(បន្ទាយមានជ័យ)៖ អភិបាលខេត្ដបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានបញ្ជាក់មកបណ្ដាញព័ត៌មាន Fresh News នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះថា គឹមត្រឹមថ្ងៃនេះ គឺមនុស្ស២៣នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានយកទៅទុកដាច់ដោយឡែក ដើម្បីតាមដានសុខភាពរបស់ពួកគេ ក្នុងរយៈពេល១៤ថ្ងៃ ពាក់ព័ន្ធនឹងជំងឺឆ្លងកូវីដ-១៩ (Covid-19)។

លោកអភិបាល បានបញ្ជាក់ថា ក្នុងចំណោម២៣នាក់ នៅខេត្តបន្ទាយមានជ័យ ក៏មានមនុស្សមួយចំនួន ដែលពាក់ព័ន្ធនិងប៉ះពាល់ជាមួយស្ដ្រីវ័យអាយុ៣៦ឆ្នាំ ដែលរកឃើញវិជ្ជមាន Covid-19 ដែលក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន នាព្រឹកមិញនេះ។

ពាក់ព័ន្ធទៅនឹងស្ដ្រីវ័យ៣៦ឆ្នាំនេះ ត្រូវបានលោកអភិបាលខេត្តបញ្ជាក់ថា ធ្លាប់មានទំនាក់ទំនងជាមួយជនជាតិថៃ ដែលធ្លាប់ចូលមក Star TV ហើយត្រឡប់ទៅប្រទេសថៃវិញ ត្រូវបានរកឃើញវិជ្ជមាន Covid-19។

ប៉ុន្ដែយ៉ាងណានោះ ស្ដ្រីរូបនេះ បានមកស្ម័គ្រចិត្ដមកធ្វើតេស្ដលើកទី១ហើយ កាលពីពេលកន្លងទៅថ្មីៗ ក៏ប៉ុន្ដែអវិជ្ជមាន Covid-19 ប៉ុន្ដែដឹងថាខ្លួនមិនស្រួល ក៏មកសុំធ្វើតេស្ដម្ដងទៀត ក៏រកឃើញវិជ្ជមាន Covid-19 តែម្ដង។

ជាមួយគ្នានេះ អភិបាលខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមពលករមកពីប្រទេសថៃ ក្នុងខេត្ដបន្ទាយមានជ័យ គឺក្រុមគ្រូពេទ្យ និងអាជ្ញាធរ បានជួបផ្ទាល់ និងពិនិត្យសុខភាព បានជាង៧០ភាគរយហើយ។

ឥលូវនេះ លោកកំពុងតែបង្កើន ប្រតិបត្ដិការយុទ្ធនាការនេះ ឲ្យអាជ្ញាធរ និងក្រុមគ្រូពេទ្យ ចុះទៅជួបផ្ទាល់ជាមួយពលករ ដែលនៅសេសសល់ ដើម្បីតាមដាន សុខភាពរបស់ពួកគាត់ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ (Covin-19)។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ មានអ្នកជំងឺកូវីដ១៩ ចំនួន៨២នាក់ កំពុងព្យាបាលនៅក្នុងប្រទេសកម្ពុជា ក្នុងនោះ មានស្រ្តី២៦នាក់ និងបុរស៥៦នាក់ នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋរាជធានីខេត្ត ក្នុងចំណោមអ្នកឆ្លងសរុបចំនួន១០៣នាក់ ហើយអ្នកជាសះស្បើយ បានកើនឡើងរហូតដល់២១នាក់។

សម្រាប់អ្នកដែលរកឃើញឆ្លងជំងឺកូវីដ១៩ថ្មី ជាស្ត្រីអាយុ៣៦ឆ្នាំ បម្រើការនៅស្តាធីវី (Star TV) រស់នៅភូមិប៉ាលេលៃ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ស្ត្រីរូបនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ៕