(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋសភាជាតិបើកសម័យប្រជុំ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០កន្លងទៅ បានសម្រេចផ្ញើបញ្ជីឈ្មោះសមាសភាពរាជរដ្ឋាភិបាលមួយចំនួន ដែលត្រូវផ្លាស់ប្តូរថ្មីទៅកាន់រដ្ឋសភា ដើម្បីសុំការផ្តល់សេចក្តីទុកចិត្តពីសមាជិកសភា។

សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពេញអង្គនៃរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទសារព័ត៌មាននៅវិមានរដ្ឋសភា។

នៅថ្ងៃទី២៧ ខែមីនា គណៈអចិន្ត្រៃយ៍នៃរដ្ឋសភា ក៏បានសម្រេចលើកយកសំណើរបស់សម្តេចតេជោ ហ៊ុន សែន មកបើកកិច្ចពិភាក្សា និងសម្រេចក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងសន្និសីទសារព័ត៌មាន សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបង្ហើបអំពីការកែសម្រួលគណៈរដ្ឋមន្ត្រី ដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៦នេះ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការផ្លាស់ប្តូរសមាសភាពនេះ គឺជារឿងធម្មតានៃការដឹកនាំរបស់រដ្ឋនីមួយៗ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា «ខ្ញុំគ្រាន់តែឱ្យសញ្ញាថា នឹងមានការកែសម្រួលគណៈរដ្ឋមន្រ្តីក្នុងពេលខាងមុខ មិនជាយូរប៉ុន្មាន បន្ទាប់ពីច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកទេស និងនិវានុវត្តន៍ ឆ្លៀតពេលនោះយើងនឹងមានការបោះឆ្នោតជ្រើសរើសរដ្ឋមន្រ្តី ហើយរដ្ឋមន្រ្តីនោះក៏នៅតែជាឯកឧត្តម ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ដដែលក៏ប៉ុន្តែអាចនឹងមានក្រសួងមួយចំនួនមានការកែសម្រួល»។

សម្តេចតេជោ ហ៊ុន សែន បានពន្យល់បន្តថា ការកែសម្រួលគណៈរដ្ឋមន្រ្តីវាជារឿងធម្មតា ដែលនៅប្រទេសខ្លះមានការដូររហ័សជាងនេះ ហើយការកែសម្រួលនោះ ក៏មិនខ្លាំងរហូតដល់ការរំលាយចោលរដ្ឋាភិបាលនោះដែរ ដោយគ្រាន់តែឃើញថា មានភាពស្ពឹកស្រពន់នៅកន្លែងខ្លះ ហើយកន្លែងខ្លះប្រសិទ្ធភាពវាតិច មិនទាន់ឆ្លើយតបនឹងការចង់បានរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា គណៈរដ្ឋមន្រ្តីអាណត្តិទី០៦ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ត្រូវបានបង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានឈ្នះក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ដោយទទួលបានអាសនៈទាំងអស់ក្នុងរដ្ឋសភា។ គណៈរដ្ឋមន្រ្តីអាណត្តិថ្មីនោះ មានសមាសភាពដូចជានាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រីជាដើម។

សមាជិករាជរដ្ឋាភិបាលអាណត្តិទី៦នេះ មានឧបនាយករដ្ឋមន្ត្រី ១០រូប, ទេសរដ្ឋមន្ត្រី ១៧រូប និងរដ្ឋមន្ត្រី ២៩រូប។ សមាសភាពរដ្ឋមន្ត្រីមួយចំនួន មានតួនាទីជាឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីផងដែរ៕