(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋមិនត្រូវប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ដោយខ្លួនឯងនោះឡើយ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា បច្ចុប្បន្នមានការផលិតឧបករណ៍ធ្វើតេស្តរហ័សច្រើន តែរហូតដល់ពេលនេះ នៅមិនទាន់មានឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ប្រភេទណាមួយ ដែលមានការបញ្ជាក់ទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនូវភាពត្រឹមត្រូវ និងប្រសិទ្ធភាពនៅឡើយទេ។

ក្រសួងបន្ថែមថា ប្រសិទ្ធភាពនៃការធ្វើតេស្តរហ័សបែបនេះ គឺនៅទាបណាស់ ហើយក៏មានការចេញលទ្ធផលមកមិនច្បាស់លាស់ច្រើនណាស់ដែរ ដូចជាអ្នកដែលមិនមានមេរោគ បែរទៅជាមានលទ្ធផលវិជ្ជមាន រីឯអ្នកមានមេរោគ បែរទៅជាមានលទ្ធផលអវិជ្ជមានទៅវិញ។

ក្រសួងបានបញ្ជាក់ថា មានតែវិទ្យាស្ថានជាតិស្រាវជ្រាវសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលកំពុងប្រតិបត្តិការតាមបច្ចេកទេស និងគោលការណ៍ប្រតិបត្តិស្តង់ដាររបស់អង្គការសុខាភាពពិភពលោក ដែលមានការចេញលទ្ធផលទទួលស្គាល់ត្រឹមត្រូវ។

ក្រសួងសុខាភិបាល បានព្រមានថា ជនដែលប្រើឧបករណ៍សម្រាប់តេស្តរហស័រកមេរោគកូវីដ១៩ មកផ្សព្វផ្សាយជាសាធារណៈដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល នឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

ក្រសួងក៏បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធចូលរួមចាត់វិធានការតាមផ្លូវច្បាប់ជាធរមានយ៉ាងម៉ឺងម៉ាត់ជាទីបំផុត ចំពោះបុគ្គល ឬក្រុមហ៊ុនណា ដែលផ្សព្វផ្សាយឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ដោយមិនមានការអនុញ្ញាតពីក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ អ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា មានចំនួនសរុប ១០៣នាក់។ ក្នុងនោះព្យាបាលជា ២១នាក់ហើយ នៅសល់ ៨២នាក់ទៀត កំពុងសម្រាក់ព្យាបាល៕