(ឧត្តរមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បាននាំយកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១៥គ្រួសារ នៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនាំយកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតទាំង១៥គ្រួសារនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានក្រើនរំលឹកទៅដល់អាជ្ញាធរនៅមូលដ្ឋានឱ្យយកចិត្តទុកដាក់ និងផ្តល់គំនិតផ្សេងៗសម្រាប់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយៈការប្រកបរបរដាំដុះ ចិញ្ចឹមសត្វជាដើម ដែលសុទ្ធសឹងជាមុខរបរអាចទ្រទ្រង់ដល់ជីវភាព។

លោកទេសរដ្ឋមន្ត្រី ក៏បានស្នើអាជ្ញាធរមូលដ្ឋានឱ្យចេះរកមន្ត្រីជំនាញមកបង្ហាត់បង្ហាញនូវបច្ចេកទេសផ្សេងសម្រាប់ការដាំដុះ និងចិញ្ចឹមសត្វដល់ប្រជាពលរដ្ឋ ព្រមទាំងចេះសម្របសម្រួលរកទីផ្សារសម្រាប់កសិផលជូនប្រជាពលរដ្ឋនៅពេលដាំដុះ ឬចិញ្ចឹមបាន។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ទៅអាជ្ញាធរថា ការប្រឹងប្រែងរកមុខរបរជូនប្រជាពលរដ្ឋ គឺជារឿងដ៏ចាំបាច់ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

នៅចំពោះមុខប្រជាពលរដ្ឋនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងនោះ ឱ្យយកចិត្តទុកដាក់ក្នុងការប្រកបរបរដាំដុះបន្លែបង្កា ចិញ្ចឹមសត្វធាតុផ្សេងៗ ដែលជាប្រភពមួយក្នុងការរកចំណូលទ្រទ្រង់ជីវភាព។ លោកក៏បានណែនាំពួកគេឱ្យទាក់ទងជាមួយអាជ្ញាធរនៅពេលឧបសគ្គសម្រាប់ការប្រកបរបរចិញ្ចឹមជីវិត។

លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏មិនភ្លេចផងដែរក្នុងការលើកបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានលក់ប្រសើរតាមរយៈការទាក់ទាញអ្នកវិនិយោគមកបង្កើតរោងចក្រសហគ្រាសបង្កើតបានជាការងារជូនប្រជាពលរដ្ឋ។ បន្ថែមពីលើនោះសម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែប្រឹងប្រែងស្វះស្វែងរកទីផ្សារសម្រាប់កសិផលរបស់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលសុទ្ធសឹងជាការប្រឹងប្រែង ដើម្បីធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ។

សូមបញ្ជាក់ថា អំណោយដែលលោកទេសរដ្ឋមន្ត្រីនាំទៅចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅថ្ងៃនេះរួមមាន៖ អង្ករ ក្រមា ត្រីខ មី ទឹកត្រី ទឹកស៊ីអ៉ីវ ឆៃពៅ និងស្ករស។

ប្រជាពលរដ្ឋដែលទទួលបានអំណោយនេះ បានគោរពថ្លែងអំណរគុណលោកទេសរដ្ឋមន្ត្រី គន់ គីម និងក្រុមការងារ ដែលតែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងដោះស្រាយរាល់ខ្វះខាតរបស់ពួកគាត់៕