(រតនគិរី)៖ មន្ត្រីចត្តាឡីស័ក និងអង្គភាពពាក់ព័ន្ធ រួមទាំងសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពសាខាខេត្តរតនគិរី នៅរសៀលថ្ងៃទី២៨ខែមីនាឆ្នាំ២០២០នេះ បន្តយុទ្ធនាការទប់ស្កាត់ និងបង្ការ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩(Covid-19) នៅចំណតរថយន្តតាយសេងជាយក្រុងបានលុង ខេត្តរតនគិរី។

ប្រធានសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពសាខាខេត្តរតនគិរីលោក សាយ សាមាន បានប្រាប់ភ្នាក់ងារ Fresh News ថា កម្លាំងលោកសហការជាមួយមន្ត្រីចត្តាឡីស័ក និងអង្គភាពពាក់ព័ន្ធធ្វើការ វាស់កំដៅ ប្រជាពលរដ្ឋទូទៅ ដែលចូលមកកាន់ខេត្តរតនគិរី និងបាញ់ថ្នាំសម្លាប់មេរោគលើមធ្យោបាយ។

ទន្ទឹមនិងនេះលោកប្រធានសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពសាខាខេត្តរតនគិរី ក៏បានណែនាំពួកគាត់(អ្នកដំណើរ) ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវចេះធ្វើអនាម័យជាប់ជាប្រចាំ ហើយបើមានបងបងប្អូនណាថាខ្លួនមានជំងឺនេះសូមចូលខ្លួនឲ្យគ្រូពេទ្យ នៅតាមមូលដ្ឋានពិនិត្យឲ្យបានឆាប់រហ័ស ដើម្បីមានវិធានការព្យាបាលបានទាន់ពេលវេលា ចៀសវាងកុំឲ្យមានការរីករាលដាលដល់ អ្នកដទៃនៅជិតខ្លួន។

លោកបន្តថា កម្លាំងសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពសាខាខេត្តរតនគិរី គឺស្ម័គ្រចិត្តចូលរួមសហការជាមួយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តរតនគិរី រហូតទាល់តែជំងឺកូវីដ-១៩មានភាពធូរស្បើយ។

នៅរសៀលថ្ងៃដដែលនេះដែរ លោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី ប្រាប់ឲ្យដឹងថា រហូតមកដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ ពុំទាន់មានករណីជំងឺកូវីដ-១៩លើជនណាម្នាក់នៅឡើយទេ ទោះបីយ៉ាងនេះក្តីក៏លោកបានធ្វើការអំពាវនាវសូមឲ្យប្រជាពលរដ្ឋ គឺខ្លួនគាត់ផ្ទាល់ត្រូវអនាម័យ លាងដៃ នៅច្ងាយពីគ្នា និងពាក់ម៉ាស់ជាដើមផងដែរ៕