(ស្វាយរៀង)៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង ចំនួន ៣៤នាក់​ ដឹកនាំដោយលោកវេជ្ជបណ្ឌិត កែរ រដ្ឋា អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្ររចិត្ត និងជាប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង សហការ​ជាមួយ​ក្រុម​ប្រឹក្សា​សង្កាត់​ស្វាយ​រៀង​ ​និង​មេភូមិ​ បានចុះ​ផ្សព្វផ្សាយ​ អប់រអប់រំ​ ផ្តល់​ចំណេះដឹង​ ស្តី​ពី​វិធានការការ​ពារ​ ទប់ស្កាត់​ ប្រយុទ្ធ​ប្រឆាំង​នឹងជម្ងឺ COVID-19 និង​ចែក​ម៉ាស់​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​រោង​បន្លែ​ និង​ភូមិ​វាល​យន្ត​ នៅ​ក្នុង​សង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយរៀង​ចំនួន​១៣៥ខ្នង​ផ្ទះ​ ។

ក្នុង​ឱកាស​នោះ ​លោក​វេជ្ជបណ្ឌិត​ កែរ​ រដ្ឋា​ បាន​ឧបត្ថម្ភ​ ប្រដាប់​ស្ទង់​កំដៅ​១​ អាកុល​ ១០លីត្រ​ និង​ម៉ាស់​១ប្រអប់​ដល់​ក្រុម​ប្រឹក្សា​សង្កាត់​ស្វាយ​រៀង​ និងបានចុះអប់រំប្រជាពលរដ្ឋ ក្នុង​ភូមិ​រោង​បន្លែ​ និង​ភូមិ​វាល​យន្ត​ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ពីវិធីទប់ស្កាត់ ជម្ងឺកូវីដ១៩សំដៅរួមគ្នាបញ្ជៀសជម្ងឺនៅក្នុងសហគមន៍ ខណៈដែលនិន្នាការជម្ងឺបានផ្ទុះ​នៅក្នុងខេត្តមួយចំនួនរបស់កម្ពុជាកន្លងមក ។

ក្នុងពេលចុះអប់រំនៅតាមខ្នងផ្ទះពលរដ្ឋ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា​ បានបញ្ជាក់ថា ជម្ងឺកូវីដ១៩ ជាជម្ងឺកាចសហាវ នាបច្ចុប្បន្ន បង្កឲ្យមនុស្សគ្រប់ស្រទាប់ទទួលរងជម្ងឺ និងឈឺស្លាប់បើគ្មានទទួលសេវាព្យាបាលទាន់ពេលវេលា​ដូចនេះដើម្បីបញ្ជៀសជម្ងឺ បងប្អូន​ត្រូវឧស្សហ៍លាងដៃនឹងសាប៊ូ អោយបានញឹកញាប់ ពេលប្រាស្រយ័ទំនាក់ទំនង ត្រូវពាក់ម៉ាស់ ឬ ក្រម៉ា បើគ្មានករណីចាំចាច់​ គួរកុំជួបជុំប្រមូលផ្តុំគ្នាច្រើន ពេលសង្ស័យមានជម្ងឺអ្វី​ គួររួសរាន់ទៅប្រឹក្សាជាមួយគ្រូពេទ្យដែលនៅជិត ធ្វើអនាម័យភូមិដ្ឋាន បញ្ជៀសទៅកន្លែងចិញ្ចឹមសត្វ ពិសេសពិសារម្ហូបអាហារដែលចំអិនឲ្យឆ្អិន ជៀសវាងហូបបន្លែឆៅ គួរបន្ថយការសេពវគ្រឿងស្រវឹង ហើយកុំធ្វើដំណើរទៅទីប្រជុំជនផងដែរ ។

សូមបញ្ជាក់ថា ខេត្តស្វាយរៀងជាខេត្តជាប់ព្រំដែនកម្ពុជា វៀតណាម បន្ទាប់ពីនិន្នាការជម្ងឺកូវីដ១៩ ផ្ទុះនៅប្រទេសចិន រាជរដ្ឋាភិបាលបានចាត់វិធានការទប់ស្កាត់ជម្ងឺនេះ​ ក្នុងនោះអាជ្ញាធរខេត្ត រួមនិងមន្ទីរសុខាភិបាលខេត្ត បានរៀបចំធ្វើការត្រួតពិនិត្យភ្ញៀវចេញចូលតាមច្រកព្រំដែនអន្តរជាតិ ច្រកតំបន់ រៀបចំក្រុមគ្រូពេទ្យ និងបន្ទប់ដាច់ដោយឡែក​ សម្រាប់​អ្នកជម្ងឺសង្ស័យ​ បានគ្រប់មន្ទីរពេទ្យបង្អែកក្នុងខេត្ត​។

ការចុះអប់រំ​ប្រជាពលរដ្ឋ មន្រ្តី​រាជការ​តាម​មន្ទីរ អង្គភាពជាបន្តបន្ទាប់ ពិសេសរយៈពេល២​សប្ដាហ៍​នេះ​ ក្រុម​ការងារ​គ្រូពេទ្យស្មគ្រ័ចិត្តលោក ហ៊ុន ម៉ានី បានចុះអប់រំផ្សព្វផ្សាយ នូវវិធានការបង្ការជម្ងឺ ជូនពលរដ្ឋនៅតាមភូមិមួយចំនួនក្នុងខេត្តបាន​ ៤៨៥ខ្នង​ផ្ទះ​៕