(ក្រចេះ)៖ លោក វ៉ា ថន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ រួមនឹងលោក លោកស្រី អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបតិ្តសាខា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បាននាំយកសម្ភារ សម្រាប់អប់រំផ្សព្វផ្សាយអំពីការត្រៀមបង្ការ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺ COVID-19 ជូនដល់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

សម្ភារដែលយកទៅប្រគល់ជូននាពេលនេះរួមមាន៖ អាល់កុលចំនួន ៤០លីត្រ, ម៉ាស់ចំនួន ១០០ម៉ាស់, សាប៊ូចំនួន ១០០ដុំ និងផុសស្ទ័រមួយចំនួន ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានតាមរយៈសាខាខេត្តក្រចេះ ជូនដល់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដើម្បៅត្រៀមបម្រុងទុក និងប្រើប្រាស់នៅពេលចាំបាច់។

ជាមួយគ្នានេះដែរ លោក វ៉ា ថន ក៏បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកនៃមន្ទីរពេទ្យបង្អែកខេត្ត និងបានជម្រាបពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាលើពិភពលោក ព្រមទាំងសូម ឱ្យមន្ត្រីបុគ្គលិកទាំងអស់ យកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួម អនុវត្តវិធានការការពារ និងរក្សាអនាម័យ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាសារអប់រំនានា របស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19) កំពុងតែកើតមានទ្បើងនៅក្នុងប្រទេសយើង។

លោកអភិបាលខេត្ត ក៏សូមអំពាវនាវដល់មន្ត្រីរាជការ ប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដូចខាងក្រោម៖

ទី១៖ លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ។
ទី២៖ ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ។
ទី៣៖ ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ។
ទី៤៖ ចៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់។
ទី៥៖ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ។
ទី៦៖ ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ។

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ៕