(កណ្ដាល)៖ អភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ បានដឹកនាំមន្ត្រីជាច្រើននាក់ ចុះទៅដល់ភូមិបារ៉ែន ឃុំស្វាយប្រទាល ស្រុកស្អាង នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដើម្បីជាការលើកទឹកចិត្ត ដល់កម្លាំងចិត្ត ដល់បងប្អូនអ្នកភូមិទាំងអស់ ពិសេសមានការបាញ់ថ្នាំសម្លាប់មេរោគជំងឺ COVID-19 ពេញមួយភូមិតែម្ដង ដើម្បីសម្លាប់មេរោគនេះ និងទប់ស្កាត់ការរីករាលដាលករណីណាមួយ។

លោកអភិបាលខេត្តក៏បានផ្ដាំផ្ញើ ប្រជាជនចេះអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ឧស្សាហ៍លាងដៃនឹងសាប៊ូ ឬអាល់កុល ហើយកុំមានការភ័យខ្លាចជ្រុលហួសហេតុ កុំជឿលើព័ត៌មានក្លែងក្លាយ ព័ត៌មានគ្មានប្រភពច្បាស់លាស់ កុំជឿលើសារសម្លេង Messenger ផ្ដេសផ្ដាស ប៉ុន្តែបងប្អូនត្រូវជឿតែទៅលើក្រសួងសុខាភិបាល និងសារព័ត៌មានធំៗ ទៅបានហើយ។

គួរជម្រាបថា អ្នកភូមិបារ៉ែន ចំនួន២នាក់ហើយ ត្រូវបានគេរកឃើញថាមានផ្ទុកវីរុស COVID-19 បន្ទាប់ពីមកម៉ាឡេស៊ីវិញ ហើយត្រូវបានក្រុមការងារ យកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខណៈពួកគាត់កំពុងមានសុខភាពល្អ ក្រោមការថែទាំ ងនិងព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមគ្រូពេទ្យជំនាញ។

សូមបញ្ជាក់ជូនថា ក្នុងការចុះសួរសុខទុក្ខនេះផងដែរ មនុស្ស៩នាក់ ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយបុរសមានផ្ទុកជំងឺ COVID-19 ត្រូវបានគេយកសំណាកមកពិនិត្យ និងដាក់ឱ្យនៅដោយឡែកពីគ្រួសារមួយរយៈសិននៅឯវិទ្យាល័យហ៊ុន សែនតាខ្មៅ ទីដែលអភិបាលខេត្តសម្រេចយកអគារមួយខ្នង សម្រាប់ទុកអ្នកមានការសង្ស័យ ខណៈមនុស្ស១៩នាក់ផ្សេងទៀត ដែលមកពីប្រទេសថៃ ក៍កំពុងស្ថិតនៅក្នុងវិទ្យាល័យនេះផងដែរដើម្បីតាមដានពីអាការៈរបស់ពួកគាត់។ មនុស្សសរុបដែលត្រូវដាក់នៅក្នុងវិទ្យាល័យនេះមានចំនួន ២៨នាក់ហើយ៕