(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលមូលដ្ឋានប៉ុស្តិ៍ស្រះចក ខណ្ឌដូនពេញ បានស្រាវជ្រាវ និងតាមចាប់ខ្លួនខ្មាន់កាំភ្លើងម្នាក់បានហើយ ក្រោយបើកការបាញ់រះជិត ១០គ្រាប់កាលពីយប់មិញ។

មន្រ្តីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះថា ជនដៃដល់មានឈ្មោះ គង់ សុភាព អាយុ៤២ឆ្នាំ ពាក់ស័ក្តិ៤កន្លះ (វរសេនីយ៍ទោ) មានតួនាទីជានាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្រោយការចាប់ខ្លួន ជនដៃដល់ជាមន្រ្តីនគរបាលរូបនេះ នឹងត្រូវបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់។

សូមបញ្ជាក់ថា មានមនុស្សមួយក្រុមជិះរថយន្តពីរគ្រឿង បានធ្វើសកម្មភាពបាញ់ជិត ១០គ្រាប់ បណ្ដាលឲ្យស្រ្តីម្នាក់ដួលសន្លប់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តែសំណាងល្អមិនមានអ្នករងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង ១០យប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅផ្លូវរថភ្លើងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនស៉ីវិលមួយក្រុម មានគ្នាជិត១០នាក់ ជិះរថយន្តពីរគ្រឿងមួយគ្រឿងម៉ាក Lexus RX 330 ពណ៌ស មួយគ្រឿងទៀតម៉ាក Camry ពណ៌សមិនចាំស្លាកលេខទាំងពីរ បានចុះពីរថយន្តដើរសំដៅមកទីតាំងកើតហេតុ ដែលមានប្រជាពលរដ្ឋកំពុងអង្គុយជុំគ្នា ភ្លាមៗនោះស្រាប់តែជនដៃដល់ខាងលើ បានបាញ់ជិត១០គ្រាប់បណ្ដាលឲ្យប្រជាពលរដ្ឋភិតភ័យ នាំគ្នារត់ជាន់ជើងគ្នាបណ្ដាលឲ្យស្រ្តីម្នាក់បានដួលសន្លប់ ភ្លាមៗជនដៃដល់បានដើរមកសួរជនរងគ្រោះថា (ងាប់នៅ) រួចក៏នាំគ្នាគេចខ្លួនឡើងជិះ រថយន្តគេចខ្លួន ចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំងកន្លែងកើតហេតុបានត្រឹមតែប្រមូលសំបកគ្រាប់កាំភ្លើង រួចធ្វើការសាកសួរអ្នកដែលឃើញហេតុការណ៍ ដើម្បីកំណត់មុខសញ្ញាជនដៃដល់ផងដែរ៕