(មណ្ឌលគិរី)៖ ដើម្បីចូលរួមចំណែកក្នុងការឆ្លើយតបនឹងវិធានការការពារនានា សម្រាប់កាត់បន្ថយការរីករាលដាល នៃជំងឺ COVID-19 លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានដាក់វិធានការមួយចំនួនដល់អាជ្ញាធរក្រុង និងសមត្ថកិច្ច ក្នុងឱកាសជួបសំណេះសំណាល ជាមួយអាជ្ញាធរក្រុងសែនមនោរម្យ និងនាំយកអាល់កុល និងសម្ភារមួយចំនួន របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនចៅសង្កាត់ទាំង៤ ក្នុងក្រុងសែនមនោរម្យ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ។

លោក ស្វាយ សំអ៊ាង បានលើកឡើងថា បច្ចុប្បន្ននេះ ស្ថានភាពនៃជំងឺវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 បាននិងកំពុងរីករាលដាលយ៉ាងខ្លាំង នៅពាសពេញ ទាំងក្នុងតំបន់ និងពិភពលោក ហើយបញ្ហានេះរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងដាក់វិធានការនានា ដើម្បីរួមសហការគ្នា ទប់ស្កាត់ ការរីករាលដាលនៃជំងឺប្រភេទថ្មីនេះ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា នៅប្រទេសកម្ពុជា ក៏មានការឆ្លងនៃជំងឺ COVID-19 មានការកើនឡើងជាបន្តបន្ទាប់ ហើយក្នុងនោះ ក៏មានអ្នកជាសះស្បើយមួយចំនួនផងដែរ។ ដោយឡែក សម្រាប់ខេត្តមណ្ឌលគិរី រហូតមកដល់ពេលនេះ មិនទាន់មានរកឃើញករណីសង្ស័យ ឬផ្ទុកជំងឺ COVID-19 នោះទេ។

លោក ស្វាយ សំអ៊ាង បានស្នើដល់អាជ្ញាធរក្រុង រួមទាំងចៅសង្កាត់ទាំង៤ ត្រូវសហការជាមួយប៉ុស្តិ៍រដ្ឋបាល ចុះពិនិត្យស្រាវជ្រាវប្រជាពលរដ្ឋ ក៏ដូចជាជនបរទេស ដែលគាត់ទើបត្រលប់មកពីបណ្តាប្រទេសផ្សេងៗ ចូលមកកាន់ខេត្តមណ្ឌលគិរី ហើយត្រូវណែនាំដល់ពួកគាត់ឲ្យនៅដាច់ដោយឡែកពីគេ រយៈពេល១៤ថ្ងៃ ជាពិសេសត្រូវចុះអប់រំផ្សព្វផ្សាយ តាមបំពងសម្លេង ដល់មូលដ្ឋានអំពីវិធានការ បង្ការការពារ ទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺ COVID-19។

នាឱកាសនោះ លោក ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអាល់កុលចំណុះ៥លីត្រ, ខិតបណ្ណ២៥សន្លឹក, សាប៊ូ២៥ដុំ និងម៉ាស់ការពារចំនួន១០០ម៉ាស់ ផ្តល់ជូនចៅសង្កាត់ទាំង០៤ ក្នុងក្រុងសែនមនោរម្យ ដើម្បីយកទៅផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ក្នុងការបង្ការការឆ្លងរីករាលដាល នៃជំងឺ COVID-19 នេះផងដែរ៕