(កំពង់ឆ្នាំង)៖ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ប្រជាពលរដ្ឋ ៦គ្រួសារ នៅស្រុកសាមគ្គីមានជ័យ បាននាំគ្នាមកកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីស្នើសុំយកគោយន្តរបស់ពួកគាត់ ៣គ្រឿងដែលជាវត្ថុចាប់យក ត្រូវបានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចាប់យកទៅរក្សាទុកនៅអធិការរដ្ឋានស្រុក កាលពីពេលកន្លងទៅនេះ ក្នុងរឿងទំនាស់ដីធ្លី។

លោក ឯក មុនី តំណាងឲ្យប្រជាពលរដ្ឋទាំង ៦គ្រួសារខាងលើនេះ បានឱ្យដឹងថា ថ្ងៃនេះដែលពួកលោកបាននាំគ្នាមកកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង គឺបំណងមកសាកសួរព័ត៌មាន ទាក់ទងនឹងបញ្ហាគោយន្តទាំង ៣គ្រឿងរបស់ពួកគាត់ដែលត្រូវបានលោកព្រះរាជអាជ្ញា បញ្ជាឲ្យសមត្ថកិច្ច ចាប់យកកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ។

បន្ទាប់ពីមានការសម្របសម្រួលដោះលេងពួកគាត់ទាំង ៤នាក់ ឲ្យត្រឡប់ទៅផ្ទះវិញហើយនោះ ចំណែកគោយន្តទាំង ៣គ្រឿង ត្រូវលោកព្រះរាជ្ញាតម្រូវឲ្យពួកគាត់ធ្វើឯកសារទទួលស្គាល់ ពីអាជ្ញាធរភូមិឃុំឲ្យបានត្រឹមត្រូវ ទើបអនុញ្ញាតឲ្យយកគោយន្តទាំងនោះ និងសម្ភារទៅប្រើប្រាស់វិញបាន។

លោកបានបន្តឲ្យដឹងទៀតថា ឯកសារពាក់ព័ន្ធនិងគោយន្ត និងសម្ភារដែលជាវត្ថុចាប់យក លោកបានរៀបចំធ្វើពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវទៅតាមផ្លូវច្បាប់ ដោយមានការទទួលស្គាល់ពី អាជ្ញាធរភូមិឃុំរួចរាល់ផងដែរ ហើយក៏បានដាក់ចូលមកស្ថាប័នតុលាការតាំងពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០រួច រាល់ហើយដែរ មកដល់ថ្ងៃនេះគឺមានរយៈពេលកន្លះខែមកហើយ តែមិន ឃើញមានការឆ្លើយតបពីខាងតុលាការដើម្បីឲ្យពួកគាត់បានយកសម្ភារទាំងនោះទៅប្រកបការងាររកស៊ីវិញ។

ដោយចាំបាត់ជាច្រើនថ្ងៃ ទើបថ្ងៃនេះពួកគាត់បាននាំគ្នាមកសាកសួរព័ត៌មាននៅតុលាការ ដោយគាត់បានសួរទៅលោកក្រឡាបញ្ជី ដែលគាត់ទទួលយកឯកសារពីពួកគាត់បានផ្ដល់ជូន តែខាងក្រឡាបញ្ជី ក៏បានប្រាប់គាត់ថា ឯកសារនោះបានប្រគល់ឱ្យទៅខាងរដ្ឋបាលរួចរាល់ហើយ តែខាងរដ្ឋបាលបានឆ្លើយថា គាត់ពុំទាន់បានឃើញឯកសារនោះដល់ដៃពួកគាត់នៅឡើយទេ តែទោះជាយ៉ាងណាក៏ដោយ ខាងរដ្ឋបាលនឹងជួយពន្លឿនការងារនេះជូនពួកគាត់ផងដែរ។

ពួកគាត់ក៏បានសុំសំណូមពរដល់ស្ថាប័នតុលាការ មេត្តាជួយពន្លឿន ក្នុងការដោះស្រាយឲ្យពួកគាត់ឲ្យបានឆាប់ផង ដើម្បីពួកគាត់បានយកគោយន្ត និងសម្ភារទៅប្រើប្រាស់ប្រកបមុខរបររកស៊ីចិញ្ចឹម ជីវិតវិញព្រោះជិតដល់រដូវធ្វើស្រែចម្ការហើយ។

គួររំលឹកផងដែរ ប្រជាពលរដ្ឋ ៤នាក់ នៅស្រុកសាមគ្គីមានជ័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមបញ្ជារបស់លោកព្រះរាជអាជ្ញារងម្នាក់ បញ្ជូនមកសាលាដំបូងខេត្តកំពង់ឆ្នាំង ក្នុងរឿងទំនាស់ដីធ្លី ក្នុងនោះក៏មានវត្ថុចាប់យកដែលមានគោយន្ត៣គ្រឿង និងសម្ភារមួយចំនួនទៀតផងដែរ បន្ទាប់ពីប្រជាពលរដ្ឋទាំង ៤នាក់ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញនៅរសៀលថ្ងៃទី៩ ខែមីនាឆ្នាំ ២០២០វិញនោះ លោកព្រះរាជអាជ្ញាក៏បានឲ្យពួកគាត់ ធ្វើឯកសារពីអាជ្ញាធរភូមិឃុំឲ្យបានត្រឹមត្រូវដើម្បីមកដោះយកគោយន្តរបស់ពួកគាត់ទាំង៣គ្រឿងនិងសម្ភារមួយចំនួនផ្សេងទៀតតាមក្រោយ៕