(ឧត្តរមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ បានកោះប្រជុំបន្ទាន់មួយជាមួយអាជ្ញាធរខេត្ត ដើម្បីស្វះស្វែងរកប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងជីវភាពព្រោះតែការរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីចាត់ចែងរៀបចំជាអំណោយ និងដាក់ចេញវិធានការជួយដោះស្រាយការលំបាកនេះ។

លោកទេសរដ្ឋមន្ត្រី បានប្រាប់ Fresh News នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះថា នៅទូទាំងខេត្តឧត្តរមានជ័យ ក្រុមការងារបានរកឃើញប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាពបណ្តាលមកពីជំងឺកូវីដ១៩នេះប្រមាណជា ១២,៥០០គ្រួសារ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា បន្ទាប់ពីរកឃើញប្រជាពលរដ្ឋខ្វះខាតក្នុងជីវភាពនេះហើយ លោកបានធ្វើចលនាកៀរគរក្រុមការងារចុះជួយខេត្តឧត្តរមានជ័យនេះ ដើម្បីរៀបចំជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាខ្លះផង ផ្តល់ជូនគ្រួសាររងផលប៉ះពាល់ ដើម្បីដោះស្រាយការលំបាកក្នុងជីវភាព។

បើតាមលោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ក្រុមការងារក៏បានរៀបចំក្រមាចែកជូនពួកគាត់ ដើម្បីទុកប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាការទុកប្រើសម្រាប់ការពារការរីករាលដាលជំងឺកូវីដ១៩។

ទន្ទឹមនឹងការរៀបចំចាត់ចែងអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាជូនដល់អ្នករងផលប៉ះពាល់នេះហើយ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានធ្វើដំណើរចុះទៅដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋកំពុងជួបការលំបាកនេះ ដើម្បីសាកសួរ និងរិះរកដំណោះស្រាយដទៃទៀតក្នុងការដោះស្រាយបញ្ហាប្រឈមនេះ។

លោកទេសរដ្ឋមន្ត្រីប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ ក៏បានណែនាំ និងចាត់ចែងឱ្យក្រុមការងារទាំងអស់ចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដែលជួបការលំបាកនេះ ដើម្បីដាក់ចេញវិធានការ និងចំណាត់ការទាំងឡាយ ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងជំនួបជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ បានណែនាំដល់ក្រុមការងារថ្នាក់ជាតិទាំងអស់ ចុះស្រង់ស្ថិតិប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាពបណ្តាលមកពីឥទ្ធិពលនៃជំងឺកូវីដ១៩ ហើយរៀបចំចាត់ចែងស្បៀអាហារ គ្រឿងឧបភោគ បរិភោគ និងរៀបចំក្រមាជាដើមចែកជូនដល់ពួកគាត់។

ក្រោយការដាក់ចេញបទបញ្ជានេះ ក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បាននិងកំពុងចុះធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ។

តាមរយៈកាយវិការទាំងនេះ បានបង្ហាញឱ្យឃើញស្មារតីយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការដោះស្រាយបញ្ហារបស់សង្គមជាតិ និងប្រជាពលរដ្ឋនៅពេលជួបទុក្ខលំបាក ដូចដែលសម្តេចតេជោធ្លាប់ថ្លែងថា ទីណាមានទុក្ខលំបាក តែងមានវត្តមានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា៕