(កណ្ដាល)៖ អនុវត្តន៍តាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានណែនាំឲ្យក្រុមការងារថ្នាក់កណ្តាល ចុះចែកជូននូវក្រមា និងសម្ភារសម្រាប់បង្ការ ទប់ស្កាត់ជំងឺកូវីដ១៩ ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលជួយស្រុកលើកដែក ខេត្តកណ្តាល បាននាំយកអំណោយរបស់លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា រួមមាន៖ ក្រមា ម៉ាស និងថវិកាមួយចំនួន ប្រគល់ជូនមន្ត្រីជួរមុខ ក្នុងការប្រយុទ្ធនឹងជំងឺកូវីត១៩ នៅឃុំក្អមសំណរ ស្រុកលើកដែក។

ការប្រគល់ជូននូវសម្ភារ បង្ការទប់ស្កាត់ជំងឺកូវីដ១៩នេះ ធ្វើឡើងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងកើនឡើងជាបន្តបន្ទាប់ ហើយដើម្បីឲ្យក្បាលម៉ាស៊ីនដឹកនាំស្រុកដែលរួមមាន អភិបាលស្រុក កម្លាំងប្រដាប់អាវុធទាំង៣ និងថ្នាក់ដឹកនាំយុវជនផងដែរ យកទៅប្រើប្រាស់អប់រំ ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋមូលដ្ឋាន។

ជាមួយគ្នានោះ លោក ហេង រតនា ក៏បានចុះជួបសំណេះសំណាល ជាមួយសមាគមន៍មនុស្សចាស់ ដែលមានសមាជិក១២,០៦នាក់ និងបានផ្ដល់ក្រមា និងថវិកាមួយចំនួន ដើម្បីពួកគាត់ ជួយផ្សព្វផ្សាយដល់មនុស្សចាស់ ដែលជាសមាជិករបស់ពួកគាត់ ក្នុងគោលបំណងឲ្យពួកគាត់យល់ដឹង និងចេះរក្សាអនាម័យ ពីព្រោះថា មនុស្សចាស់ ងាយនឹងឆ្លងជំងឺ Covid-19 នេះ។

លើសពីនោះទៀត លោក ហេង រតនា បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលសាលាបឋមសិក្សាមួយស្ថិតនៅភូមិពាមរាំង ក្នុងស្រុកលើកដែក ខេត្តកណ្ដាល ដើម្បីទុកជាទីតាំងសម្រាប់ ដាក់ឲ្យដាច់ដោយឡែក ក្នុងករណីមានប្រជាពលរដ្ឋណាម្នាក់ ដែលសង្ស័យថា មានជំងឺឆ្លង Covid-19 ស្របតាមអនុសាសន៍ណែនាំ របស់រាជរដ្ឋាភិបាល។

លោកបានណែនាំ ដល់អាជ្ញាធរ ខិតខំគ្រប់គ្រងនូវបងប្អូនពលករ ដែលទើបត្រឡប់មកពីក្រៅប្រទេសឲ្យបានល្អ ដោយតម្រូវឲ្យដាក់ខ្លួនឯង ឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ប្រសិនបើមានការសង្ស័យត្រូវរាយការណ៍ ដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីសុខាភិបាល។ ជាមួយគ្នានេះ ត្រូវណែនាំដល់បងប្អូនពលរដ្ឋ បើមិនចាំបាច់ កុំចេញពីផ្ទះ។

លោក ហេង រតនា ក៏សូមកោតសរសើរកងកំលាំងទាំងអស់ ក្មួយៗ ស.ស.យ.ក សិស្ស លោកគ្រូអ្នកគ្រូ និងជាពិសេសថ្នាក់ដឹកនាំស្រុក មានអភិបាលនិងគណៈអភិបាលស្រុក បានរួមដៃគ្នាជាមួយឆន្ទៈ លះបង់ និងស្មារតីចូលរួមចែករំលែក ជាក្តីដ៏សមគួរនៃទំនុកចិត្ត របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

បន្ថែមពីនោះទៀត លោក ហេង រតនា បានលើកឡើងថា មានការចូលរួម និងលះបង់ចេញពីបុគ្គលម្នាក់ ក្រុមគ្រួសារមួយ អង្គភាពមួយ ភូមិមួយ ឃុំមួយ ស្រុកមួយ និងសង្គមជាតិមួយ អាចប្រយុទ្ធនឹងមេរោគកូវីតន១៩ ប្រកបដោយជោគជ័យបាន៕