាំងបង្កប់ស៊ីរូងផ្ទៃក្នុង…។ល។ ច្រើនណាស់ចាំមិនអស់ទេនូវពាក្យបណ្តាសារ របស់របស់ប្រធានគណៈអធិបតី ដែលប្រើពេលជាង១ម៉ោង។ ពិធីផ្សំផ្គំត្រូវបានបញ្ចប់នៅម៉ោង ៣ និង៣០នាទីល្ងាច ដោយប្រើពេល៧ម៉ោងកន្លះ និង ដោយគ្មានឈប់សម្រាក។

នៅម៉ោងប្រហែលជា៤:០០ល្ងាច យើងហូបបាយជុំគ្នាទាំងប្តីប្រពន្ឋ ទាំងភ្ញៀវចូលរួម ដោយអង្គុយបាយលើស្ពក។ រ៉ានី បានក្លាយជាភរិយាខ្ញុំជាផ្លូវការហើយ តែខ្ញុំនៅតែមិនទាន់ហ៊ាននិយាយរកនាងនៅឡើយ។ នៅពេលបាយ រ៉ានី បានដួសបាយឱ្យខ្ញុំ និងជួយដួសបាយឱយយុទ្ឋជនពិការដៃម្នាក់ទៀត ព្រោះប្រពន្ឋគាត់នៅអៀន។ កំពុងតែហូបបាយ មានកម្មាភិបាលតំបន់មកប្រាប់ ពីផ្ទះដែលគូនីមួយៗត្រូវសម្រាក។ ចំពោះអ្នកពិការជើងគឺនៅផ្ទះផ្ទាល់ដី រីឯអ្នកមិនពិការជើងគឺនៅផ្ទះខ្ពស់។ ហូបបាយរួចខ្ញុំប្រាប់ប្រពន្ឋខ្ញុំថា ខ្ញុំទៅយកបាឡូទៅផ្ទះសម្រាកមុន សុំទៅយក អីវ៉ាន់ទៅតាមក្រោយ។ ប្រពន្ឋឆ្លើយថា ចាស៎។ អត់ទាន់ហ៊ាននិយាយពាក្យ បង អូននៅឡើយ។ នេះមិនមែនជាព្រះថោងតោងស្បៃទេ តែជាព្រះថោងស្វែងរកផ្ទះ នៅក្រោយពេលរៀបការ។

ស្ត្រីម្ចាស់ផ្ទះដែលខ្ញុំត្រូវសម្រាក បានទទួលខ្ញុំដោយរាក់ទាក់ហើយប្រាប់ខ្ញុំថា ផ្ទះនេះគាត់មិនបាននៅតាំងពីឆ្នាំ១៩៧១ មកម៉្លេះព្រោះខ្លាចអាមេរិកទម្លាក់គ្រាប់បែក។ តែផ្ទះនេះអុំសំអាតប៉ុន្មានថ្ងៃមកហើយ ព្រោះប្រធានភូមិមកខ្ចីសំរាប់ឱ្យក្មួយៗ ទើបរៀបការសម្រាក។ ខ្ញុំក៏សួរទៅគាត់វិញថា តើអុំនៅឯណា? គាត់ចង្អុលទៅផ្ទះតូចក្បែរនោះ នៅផ្ទាល់ដីមានទាំងលេណដ្ឋានការពារផង។ នៅពេលខ្ញុំកំពុងនិយាយ ស្រាប់តែឃើញប្តីប្រពន្ឋគូ ទី១២ បណ្តើរគ្នាមកដល់ ខ្ញុំសួរថា ហែម និង វណ្ណា សម្រាកនៅផ្ទះណា? គាត់ឆ្លើយថាផ្ទះណឹងដែរ។ ខ្ញុំពិតជាហួសចិត្តផ្ទះតូចមួយផ្សំដំណេកដល់ទៅ២គូរ (គូរទី១២ ប្តីឈ្មោះ ហែម និង ប្រពន្ទឈ្មោះ វណ្ណា)។ យើងឡើងទៅលើផ្ទះទាំងអស់គ្នា។ នៅលើផ្ទះមានគ្រែមួយ មានមុង តែគ្មានវាំងននទេ។ ហែមប្រាប់ខ្ញុំថា បងសែន ឯងសម្រាកលើគ្រែចុះ ឯខ្ញុំចងវាំងនននៅក្បែរទ្វារ។ ខ្ញុំសួរគាត់វិញថា បានវាំងននពីណាមក? ហែមឆ្លើយថា អង្គការចែកឱ្យតាំងពីនៅមន្ទីរតំបន់ ចុះបងឯងអត់ទាន់បានទទួលទេឬអី? ខ្ញុំគ្រវីក្បាលនិងឆ្លើយថាអត់ទេ។ ហែមក៏ជួយប្រាប់ទៅអ្នកទទួលខុសត្រូវ ដើម្បីសុំវាំងននឱយខ្ញុំ។

