(ភ្នំពេញ)៖ ខណៈពេលដែលបងប្អូនប្រជាពលរដ្ឋមួយចំនួន កំពុងជួបទុក្ខលំបាកភ្នាក់ងារ វីង នៅបណ្តាខេត្តនានា និងនៅក្រុងភ្នំពេញ បានស្ម័គ្រចិត្តធ្វើយុទ្ធនាការ ចែកអង្ករ ទឹកអាល់កុលលាងដៃ ប្រេងកូឡា និងថវិកាផ្ទាល់ខ្លួនមួយចំនួន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងខ្វះខាត ដើម្បីទប់ស្កាត់ការរីករាតត្បាតនៃវីរុសកូវីដ១៩ ។

អ្នកស្រី អេង ប៊ុនថា ដែលជាម្ចាស់ភ្នាក់ងារវីង ប៊្លូ អាយ ដែលស្ថិតនៅផ្លូវ៤៣០ នៅជិតសណ្ឋាគាររ៉េស៊ីដង់ក្រុងភ្នំពេញ បានឲ្យដឹងថា ដោយមើលឃើញអត្រា នៃការឆ្លងវីរុស កូវីដ១៩ ចេះតែបន្តជារៀងរាល់ថ្ងៃ អ្នកស្រី បានបរិច្ចាគអង្គរចំនួន៣០០គីឡូក្រាម អាលកុលលាងដៃ និងប្រេងកូឡា ចែកជូនដល់បងប្អូន ដែលកំពុងតែខ្វះខាត។

អ្នកស្រី បានឲ្យដឹងថា «បងប្អូនអ្នកប្រកបរបររើសអេតចាយ និងអ្នករត់ម៉ូតូឌុបមួយចំនួន មិនអាចទិញម៉ាស់ អាល់កុល ដើម្បីការពារខ្លួនពីការឆ្លងវីរុសកូវីដ១៩ បានឡើយ។ ក្នុងអំឡុងពេលដ៏ពិបាកនេះ ពួកគាត់មិនអាចរកប្រាក់កម្រៃបានសមរម្យ ដើម្បីទ្រទ្រង់ជីវភាពរបស់ពួកគាត់ឡើយ។ ហេតុដូចច្នេះហើយ គ្រួសាររបស់ខ្ញុំ បានឧបត្ថម្ភអង្ករ៣០០គីឡូក្រាម ដើម្បីចែកជូនដល់ពួកគាត់»

ដោយមើលឃើញសន្តានចិត្តដ៏ប្រពៃរបស់អ្នកស្រី អ្នកជិតខាងរបស់អ្នកស្រី ក៏បានចូលរួមឧបត្ថម្ភ ប្រេងកូឡា ទឹកអាល់កុលលាងដៃ ដើម្បីចែកជូនដល់បងប្អូន ដែលកំពុងខ្វះខាតផងដែរ។ គិតត្រឹមថ្ងៃទី២៨ ខែមីនា មានបងប្អូនជាង១០០នាក់ហើយ ដែលបានទទួលអំណោយដ៏សប្បុរសធម៌ពីក្រុមគ្រួសារ និងអ្នកជិតខាងរបស់អ្នកស្រី។

លោកស្រី គង់ មុនីភក្តី ដែលជាម្ចាស់វីង ឈ្មោះ រតនៈ រង្សី នៅផ្សារឈូកមាស រាជធានីភ្នំពេញ បានរៀបចំចែកជូនជែលលាងដៃ ដល់អ្នកធ្វើដំណើរ និងអតិថិជនគាត់ជាប្រចាំ។ លោកស្រីបានឲ្យដឹងថា «ខ្ញុំចែកជែលពួកគាត់នៅតាមហាងវីងរបស់ខ្ញុំ ទាំង៤សាខាតែម្តង មួយថ្ងៃនៅតាមហាងនីមួយ ខ្ញុំចែកជូនអស់ប្រហែល១០០ដប។ ក្រៅពីនេះ ខ្ញុំបរិច្ចាគថវិការទៅសមាគមន៍ផ្សេងៗ ដើម្បីជួយអ្នកទីទាល់ក្រផងដែរ»

ដោយឡែក នៅសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញវិញ ភ្នាក់ងារវីង ដែលបានមានស្លាកយយីហោ ងួន សីថា បាន ចែករំលែកទឹកអាល់កុលលាងដៃ និង ម៉ាស់ជាច្រើនដោយឥតគិតថ្លៃដល់អតិថិជន និងអ្នកធ្វើដំណើរផងដែរ។

មិនថាឡើយភ្នាក់ងារវីង នៅរាជធានីភ្នំពេញ សូម្បីតែបងប្អូនភ្នាក់ងារវីង នៅបណ្តាខេត្តនានា ក៏ចូលរួមទប់ស្កាត់កូវីដ១៩ផងដែរ។ តួយ៉ាងក្រុមគ្រួសាររបស់លោក ឃិន លីហាក់ ម្ចាស់ភ្នាក់ងារវីង និងក្រុមគ្រួសាររបស់លោក ក៏បានរួមចំណែកទឹកប្រាក់ចំនួន៤លានរៀល សម្រាប់ជួយបងប្អូន ដែលកំពុងតែខ្វះខាត ស្ថិតក្នុងភូមិស្រល់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ តាមរយៈលោកមេភូមិ ដោយមួយគ្រួសារៗ អាចស្នើថវិកានេះ បាន១០ម៉ឺនរៀល។

លោកបានថ្លែងថា «នៅពេលដែលសង្គមរបស់យើង កំពុងទទួលរងការវាយប្រហារពីមេរោគកូវីដ១៩នេះ យើងមិនអាចឈរអោបដៃមើលបានឡើយ។ នៅពេលដែលយើង មានស៊ីគ្រប់គ្រាន់ហើយ យើងត្រូវតែចេះចែករំលែក ជាពិសេសក្នុងគ្រាដ៏លំបាកនេះ»

ក្រៅពីនេះ ក៏នៅមានភ្នាក់ងារវីង នៅតាមកន្លែងផ្សេងដ៏ទៃទៀត នៅក្នុងប្រទេសកម្ពុជា ដែលបានស្ម័គ្រចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីរួមចំណែកឧបត្ថម្ភ ដល់ប្រជាជនកម្ពុជា ដែលខ្វះខាតផងដែរ៕