(ឧត្តរមានជ័យ)៖ ដោយមានការយកចិត្តទុក្ខដាក់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីយុទ្ធជនកម្ពុជា, លោក ង៉ែត ចាន់ថុន សមាជិកគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធានគណៈអភិវឌ្ឍន៍របស់សមាគមអតីតយុទ្ធជនកម្ពុជា ទទួលជួយការងារអតីតយុទ្ធជន ទិសយោធាភូមិភាគទី៤ និងភូមិភាគទី៥ តំណាងទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ, លោក ស ថេត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ និងលោក រ័ត្ន ស៊្រាង អនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគបរិភោគមួយចំនួន ចែកជូនដល់គ្រួសារអតីតយុទ្ធជនដែលមកពីរាជធានីភ្នំពេញ សរុបចំនួន១០១គ្រួសារ ទៅរស់នៅក្នុងភូមិស្រះទឹកតេជោអភិវឌ្ឍន៍ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ។

ពិធីចែកអំណោយ បានធ្វើឡើងនាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ អមដំណើរដោយលោក រឹទ្ធី ប៉ាក់ អភិបាលស្រុកចុងកាល់ រួមទាំងក្រុមការងារយ៉ាងច្រើនកុះករផងដែរ។

តំណាងទេសរដ្ឋមន្រ្តី គន់ គីម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចទាំងពីរ តែងតែគិតគូរយកចិត្តទុក្ខដាក់រាល់ការលំបាក របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសតែងតែគិតគួរយកចិត្តទុក្ខដាក់ខ្ពស់ ចំពោះអតីតយុទ្ធជនគ្រប់ពេលវេលា ដោយមិនទុកឲ្យគ្រួសារអតីតយុទ្ធជន ដែលមករស់នៅក្នុងខេត្តឧត្ដរមានជ័យឲ្យឯកោឡើយ។

លោក ង៉ែត ចាន់ថុន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឃួង ស្រេង និងលោក ស ថេត ដែលបានបានឧបត្ថមថវិកាចំនួន២៥លានរៀល ដើម្បីចេញថ្លៃភ្ជួរដី និងផ្គត់ផ្គង់គ្រួសារ។ ចំណែកឯលោក រ័ត្ន ស៊្រាង ក៏បានឧបត្ថម ថវិកាចំនួន១៣លានរៀលផងដែរ សម្រាប់ទិញសម្ភារ និងចំណីអាហារ។

គួរបញ្ជាក់ថា គ្រួសារអតីតយុទ្ធជនដែលមករស់នៅក្នុងខេត្តឧត្ដរមានជ័យ មានចំនួន១០១គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ៥០គីឡូក្រាម,
ក្រមា០១, ត្រីខ ០១យួរ, ទឹកស៉ីអៀវ ០១យួរ, រួមទាំងថវិកា២៥ម៉ឺនរៀល ដោយថវិកា២០ម៉ឺនរៀល សម្រាប់ឲ្យប្រជាពលរដ្ឋអតីតយុទ្ធជនភ្ជួរដីធ្វើស្រែចំការ៕