ខ្ញុំរង់ចាំប្រពន្ឋខ្ញុំតែមិនឃើញមកសោះ ដោយសារនាងនៅជាប់និយាយលេងជាមួយម្ចាស់ផ្ទះ ដែលនាងសម្រាកកាលពីយប់មិញ។ ខ្ញុំងូតទឹកមុន និងបានរៀបចំកន្លែងសម្រាកឱ្យហើយ។ ពេលនេះខ្ញុំបានដោះសម្លៀកបំពាក់ខ្មៅ ស្លៀកឯកសណ្ឋានកងទ័ពវិញហើយ។ សុំបញ្ជាក់ថាពេលស្ថិតនៅក្នុងពិធី គេតម្រូវឱយកូនកម្លោះស្លៀកខោខ្មៅ ពាក់អាវខ្មៅដៃវែង រីឯកូនក្រមុំស្លៀកសំពត់ខ្មៅ និងពាក់អាវខ្មៅដៃវែង គឺមិនអនុញ្ញាតឱយស្លៀកពាក់ខុសពីនេះឡើយ។ ភរិយាខ្ញុំ និងរូបខ្ញុំមិនបានទទួលអ្វីផ្សេងក្រៅ ពីរបស់របរផ្ទល់ខ្លួនដែលធ្លាប់មាននោះទេ ក្រោយពីបានរៀបការរួចហើយ។ អ្វីដែលខ្ញុំទទួលបានគឺរូបរ៉ានី និងអ្វីដែលរ៉ានីបានទទួលគឺរូបខ្ញុំ។ យើងមិនចង់បានអ្វីខុសពីនេះឡើយ។ ក្បែរក្បាលព្រលប់ខ្ញុំឃើញ រ៉ានីឱបបាឡូមកដល់ ខ្ញុំក៏ទៅទទួលយកបាឡូពីនាងឡើងលើផ្ទះ។ រ៉ានីបានសួរខ្ញុំថា បងមានក្រមាទេ ខ្ញុំសុំខ្ចីផ្លាស់មុជទឹក។ ខ្ញុំថាមាន ក្រមាខ្ញុំទទឹកស្រាប់ ខ្ញុំក៏ដើរទៅយកក្រមាឱ្យប្រពន្ឋជាទីស្រឡាញ់ របស់ខ្ញុំដែលទើបហៅខ្ញុំថា “បង” ដែលពាក្យនេះខ្ញុំរង់ចាំជាយូរមកហើយ។

អំពើរបស់អង្គការថ្ងៃនេះ ក៏ជាផ្នែកដ៏សំខាន់មួយទៀតជំរុញ លើកទឹកចិត្តឱ្យខ្ញុំតស៊ូដើម្បីផ្តួលរំលំរបបអត់ប្រពៃណី និង គ្មានសាសនានេះ។ ថ្ងៃនេះវានិយាយពីបោសសំអាត ពួកបង្កប់ស៊ីរូងផ្ទៃក្នុង វានិយាយត្រូវព្រោះខ្ញុំជាមេពួកបង្កប់នេះតែម្តង។ ងាកមកនិយាយពីភរិយាខ្ញុំវិញ ខ្ញុំអាណិតនាងណាស់ មិនគួរមករងកម្មជាមួយមនុស្សពិការដូចរូបខ្ញុំនេះទេ មករៀបការដោយគ្មានឪពុកម្តាយ និងបងប្អូនញាតិមិត្តកំដរ។ ការអាណិតធ្វើឱយខ្ញុំយល់ពីនាងកាន់តែច្បាស់ថា នាងទទួលយកខ្ញុំដោយសុទ្ឋចិត្ត មិនប្រកាន់រើសអើងចំពោះជនពិការឡើយ។ ឆ្លងផុតរាត្រីផ្សំដំណេក ៥ មករា ១៩៧៦ លុះព្រឹកឡើងមន្ទីរយោធាតំបន់ បានយករឺម៉កម៉ូតូមកដឹកពួកយើងទៅអង្គភាពវិញ។ យើងអត់បានទទួលទានអ្វីទាំងអស់ ក៏នាំគ្នាចេញដំណើរទៅ។ អ្នករួមដំណើរមាន ប្តីប្រពន្ឋខ្ញុំ២នាក់ គូទី១២ ហែម និង វណ្ណា២នាក់ ជំនួយការសេនាធិការយោធាតំបន់ឈ្មោះ សុជាតិ ១នាក់ និងអ្នកជិះម៉ូតូជាប្រធានមន្ទីរយោធាតំបន់ ឈ្មោះស៊ីថា។ ចេញពីភូមិច្រាបមិនបានប៉ុន្មានផងម៉ូតូក៏វាបែកកង់ ពួកយើងប្រឹងរុញទាំងម៉ូតូទាំង រឺម៉កមកប៉ះកង់នៅផ្សារសួង ទំរាំរកកន្លែងប៉ះកង់បាន និងប៉ះកង់រួចគឺម៉ោងប្រហែល ១១៖០០ ថ្ងៃត្រង់ទៅហើយ។ ពួកយើងមិនខ្វល់ពីការឃ្លានទេ គឺត្រូវរូតរះចេញដំណើរភ្លាម ដើម្បីទៅដល់ទីបញ្ជាការយោធាតំបន់ ដែលបោះទីតាំងនៅចំការដូង ភូមិសំរោង ឃុំដារ ស្រុកមេមត់ ខេត្តកំពង់ចាម ។

