(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមមន្ត្រីចំណុះសាលាខេត្ត ក្នុងនោះមានលោក តេង រិទ្ធី ក្រុមប្រឹក្សាខេត្តកណ្ដាល លោក-លោកស្រីអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធទាំងអស់ បានចុះសួរទុក្ខអ្នកស្រុកកណ្ដាលស្ទឹង ដើម្បីណែនាំពួកគាត់ពីវិធានការការពារខ្លួនពីវីរុស COVID-19 ហើយបាននាំយកអំណោយជូនពួកគាត់ផងដែរ។

សកម្មភាពនេះដែលមានប្រជាពលរដ្ឋក្រីក្រចំនួន១៦២ គ្រួសារមកពីភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង មកចូលរួមស្ដាប់ការពន្យល់របស់អភិបាលខេត្ត ដោយលោក គង់ សោភ័ណ្ឌ បានពាំនាំការផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចទាំងទ្វេ តែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

លោក គង់ សោភ័ណ្ឌ ក៏បានថ្លែងទៅកាន់ពលរដ្ឋថា កុំមានភ័យខ្លាចជ្រុលចំពោះវីរុស COVID-19 នេះ ប៉ុន្តែត្រូវថែរក្សាសុខភាពរស់នៅស្អាត ហូបស្អាត ផឹកស្អាត ពិសេសឧស្សាហ៍លាងដៃជាមួយសាប៊ូ ឬទឹកអាល់កុល ហើយសំរាប់បងប្អូនដែលទើបមកពីប្រទេសថៃ សូមនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន ពិសេសប្រាប់ទៅអាជ្ញាធរឲ្យមានការយកចិត្តទុកដាក់ឲ្យមែនទែន។

ទន្ទឹមនិងសារនេះទៀត លោកអភិបាលខេត្តក៏បានពន្យល់ប្រាប់ពលរដ្ឋកុំជឿព័ត៌មានញុះញង់អកុសលទាំងឡាយ កុំShareព័ត៌មានមិនពិត កុំឆាប់ជឿលើសារសម្លេងMessenger ផ្ដេសផ្ដាស ប៉ុន្តែបងប្អូនត្រូវតែជឿលើក្រសួងសុខាភិបាល អង្គភាពព័ត៌មានធំៗទៅបានហើយ ដើម្បីទទួលបានព័ត៌មានពិត ព័ត៌មានមានវិជ្ជាជីវៈត្រឹមត្រូវ។

លោកក៏បានជំរុញឲ្យអាជ្ញាធរទាំងអស់ ត្រូវបន្តធ្វើយុទ្ធនាការផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន អំពីការធ្វើអនាម័យជាប្រចាំ ដោយលាងសម្អាតឲ្យបានញឹកញាប់ ចេញក្រៅត្រូវពាក់ម៉ាស់ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ផងដែរថា អំណោយដែលបានចែកជូន្តជាពលរដ្ឋក្រីក្រនៅពេលនេះ សម្រាប់១គ្រួសារទទួលបានអង្គរ ២៥គីឡូក្រាម, ក្រមា១, សាប៊ូ ៣ដុំ, សាប៊ូម្សៅ ១គីឡូក្រាម, មី ១កេស, និងថវិកា ៣ម៉ឺនរៀល ក្នុងនោះលោកអភិបាលខេត្ត បានឧបត្ថម្ភជូនគ្រួសារដែលជួបគ្រោះថ្នាក់ចរាចរណ៍ដាច់ជើង នូវជើងសិប្បនិម្មិត១ និងថវិកា១លានរៀលផងដែរ៕