(ភ្នំពេញ)៖ WIKI TV ជាទូរទស្សន៍អប់រំដំបូងគេនៅកម្ពុជា ដែលមានគោលដៅផ្សព្វផ្សាយកម្មវិធីសិក្សាអប់រំ ដោយប្រើបច្ចេកវិទ្យាទំនើបដែលបង្កើតឡើងដោយ ក្រុមហ៊ុនក្រុមហ៊ុនផុស្ការ (POSCAR (Cambodia) ដោយបានទទួលលិខិតអនុញ្ញាតិពីក្រសួងព័ត៌មានលេខ ៣៧៣ ព.មប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ និងបានចុះកិច្ចព្រមព្រៀងស្តីពី-គម្រោងព្សព្វផ្សាយ ផលិត និងប្រើប្រាស់មាតិកាអប់រំ រវាងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។

ដើម្បីចូលរួមលើកស្ទួយទៅលើការសិក្សារបស់សិស្សានុសិស្សនៅក្នុងកំឡុងពេលនៃការផ្អាកគ្រឹះស្ថានសិក្សាបណ្តោះអាសន្ន ដោយសារការរីករាលដាលនៃមេរោគ Covid-19 ក្រុមហ៊ុន ខេមបូឌាន ស៊ីងម៉ឹង ធេលីមីឌា ដែលជា ក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់សេវាកម្ម អ៊ីនធើណិត ទូរទស្សន៍ ទូរស័ព្ទ និងមានសេវាកម្មជាច្រើនទៀត បានសហការជាមួយ WIKI TV ក្នុងការបន្ថែមប៉ុស្តិ៍ WIKI TV ទៅលើប្រអប់ទូរទស្សន៍ស៊ីងម៉ឹង SINGMENG TV និងកម្មវិធីទូរទស្សន៍តាមរយៈទូរស័ព្ទដៃ Splus ដែលមានរូបភាពច្បាស់កម្រិត HD និងអាចទស្សនាសារឡើងវិញបានក្នុងរយៈពេល៧ថ្ងៃ ដែលមានតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងនោះកម្មវីធីទូរទស្សន៍ WIKI TV មាននៅលើទូរទស្សន៍ស៊ីងម៉ឹង SINGMENG TV លេខរៀងប៉ុស្តិ៍លេខ១១៩ និងនៅលើកម្មវិធីទូរទស្សន៍តាមរយៈទូរស័ព្ទដៃ Splus ដែលសិស្សានុសិស្សអាចទាញយក (ដោនឡូត) កម្មវិធីទូរស័ព្ទដៃបានលើទូរស័ព្ទស្មាតហ្វូន iOS និង Android តាមតំណភ្ជាប់នេះ៖ http://hyperurl.co/SplusMobileTV ឬគ្រាន់តែវាយពាក្យ Splus ហើយស្វែងរកនៅក្នុង App Store និង Play Store ជាការស្រេច។

កម្មវិធីសិក្សានឹងផ្សាយជារៀនរាល់ថ្ងៃជាមួយនឹងលោកគ្រូ អ្នកគ្រូដែលមានបទពិសោធន៍បង្រៀនយូរឆ្នាំដែលមានមេរៀនដូចជា៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងអក្សរសាស្ត្រខ្មែរជាដើមដែលស្របទៅនឹងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា។ សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ អាចមើលវិដេអូមេរៀនប្រចាំថ្ងៃ ដោយថ្នាក់ទី៩ មានម៉ោងសិក្សាពីម៉ោង៧ ដល់ម៉ោង៩ព្រឹក និងថ្នាក់ទី១២ ចាប់ពីម៉ោង ១ ដល់ម៉ោង៣រសៀល បើខកខានមើលសិស្សអាចមើលការចាក់ផ្សាយឡើងវិញ នៅម៉ោង៤រសៀល ដល់ម៉ោង៧យប់ សម្រាប់សិស្សថ្នាក់ទី៩ និង ម៉ោង៧ ដល់ម៉ោង ១០យប់ សម្រាប់សិស្សថ្នាក់ទី១២។

លោក ងន់ ម័រ សហស្ថាបនិក WIKI TV បានលើកឡើងថា WIKI TV បានផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្ស អាចសិក្សាជាមួយសាស្រ្តាចារ្យល្បីៗជាច្រើន គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ WIKI TV គឺជាវេទិកាសិក្សាតាមប្រព័ន្ធអនឡាញ ដែលមានភាពងាយស្រួល និងប្រកបដោយគំនិតច្នៃប្រឌិតថ្មីបំផុត នៅប្រទេសកម្ពុជា។ លោកបានបន្ថែមទៀតថា៖ «នេះគឺជាឱកាសដ៏ល្អដើម្បីទទួលយកបទពិសោធន៍ថ្មីនៃការសិក្សាតាមបែបឌីជីថល»។

សូមបញ្ជាក់ថា WIKI TV កម្មវិធីទូរទស្សន៍បង្រៀនតាមអនឡាញ នឹងចាប់ផ្សាយជាផ្លូវការលើទូរទស្សន៍ SINGMENG TV និង Splus ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះតទៅ ៕