(សៀមរាប)៖ រចនាសម្ពន្ធសំណង់ឈើដ៏ល្អឆ្នើមមួយ រួមនឹងបដិមាព្រះគណេស១អង្គ ដែលមានអាយុកាលជិត ១,០០០ឆ្នាំ ត្រូវបានប្រទះឃើញក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យា នៅបាតស្រះខាងជើងនៃប្រាសាទអង្គរវត្ត ដែលក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាកំពុងអនុវត្ត។

ការរកឃើញនេះត្រូវបានបុរាណវិទូនៃអាជ្ញាធរជាតិអប្សរាអះអាងថា ជាប្រវត្តិសាស្ត្រដំបូងនៅអង្គរដែលបានរកឃើញសំណង់ឈើ និងបដិមាដូច្នេះ ហើយនេះជាអាថ៌កំបាំងដ៏អស្ចារ្យទាក់ទងនឹងការកសាងស្រះទឹក រួមទាំងស្ថាបត្យកម្មនៃសំណង់អង្គរវត្ត ជំនឿ និងការរស់នៅឥតដាច់របស់ប្រជាជនតាំងពីសតវត្សរ៍ទី១២ មកដល់សព្វថ្ងៃ។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ឱ្យដឹងថា រចនាសម្ពន្ធសំណង់ឈើដែលបានប្រទះឃើញនេះ ស្ថិតនៅចំកណ្តាលនៃស្រះ មានអាយុកាលជិត១ពាន់ឆ្នាំហើយ តែនៅមានទ្រង់ទ្រាយល្អច្រើន និងមានការបញ្ចុះបានយ៉ាងត្រឹមត្រូវ ដោយមានស្រទាប់ខ្សាច់ ស្រទាប់ថ្ម ស្រទាប់កំណករុក្ខជាតិ និងធញ្ញជាតិ ស្រទាប់សត្វសមុទ្រ និងបំណែកកុលាលភាជន៍ជាច្រើនសម័យកាល ដែលបានរៀបចំយ៉ាងស្អាត លាយបញ្ចូលនឹងជំនឿ ព្រោះមានមានតម្កល់បដិមាព្រះគណេស (អាទិទេពអង្គនេះជាព្រះរាជបុត្ររបស់ព្រះឥសូរ ដែលមា នព្រះកាយជាទេវតា ចំណែកព្រះកេសជាគជសា ឬដំរី) ១អង្គផង។

បដិមាព្រះគណេស ជាទេពតំណាងឱ្យចំណេះដឹង បញ្ញាញាណ និងមន្តអាគម។ ការដែលបញ្ចុះទេពលាយជាមួយដូច្នេះ គឺបង្ហាញពីការគោរពតាមជំនឿ ដើម្បីជាទីពឹងពាក់របស់មនុស្ស និងដើម្បីឱ្យទីនេះក្លាយជាទីទុកចិត្ត ក្លាយជាទឹកពិសិដ្ឋ សម្រាប់ប្រោះព្រំអ្នកផង ដែលមកសំពះព្រះវិស្ណុ។

លោក សុខរិទ្ធី បានបន្តថា ការរកឃើញថ្មីនេះជាប្រវត្តិសាស្ត្រនៃការស្រាវជ្រាវដំបូងហើយ ដែលបានប្រទះឃើញនូវសំណង់ឈើមានស្នាដៃល្អស្អាត និងព្រះអាទិទេពមួយអង្គនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

នេះក៏ជាភស្តុតាងវិទ្យាសាស្រ្តស្រាវជ្រាវបែបបុរាណវិទ្យា ដែលបានបំពេញបន្ថែមទៅលើព័ត៌មានកន្លងមក ដែលគេពឹងផ្អែកការសិក្សាស្រាវជ្រាវលើសិលាចារឹក បដិមាសាស្រ្ត ប្រវត្តិសិល្បៈជាដើម ដែលបង្ហាញនូវអាថ៌កំបាំងយ៉ាងធំមួយទាក់ទងនឹងប្រវត្តិនៃការកសាងស្រះទឹក សំណង់ប្រាសាទអង្គរវត្ត បរិស្ថានធម្មជាតិ និងការរស់នៅរបស់មនុស្ស ដែលបង្ហាញឱ្យដឹងថា អង្គរមិនមានការបោះបង់ចោលនោះទេ គឺមានមនុស្សមករស់នៅទីនេះមិនដាច់តាំងពីសម័យកសាងរហូតដល់សម័យទំនើប។

លោកបន្ថែមថា ដំណាក់កាលដំបូងនេះ ក្រុមការងារមិនទាន់កំណត់ឱ្យច្បាស់ថាសំណង់ឈើនេះមានប្រភេទឈើអ្វីខ្លះ? សំណង់មានតួនាទីអ្វីប្រាកដនោះឡើយ គឺរង់ចាំការយកបំណែកឈើទៅពិសោធន៍ និងសិក្សាតាមបែបវិទ្យាសាស្ត្រជាមួយអ្នកជំនាញផ្សេងៗទៀត៕