(កណ្ដាល)៖ លោក អ៊ាវ ចំរើន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានឃុំស្អាងភ្នំ អមដំណើរដោយកញ្ញា យ៉ុង ខេមរា អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានឃុំស្អាងភ្នំ រួមទាំងក្រុមការងា នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បាននាំយកអំណោយមនុស្សធម៌ ដែលមានក្រម៉ា១ពាន់ក្រម៉ា និងបរិក្ខាមួយចំនួនទៀត ចុះចែកជូនដល់ពលរដ្ឋដល់នៅឃុំស្អាងភ្នំ ស្រុកស្អាង ដល់ខ្នងផ្ទះតែម្ដង។

លោក អ៊ាវ ចំរើន បានលើកឡើងថា អំណោយដែលចែកជូនពលរដ្ឋនេះ ត្បិតមានចំនួនមិនច្រើនមែនពិត ប៉ុន្តែនេះជាទឹកចិត្ត និងជាការគោរពតាមសម្ដេចតេជោ ហ៊ុន សែន ក្នុងការចុះជួយពលរដ្ឋឱ្យដល់ខ្នងផ្ទះ ដែលនេះជាការយកចិត្តទុកដាក់ខ្ពស់បំផុត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោកបន្តថា ដោយមើលឃើញពីស្ថានភាពចាស់ៗ ដែលពុំអាចចេញក្រៅបានចំនួន១០គ្រួសារ លោកក៏បានឧបត្ថម្ភក្នុងមួយគ្រួសារនូវថវិការចំនួន៤ម៉ឺនរៀល មី៥កញ្ចប់ ត្រីខ៥កំប៉ុង និងអង្ករចំនួន១០គីឡូក្រាមផងដែរ។

ស្ថិតក្នុងឱកាសនេះដែរ លោក អ៊ាវ ចំរើន ក៏បាននាំយកថវិកាជូនដល់លោក អ៊ុក ថៃ អតីតមេភូមិកំពង់ទ្រា ដែលធ្លាក់ខ្លួនឈឺផងដែរ ហើយលោកក៏បានអំពាវនាវ ដល់ពលរដ្ឋទាំងអស់សូមរស់នៅស្អាត ផឹកស្អាត ហូបស្អាត ឧស្សាហ៍លាងដៃនឹងសាប៊ូ ឬទឹកអាល់កុល ពិសេសកុំជឿព័ត៌មានក្លែងក្លាយ ព័ត៌មានបំផិតបំភ័យ កុំជឿសារ សម្លេងផ្ដេសផ្ដាស ប៉ុន្តែត្រូវជឿតែទៅលើក្រសួងសុខាភិបាល និងអង្គភាពព័ត៌មានធំៗទៅបានហើយ ដែលពួកគេផ្សាយតែព័ត៌មានពិត និងជាទីទុកចិត្តបំផុត ។

សូមជំរាបដែរថា ឃុំស្អាងភ្នំបាននឹងកំពុងបន្តចុះអប់រំផ្សព្វផ្សាយដោយផ្ទាល់មាត់ និងចាក់មេក្រូ រួមទាំងបិទស្លាកអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានការយល់ ដឹងច្បាស់លាស់ជុំវិញបញ្ហាវីរុសកូវីដ១៩នេះ ពិសេសរួមគ្នាគិត រួមគ្នាដោះស្រាយ រួមគ្នាទប់ទល់នឹងវីរុសកូវីដ១៩ទាំងអស់គ្នា។

សូមជម្រាបថា សកម្មភាពនេះស្របតាមអនុសាសន៍របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចុះជួយពលរដ្ឋក្រីក្រដល់ខ្នងផ្ទះ ខណៈសកម្មភាពរបស់ លោក អ៊ាវ ចំរើន ទទួលបានការសាទរ និងត្រេកអរយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋរស់នៅឃុំស្អាងភ្នំទាំងអស់គ្នាផងដែរ៕