(ភ្នំពេញ)៖ ក្រោមកិច្ចសហការកម្ពុជា-ចិនតែមួយ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុន ព្រីនស៍ ហូលឌីងគ្រុប បានឧបត្ថម្ភសម្ភារបរិក្ខាពេទ្យសំខាន់ៗចំនួន ១៤មុខ ដែលគិតជាថវិកាចំនួនជិត ៧០ម៉ឺនដុល្លារ ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺ COVID-19។ 

នេះគឺជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លា ស្របពេលដែលយើងទាំងអស់គ្នាមានតម្រូវការ និងភាពចំបាច់នៃការចូលរួមពីសប្បុរសជនក្នុងបេសកកម្មបង្ការ និងទប់ស្កាត់ការរាតត្បាតមេរោគផ្លូវដង្ហើមថ្មី COVID-19 នឹងលើកស្ទួយសុខមាលភាពប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ មានសប្បុរសជនមួយចំនួនបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-19 តាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។ ថ្នាក់ដឹកនាំសមាគមសូមថ្លែងអំណរគុណ និងស្វាគមន៍ជានិច្ចចំពោះសប្បុរសជនដែលមានទឹកចិត្ត និងបំណងចូលរួមសកម្មភាពមនុស្សធម៌ក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-19 តាមរយៈសមាគម TYDA។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ជាសះស្បើយចំនួន ២៣នាក់ហើយ នៅសល់ ៨៤នាក់ទៀត កំពុងសម្រាកព្យាបាល នៃចំនួនអ្នកឆ្លងសរុប ១០៧នាក់៕