(កំពង់ចាម)៖ លោកស្រី តាំង សុគន្ធមាលា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំសំបូរ រួមជាមួយក្រុមប្រឹក្សាស្រុកបាធាយ និងក្រុមប្រឹក្សាឃុំសំបូរ បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រ នៅក្នុងឃុំសំបូរ ស្រុកបាធាយ តាមខ្នងផ្ទះសរុប១០៦គ្រួសារ មកពីភូមិទាំង៧ ក្នុុងឃុំ។

ក្នុងពិធីសំណេះសំណាលនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ លោកស្រី តាំង សុគន្ធមាលា និងក្រុមការងារ បានធ្វើការណែនាំ និងអប់រំប្រជាពលរដ្ឋអំពីជំងឺកូវីត១៩ ដើម្បីឲ្យពួកគាត់ ចេះការពារថែរក្សាសុខភាព និងអនាម័យតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

អ្វីដែលលោកស្រី និងក្រុមការងារ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ មានដូចជា ការលាងសម្អាតដៃឲ្យបានញឹកញាប់, ពាក់ម៉ាស់, កុំឲ្យមានការជួបជុំគ្នាច្រើននាក់, នៅឃ្លាតឆ្ងាយពីគ្នា ហើយបើមានការសង្ស័យសូម ជូនដំណឹងទៅខាងភូមិ ឃុំ ឬមណ្ឌលសុខភាព ហើយបើមានបងប្អូនទើបត្រឡប់មកពីធ្វើការនៅក្រៅប្រទេស សូមឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។

ក្នុងឱកាសនេះដែរ លោកស្រី និងក្រុមការងារក៏បាននាំយកនូវអំណោយ និងថវិកាមួយចំនួនចែកជូនដល់ប្រជាពលរដ្ឋដែលទីទាល់ក្រ ទាំង១០៦គ្រួសារ មានដូចជា៖

*អង្ករ២,៦៥០គីឡូក្រាម
*ទឹកស៉ីអ៉ីវ១០៥យួរ និងត្រីខកំប៉ុង ១០៥យួរ
*ទឹកលាងសំអាតដៃ ១០៥ដប
*ម៉ាស់ ១៥ដុំ
*ថវិកាជូនចាស់ជរា ៨០០,០០០រៀល
*ប្រាក់ខែអ្នកបើករថយន្តសង្គ្រោះបន្ទាន់ ២០០ដុល្លារ
*ឧបត្ថម្ភដល់ក្រុមប្រឹក្សាឃុំ២០០ដុល្លារ៕