(សៀមរាប)៖ លោក នាង ឈុនអេង និងលោកស្រី យ៉ង់ ដេត ព្រមទាំងលោកស្រី នាង សុវណ្ណារ៉ា ត្រូវជាកូន ដែលសព្វថ្ងៃរស់នៅទីក្រុងភ្នំពេញ បានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីឆ្លាក់ព្រះកេសទេវតាចំនួន៣ ពីថ្មភក់ជំនួសព្រះកេសស៊ីម៉ង់ត៍ ដើម្បីដាក់នៅខ្លោងទ្វារទន្លេអុំ ក្រុងអង្គរធំ ។

នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦នេះ អ្នកជំនាញនៃអាជ្ញាធរអប្សរា បានយកព្រះកេសដែលឆ្លាក់រួចរាល់ហើយនោះ មកភ្ជាប់នឹងដងខ្លួន នៃចម្លាក់ទេវតាទាញព្រ័ត្រឡើងវិញ ក្នុងន័យអភិរក្ស និងលើកតម្លៃមតរកបេតិកភណ្ឌជាតិ។ ចម្លាក់ព្រះកេសទេវតាទាំង៣នេះ ស្ថិតនៅត្រង់ចម្លាក់ទេវតាទី៦ ទី១១ និងទី២៩ ដែលបាត់ព្រះកេស តាំងពីក្នុងពេលដែលប្រទេសខ្មែរ កំពុងស្ថិតនៅក្នុងភ្លើងសង្រ្គាមនៅឡើយ។

លោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ ជាអ្នកសម្របសម្រួលការងារនេះ បញ្ជាក់ថា សប្បុរសជនខ្មែរពីរនាក់ប្តីប្រពន្ធ ព្រមទាំងបុត្រដែលមានអាសយដ្ឋាន នៅបុរីសុភមង្គល សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ ជាអ្នកមានជំនឿលើវត្ថុបុរាណ និងស្រឡាញ់ពេញចិត្តយ៉ាងខ្លាំង ចំពោះមត៌កវប្បធម៌ខ្មែរ។ ក្រុមគ្រួសារលោកទាំងពីរ បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីឲ្យក្រុមការងារជាងចម្លាក់ នៅភូមិអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ឆ្លាក់ព្រះកេសទេវតាឡើងវិញ ដោយចំណាយថវិកាសរុបអស់ចំនួន១៨០០ដុល្លារអាមេរិក។

លោក សយ សុភារិន្ទ អ្នកជំនាញផ្នែកអភិរក្ស និងជួសជុលថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ដែលកំពុងដឹកនាំការងារ តភ្ជាប់ព្រះកេសនេះរៀបរាប់ថា ចម្លាក់ព្រះកេសទេវតាទាំង៣ដែលយើងកំពុងតភ្ជាប់នេះ គឺអ្នកជំនាញបានឆ្លាក់យកទម្រង់ ព្រះភក្ត្រពេញទាំងស្រុង ស្របតាមទម្រង់រចនាប័ទ្មនាសម័យនោះ។

លោក សុភារិន្ទ បន្ថែមថា ចម្លាក់ទាញព្រ័ត្រនៅខ្លោងទ្វារ ទន្លេអុំ សរុបទាំងអស់មានចំនួន១០៨ ដែលក្នុងនោះចម្លាក់ទេវតាចំនួន៥៤ និងចម្លាក់យក្សចំនួន៥៤។ រយៈកាលកន្លងមក អាជ្ញាធរជាតិអប្សរា បានឆ្លាក់ព្រះកេសថ្មីធ្វើពីថ្មភក់ និងភ្ជាប់ឡើងវិញបានចំនួន២៥ហើយ ដែលចម្លាក់ទាំងនេះ ឆ្លាក់តាមរចនាប័ទ្មដើមទាំងស្រុង ដែលមានតម្កល់ទុកនៅអភិរក្សដ្ឋានអង្គរ។

ចំណែកចម្លាក់៣ ដែលជាអំណោយសប្បុរសជននៅពេលនេះ មិនមានចម្លាក់ដើមនៅសេសសល់ទេ ដូច្នេះអ្នកជំនាញបានឆ្លាក់ព្រះកេស ឲ្យមានទម្រង់ស៊ីគ្នានឹងចម្លាក់ដងខ្លួន ដែលនៅសល់ ហើយមានលក្ខណៈប្រហាក់ប្រហែលគ្នានឹង ព្រះកេសទេវតាផ្សេងៗទៀត ដែលមាននៅទីនេះស្រាប់។ បច្ចុប្បន្ននៅសល់ចម្លាក់ អត់ព្រះកេសចំនួន១១ ដែលមិនទាន់បានឆ្លាក់បំពេញនៅឡើយ។
ការអភិរក្សមត៌កបេតិកភណ្ឌជាតិ គឺជាការងាររបស់យើងទាំងអស់គ្នា។

ការរួមចំណែករបស់សប្បុរសជននៅពេលនេះ គឺជាកាយវិការដ៏ប្រពៃដែលអាជ្ញាធរជាតិអប្សរា សូមកោតសរសើរដោយស្មោះ និងគាំទ្រលើកទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅ ដែលគោរពស្រឡាញ់វប្បធម៌ដូនតាខ្មែរ អាចចូលរួមជាមួយអាជ្ញាធរជាតិអប្សរា បានគ្រប់ពេលវេលា និងគ្រប់សកម្មភាព ៕