កំណាត់ផ្លូវជាតិលេខ៧ កាលពីពេលនោះគឺខូចខាតស្ទើរអស់ហើយ មិនអាចធ្វើដំណើរបានលឿនទេ។ យើងចេញពីផ្សារសួង បានមិនទាន់ដល់១០គីឡូម៉ែត្រផង កង់រឺម៉កខាងក៏ឆ្វេងធ្លាយទៀត តែយើងអាចនៅសប់បញ្ចូលខ្យល់ធ្វើដំណើរបាន។ ដំបូងសប់១ដងអាចធ្វើដំណើរបានប្រហែល១គីឡូម៉ែត្រ ជាបន្តបន្ទាប់សប់បញ្ចូលខ្យល់លែងចូល។ ខ្ញុំប្រាប់ស៊ីថានិងសុជាតិ ដែលអ្នកទាំង២នាក់សុទ្ឋតែជា អតីតយុទ្ឋជននិងកូនសិស្សខ្ញុំ លើការងារផែនទីថា ទុករឺម៉កផ្ញើប្រជាជននៅទីនេះ ស៊ីថានិងសុជាតិប្រញ៉ាប់ជិះម៉ូតូ ទៅចំការដូងយកកង់ម៉ូតូមកដូរ បើមិនទាន់យប់នេះទេ ចាំស្អែកចាំមកវិញ។ ឯពួកខ្ញុំដើរទៅមុខបន្តិចទៀត ចាំសុំអ្នកភូមិសម្រាកមួយយប់សិន។ រុញរឺម៉កមកដាក់ទុកតាមភ្លឺស្រែរួចហើយ ស៊ីថា និង សុជាតិក៏ជិះម៉ូតូចេញទៅបាត់។ រីឯពួកខ្ញុំ៤នាក់ធ្វើដំណើរដោយថ្មើរជើង ទៅដល់ភូមិតាហៀវ ស្រុក ពញ្ញាក្រែក ដែលនៅជាប់ផ្លូវលេខ៧ ហើយចូលទៅក្នុងភូមិនោះដើម្បីសុំសម្រាក។

លោកពូអ្នកម៉ីងម្ចាស់ផ្ទះ ទទួលពួកយើងរាក់ទាក់ខ្លាំងណាស់ តែគាត់មិនទាន់ហ៊ានឱ្យយើងសម្រាកទេ គឺរង់ចាំសុំការអនុញ្ញាតពីប្រធានភូមិសិន។ ខ្ញុំក៏មិនបានប្រាប់ពួកគាត់ថា ខ្ញុំជាមេបញ្ជការកងទព័ដែរ កាំភ្លើងខ្លីរបស់ខ្ញុំសៀត នៅចង្កេះមើលមិនឃើញទេ។ យើងត្រូវរង់ចាំព្រោះប្រធានភូមិ ទៅបោកស្រូវមិនទាន់ត្រឡប់មកវិញ។ នៅពេលប្រធានភូមិមកដល់មេឃ ក៏ចាប់ផ្តើមងងឹតហើយ គាត់ជួយពួកយើងភ្លាមដោយឱ្យអង្ករ៤កំប៉ុង មកម្ចាស់ផ្ទះដាំឱ្យយើងទទួលទាន។ តាំងពីព្រលឹមរហូតយប់ប្រហែល១៣ម៉ោង ទើបយើងបានហូបបាយ។ ហើយបើគិតពីពេលបាយ នៅរៀបការពីម៉ោង៤ល្ងាចថ្ងៃ៥ មករា រហូតម៉ោង៨យ ប់ថ្ងៃ ៦ មករានេះមានរយះពេល២៨ម៉ោង ទើបយើងបានបាយ។ ខ្ញុំស្រក់ទឹកភ្នែកអាណិតប្រពន្ឋខ្ញុំខ្លាំងណាស់ តែទឹកភ្នែកនេះមិនឱ្យប្រពន្ឋខ្ញុំដឹងទេ។

