(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានសម្តែងការស្ញប់ស្ញែង និងកោតសរសើរជាខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យជួរមុខ និងមន្ត្រីសុខាភិបាលទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងព្យាបាលអ្នកជំងឺឱ្យជាសះស្បើយជាបន្តបន្ទាប់។

តាមរយៈអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០នេះ លោក ម៉ម ប៊ុនហេង បានផ្ញើការកោតសរសើរ ថ្លែងអំណរគុណទៅកាន់ក្រុមគ្រូពេទ្យជួរមុខយ៉ាងដូច្នេះ «សូមសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់លោក លោកស្រីប្រធានមន្ទីរសុខាភិបាលរាជធានី -ខេត្ត ទាំងអស់ ឯកឧត្តម លោក លោកស្រីប្រធានមន្ទីរពេទ្យជាតិទាំងអស់។ ជាពិសេសដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលនៅទូទាំងប្រទេស ដែលជាអ្នកប្រយុទ្ធជួរមុខទាំងអស់ ដែលបានលះបង់ទាំងកំលាំងកាយ កំលាំងចិត្ត និងប្រាជ្ញា មានឆន្ទ:មុះមុត បំពេញភារកិច្ច ការពារការរីករាលដាល និង ថែទាំព្យាបាលអ្នកជំងឺកូវីដ១៩នៅកម្ពុជា យ៉ាងមានប្រសិទ្ធិភាពខ្ពស់»

បេសកកម្មនៃការចូលរួមទប់ស្កាត់ការរីករាលជំងឺកូវីដ១៩នៅកម្ពុជា គឺមានការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងក្រុមអ្នកសិល្បៈផងដែរ ដើម្បីបញ្ច្រៀបការយល់ដឹងពីវិធីបង្ការ និងទប់ស្កាត់មិនឱ្យជំងឺកូវីដ១៩រីករាលដាល។

លោក ម៉ម ប៊ុនហេង ក៏បានផ្ញើសារថ្លែងអំណរគុណចំពោះអាជ្ញាធរ មូលដ្ឋានថ្នាក់ក្រោមជាតិ និងផ្នែកពាក់ពន្ធ័ជាតិ និងអន្តរជាតិទាំងអស់ ព្រមទាំងក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តធីតារបស់សម្តេចតេជោ អ្នកស្ម័គចិត្តកាកបាទក្រហមកម្ពុជា សិល្បករ សិល្បការិនី អ្នកសារព័ត៌មាន និងប្រពន្ធ័ផ្សព្វផ្សាយព៌តមានទាំងអស់ ដែល បានរួមសហការគ្នាប្រកបដោយស្មារតីទទួលខុសត្រូវក្នុងការប្រតិបត្តិ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ក្រុមគ្រូពេទ្យ មន្ត្រីបុគ្គលិកសុខាភិបាល ព្រមទាំងអ្នកពាក់ពន្ធ័ទាំងអស់ និងប្រជាពលរដ្ឋគ្រប់ៗគ្នា បន្តខិតខំប្រឹងប្រែងបន្ថែមទៀត ជាមួយក្រសួងសុខាភិបាល ក្នុងការអនុវត្តតាមគោលនយោបាយ និងការណែនាំប្រតិបត្តិរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ អ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា មានចំនួនសរុប ១០៣នាក់។ ក្នុងនោះព្យាបាលជា ២១នាក់ហើយ នៅសល់ ៨២នាក់ទៀត កំពុងសម្រាក់ព្យាបាល។ តាមរយៈលទ្ធផលនេះ បានបង្ហាញឱ្យឃើញពីសញ្ញាយ៉ាងល្អមួយសម្រាប់កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខណៈដែលប្រទេសជាច្រើនលើពិភពលោកកំពុងរងការរាតត្បាតយ៉ាងពីមេរោគកូវីដ១៩នេះ៕