(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាពជំងឺ COVID-19 នៅកម្ពុជា» និង «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» នៅវេលាម៉ោង២រសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ នៅជាន់ផ្ទាល់ដី សាលប្រជុំ B នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សន្និសីទនេះមានគោលបំណងបង្ហាញជូនសាធារណៈឲ្យបានយល់ច្បាស់ពីសកម្មភាព សមិទ្ធផល និងទិសដៅការងារបន្ដ របស់ក្រសួងប្រៃសណីយ៍ ក្នុងទិសដៅស្នួល ជំរុញគោលនយោបាយ អភិបាលកិច្ចល្អ ឲ្យកាន់តែមានប្រសិទ្ធភាពឆ្លើយតបទៅ នឹងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ ដោយឡែក តាមរយៈសន្និសីទនេះក៏បង្ហាញអ្វីដែលជាបច្ចុប្បន្នភាពនៃជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជាផងដែរ។

ក្នុងសេចក្ដីជូនដំណឹងបានឲ្យដឹងថា សន្និសីទសារព័ត៌មាននេះនឹងមានការអញ្ជើញចូលរួមជាវាគ្មិនពីតំណាងក្រសួងសុខាភិបាល ដើម្បីបង្ហាញជូនសាធារណជនអំពីការធ្វើបច្ចប្បន្នភាពលើស្ថានភាពជំងឺ Covid-19 និងតំណាងក្រសួងប្រៃសណីយ៍ និងមានការសម្របសម្រួលពី លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៕