(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់សហព័ន្ធស្រូវអង្ករ ម្ចាស់រោងម៉ាស៊ីកិនស្រូវ និងអាជីវករ ធ្វើការជាមួយក្រុមហ៊ុនហ្គ្រីនត្រេដ របស់ក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីទទួលបានព័ត៌មាននានាទាក់ទងនឹងឥណទាន និងសន្តិសុខស្បៀងនៅកម្ពុជា ក្នុងពេលដែលកម្ពុជាកំពុងប្រឈមការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩។

ក្នុងសេចក្តីជូនដំណឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងបានអះអាងថា ការធ្វើបែបនេះដើម្បីធានាប្រក្រតីភាពនៃការធ្វើអាជីវកម្ម ពាណិជ្ជកម្មស្រូវ អង្ករ នៅក្នុងប្រទេសកម្ពុជា។

ការអំពាវនាវឱ្យសហព័ន្ធស្រូវអង្ករ ម្ចាស់រោងម៉ាស៊ីកិនស្រូវ និងអាជីវករ ធ្វើការជាមួយក្រុមហ៊ុនហ្គ្រីនត្រេដ របស់ក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍ជនបទ បានធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវបទបញ្ជាហាមលក់អង្ករស និងស្រូវចេញទៅកាន់ប្រទេសជិតខាង។

សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាននៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសផ្អាកនាំចេញអង្ករស និងស្រូវ ចេញទៅក្រៅប្រទេសចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះតទៅ រហូតដល់មានបទបញ្ជាជាថ្មី ដើម្បីរក្សាទុកផ្គត់ផ្គង់ក្នុងស្រុក។

សម្តេចតេជោ បានបញ្ជាក់ថា អង្ករស និងស្រូវរបស់កម្ពុជាភាគច្រើននាំចេញទៅប្រទេសជិតខាង ដែលមានវៀតណាម និងថៃ។ ប៉ុន្តែដើម្បីធានាដល់ការផ្គត់ផ្គង់ក្នុងស្រុកទើប កម្ពុជាត្រូវរក្សាទុកស្រូវ និងអង្ករស ដែលមានតម្រូវការក្នុងស្រុកច្រើន ហើយចំពោះអង្ករក្រអូបដែលមានចំនួនតិច និងមិនសូវមានតម្រូវការក្នុងស្រុកច្រើននោះ នៅតែអនុញ្ញាតឲ្យនាំចេញដូចធម្មតា។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលទម្លាក់ថវិកាឱ្យរោងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញស្រូវពីប្រជាពលរដ្ឋមករក្សាទុកក្នុងតម្លៃសមរម្យ ដោយមិនត្រូវបង្អាប់តម្លៃស្រូវរបស់កសិករនោះឡើយ៕