ពេលយប់ម្ចាស់ផ្ចះរៀបចំឱ្យពួកខ្ញុំ ដេកប្រុសដោយប្រុស ស្រីដោយស្រី ខ្ញុំបានសុំម្ចាស់ផ្ទះដើម្បីបានដេកជាមួយភរិយាខ្ញុំ រីឯ ហៀម ជាមួយប្រពន្ឋគេ តែម្ចាស់ផ្ទះបានឆ្លើយតបដោយការសុំទោស ព្រោះខ្លាចក្មួយៗជម្រត់គ្នាមិនមែន ជាប្តីប្រពន្ឋពិតប្រាកដ។ ពួកខ្ញុំគ្មានជំរើសអ្វីក្រៅតែពីទទួលយក តាមការរៀបចំរបស់ម្ចាស់ផ្ទះ ដើម្បីកុំឱ្យគាត់លំបាកដោយសារយើង។ ពេលព្រឹកឡើងម៉ូតូបានមកទទួលយើងទៅកាន់ទីបញ្ជាការយោធាតំបន់ ខ្ញុំត្រូវបំពេញកិច្ចការតាំងពីពេលទៅដល់រហូតពេលយប់ តែនៅទីនេះមិនមានបញ្ហាអ្វីទេ។ ប្រធានយោធាតំបន់ឈ្មោះ អួង ឯក មានអធ្យាស្រ័យល្អ។ នេះជារាត្រីទី៣ត្រូវនឹងថ្ងៃ ៧ មករា។ ថ្ងៃទី៨មករា ម៉ូតូមន្ទីរយោធាតំបន់បានជូនប្តី ប្រពន្ឋខ្ញុំទៅកាន់ទីបញ្ជាការកងវរសេនាធំដែលបោះទីតាំងនៅភូមិកោះថ្ម ឃុំទង្លូង ស្រុកត្រមូងនាពេលនោះ។ ពេលទៅដល់កម្មាភិបាល និង យុទ្ឋជនដែលធ្លាប់បានលេងល្បែងផ្សំផ្គុំខ្ញុំជាមួយប្រពន្ឋកាលពីឆ្នាំ១៩៧៣ និងដើមឆ្នាំ១៩៧៤ បាននាំគ្នាមកអបអរផង និង បង្អាប់ខ្ញុំផង។

ប្តីប្រពន្ឋយើងបានរស់នៅជាមួយគ្នាពីថ្ងៃទី៨ ខែមករា បន្ទាប់ពីបានរៀបការនៅថ្ងៃ៥មករា ដែលត្រូវដើរដេកនៅទីកន្លែងខុសៗគ្នា។ ភាពរីករាយមានត្រឹមតែ៤ថ្ងៃប៉ុណ្ណោះ សំរាប់ប្តីប្រពន្ឋរបស់ខ្ញុំ។

ថ្ងៃទី១២ ខែ មករា ឆ្នាំ ១៩៧៦ បទបញ្ជាបន្ទាន់ឱ្យភរិយាខ្ញុំ ចេញដំណើរទៅមន្ទីរពេទ្យ ដែលមានទីតាំងនៅវត្តពពេល ឃុំពពេល ស្រុកទឹកជ្រៅ នាពេលនោះគឺស្រុកពញ្ញាក្រែក។ នាពេលនេះហើយបន្ទាប់ទៅ ត្រូវទៅលើកប្រព័ន្ឋភ្លឺស្រែនៅភូមិខ្នារ ស្រុកត្បូងឃ្មុំ។ ទឹកភ្នែកខ្ញុំហូរទៀតហើយ នៅពេលដែលគេដឹកប្រពន្ឋខ្ញុំចេញទៅ សូម្បីតែខ្ញុំជាប្តីក៏គ្មានសិទ្ឋិ និងជូនដំណើរនាងដែរ។ តើនេះជាចម្លើយដែលឆ្លើយ និងសំណួរដែលអង្គការសួរខ្ញុំថា តើសមមិត្តមានលទ្ឋភាពកសាងភរិយា ឱ្យក្លាយជាវណ្ណៈអធន វណ្ណៈកម្មាជីពបាន ឬទេ?។

អត្ថបទដែលខ្ញុំសរសេរពេលនេះមិនទាន់ចប់ទេ ខ្ញុំនឹងបន្តសរសេររឿងរ៉ាវដែលទាក់ទង និងប្រវតិ្តរបស់ខ្ញុំជាបន្តទៀត ដែលនឹងបញ្ចេញតាម Facebook របស់ខ្ញុំ។

សុំរង់ចាំអានបន្ត សុំអរគុណ