(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តរំលឹកដល់មន្ត្រីរាជរដ្ឋាភិបាល អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បន្តចុះអប់រំផ្សព្វផ្សាយពីវិធីបង្កា និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។ ទន្ទឹមនឹងការអប់រំហើយនោះ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យទៅជាមួយស្បៀងអាហារ ក្រមា និងម៉ាសទៅជូនពលរដ្ឋខ្វះខាតផងដែរ។

តាមរយៈទំព័រ Facebook នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន រំលឹកដល់មន្ត្រីឱ្យចុះទៅដល់កន្លែងប្រជាពលរដ្ឋរស់នៅតែម្តង ដោយមិនត្រូវហៅប្រជាពលរដ្ឋមកជួបប្រជុំគ្នានោះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បន្តអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការជាមួយមន្ត្រីសុខាភិបាល ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងជំនួបជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ បានណែនាំដល់ក្រុមការងារថ្នាក់ជាតិទាំងអស់ ចុះស្រង់ស្ថិតិប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាពបណ្តាលមកពីឥទ្ធិពលនៃជំងឺកូវីដ១៩ ហើយរៀបចំចាត់ចែងស្បៀអាហារ គ្រឿងឧបភោគ បរិភោគ និងរៀបចំក្រមាជាដើមចែកជូនដល់ពួកគាត់។

ក្រោយការដាក់ចេញបទបញ្ជានេះ ក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បាននិងកំពុងចុះធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ។

តាមរយៈកាយវិការទាំងនេះ បានបង្ហាញឱ្យឃើញស្មារតីយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការដោះស្រាយបញ្ហារបស់សង្គមជាតិ និងប្រជាពលរដ្ឋនៅពេលជួបទុក្ខលំបាក ដូចដែលសម្តេចតេជោធ្លាប់ថ្លែងថា ទីណាមានទុក្ខលំបាក តែងមានវត្តមានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា៕