(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែពិនិត្យ ក្នុងការបញ្ចេញថវិកា៥០០ ទៅ៦០០លានដុល្លារ ដើម្បីឲ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្ចី ដោយអត្រាការប្រាក់ទាប ក្នុងអំឡុងពេលរងផលប៉ះពាល់ ពីការរីករាលដាលវីរុសកូវីដ១៩។

ការប្រកាសបែបនេះ បានធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារសំខាន់មួយ ជូនជនរួមជាតិ បន្ទាប់ពីរដ្ឋសភាជាតិបើកសម័យប្រជុំ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងតែពិនិត្យ អំពីលទ្ធភាពបញ្ចេញទុន របស់រាជរដ្ឋាភិបាល ៥០០ ទៅ៦០០លានដុល្លារ ដើម្បីឲ្យធនាគារឯកទេសខ្ចី ក្នុងអត្រាការប្រាក់ទាប ហើយធនាគារឯកទេសទាំងនោះ នឹងយកទៅឲ្យអ្នកធ្វើអាជីវកម្ម ដោយការប្រាក់ទាបដែរ»

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា រដ្ឋមិនអាចឲ្យឯកជន មកខ្ចីផ្ទាល់បាននោះទេ រដ្ឋមានសិទ្ធិត្រឹមតែ ឲ្យធនាគារឯកជនមកខ្ចី ដោយអត្រាការប្រាក់ទាប រួចហើយប្រើប្រាស់កម្ចីនេះ ទៅដោយអ្នកខ្ចី ដែលមានអត្រាការប្រាក់ទាបតគ្នា។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់វិស័យឯកជន រកស៊ីមានការយោគយល់គ្នា និងអំពាវនាវដល់ម្ចាស់ទីតាំង ដែលជួលឲ្យអ្នកដទៃរកស៊ី ត្រូវមានការយោគយល់ ដែលអាចពន្យារពេលបង់លុយ ឬទម្លាក់តម្លៃ ក្នុងពេលកំពុងមានកូវីដ១៩។

គូសបញ្ជាក់ថា នាពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីណែនាំថ្មីមួយ ទៅកាន់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឲ្យរៀបចំឥណទាន (កម្ចី) របស់ខ្លួនឡើងវិញ ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ ដែលកំពុងប្រឈមនឹងការធ្លាក់ចុះនៃប្រាក់ចំណូលចម្បង និងមានការលំបាកក្នុងការទូទាត់សង បណ្តាលមកពីការរីករាលដាល នៃជំងឺកូវីដ១៩។

តាមរយៈសារាចរណែនាំស្តីពី «ឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលរងផលប៉ះពាល់ ពីការរីករាលដាលរបស់វីរុសកូវីដ១៩» ចុះហត្ថលេខាដោយលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានណែនាំដល់គ្រឹះស្ថានធានាគារ និងហិរញ្ញវត្ថុ ឲ្យយកចិត្តទុកដាក់ ទៅលើអតិថិជនដែលរងផលប៉ះពាល់ ជាក់ស្តែងមកពីវិស័យចំនួន៤រួមមាន៖

១៖ ទេសចរណ៍ (សណ្ឋាគារ ផ្ទះសំណាក់ និងភោជ្ជនីយដ្ឋាន ដោយរាប់បញ្ចូលទាំងចំណីអាហារ ភេសជ្ជៈ និងសេវាកម្មគាំទ្រផ្សេងៗ)
២៖ កាត់ដេរ (ដោយរាប់បញ្ចូលទាំងនិយោជិត)
៣៖ សំណង់ (ចំពោះតែឥណទានសាងសង់ផ្ទះ/ហាងដំបូង និងឥណទានទិញផ្ទះដំបូង)
៤៖ ការដឹកជញ្ជូន (ជាពិសេស អ្នកបើកបរតាក់ស៊ី និងរ៉ឺម៉កកង់បី) និងជីស្ទូីក។

ក្នុងសារាចរនេះ ក៏បានណែនាំផងដែរថា ការរៀបចំឥណទានឡើងវិញនេះ គ្រឹះស្ថានត្រូវកំណត់ឲ្យច្បាស់ថា អតិថិជនកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ មុនពេលផ្តល់ការអនុគ្រោះ។

សារាចរបានណែនាំថា ការរៀបចំឥណទានឡើងវិញនេះ ត្រូវផ្តល់ជូនអតិថិជនដែលការទូទាត់សងការប្រាក់ ឬ/និងប្រាក់ដើម មិនហួសកាលកំណត់សងលើសពី៣០ថ្ងៃ (ប្រភេទឥណទានដំណើរការ) និងរំពឹងថា អតិថិជនជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ និងការទូទាត់សង តែក្នុងរយៈពេលបណ្តោះអាសន្នប៉ុណ្ណោះ និងមានសុពលភាពត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០៕