(ភ្នំពេញ)៖ លោក អំ សំអាត នាយករង អង្គការលីកាដូ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ បានចេញវីដេអូទាត់ចោលការផ្សាយរបស់វិទ្យុអាស៊ីសេរី និងចោទថាវិទ្យុមួយនេះបានកាត់សំឡេងរបស់លោកយ៉ាងខ្លីបំផុត ផ្ទុយន័យដើមបង្កមានការភ័ន្តច្រឡំថា ដល់សាធារណជន ព្រមទាំងលោក និងអង្គការលីកាដូ គាំទ្រជនប្រព្រឹត្តល្មើសច្បាប់ ឬជនណាបង្កឲ្យមានភាពវឹកវរចលាចរនៅក្នុងសង្គម។

លោកបានលើកឡើងយ៉ាងដូច្នេះថា «ពីយប់មិញខ្ញុំបានឮវិទ្យុអាស៊ីសេរី ដកស្រង់នូវពាក្យសំដីរបស់ខ្ញុំ ដោយមានការកាត់យ៉ាងខ្លី ដែលអាចធ្វើឲ្យមានការភ័ន្តច្រឡំខុស ន័យដើម របស់ខ្ញុំបាទ។ ដូច្នេះខ្ញុំបាទក៏ដូចជាអង្គការលីកាដូ សូមជម្រាបជូនថា មិនដែលការពារទៅលើជនណា ដែលប្រព្រឹត្តិខុសច្បាប់ ឬជនណាបង្កឲ្យមានភាពវឹកវរ ចលាចរនៅក្នុងសង្គមនោះទេ គោលបំណងនៃអង្គការលីកាដូ ក៏ដូចជាខ្ញុំបាទ គឺធ្វើយ៉ាងណា ជំរុញឲ្យមានអនុវត្តន៍ច្បាប់ គោរពសិទ្ធិគ្នាទៅវិញទៅមក ដើម្បីឲ្យប្រទេសយើងរស់នៅក្នុងសុខសន្ដិភាព រស់នៅក្នុងភាពសុខុដម្យរមនា។ ហើយខ្ញុំបាទ និងអង្គការលីកាដូ គាំទ្រចំពោះវិធានការ នៃការអនុវត្តន៍ច្បាប់ របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរដែលបានធ្វើត្រឹមត្រូវតាមផ្លូវច្បាប់ គឺនៅតែមានការគាំទ្រជានិច្ច ហើយយើងខ្ញុំក៏ដូចជាអង្គកាលីកាដូ នឹងផ្ដល់កិច្ចសហការចូលរួមជាមួយរដ្ឋាភិបាល ដើម្បីឲ្យមានការអនុវត្តន៍ច្បាប់ និងការគោរពសិទ្ធិ ក៏ដូចជាត្រូវចាត់វិធានការលើជនទាំងឡាយ ណាដែលប្រព្រឹត្តនូវបទល្មើស មានភាពវឹកវរក្នុងសង្គម»

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ក្នុងសន្និសីទកាសែតនៅវិមានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានចាប់ខ្លួន លោក អំ សំអាត ដែលបានបញ្ចេញមតិគាំទ្រចំពោះការផ្សព្វផ្សាយលក់ផលិតផលឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ១៩ នៅលើបណ្តាញសង្គម។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការបញ្ចេញមតិនេះ ជាការគាំទ្រដល់ការផ្សព្វផ្សាយផលិតផលក្លែងក្លាយ៕