(ភ្នំពេញ)៖ លោក ហោ ណាំហុង បានពន្យល់ពីបញ្ហាអាស៊ាន ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រមាណ១២០នាក់ ដែលគ្រោងធ្វើទស្សនកិច្ច សិក្សាស្វែងយល់ពីសមាហរណកម្មអាស៊ាននៅតាមសាកលវិទ្យាល័យរបស់ប្រទេសជិតខាង។ ការពន្យល់នេះ ធ្វើឡើងក្នុងបំណងឲ្យនិស្សិតទាំងអស់នេះ បានយល់ដឹងកាន់តែច្រើនថែមទៀតពីបញ្ហារបស់អាស៊ាន។

នៅក្នុងឱកាសធ្វើបទបង្ហាញពីអាស៊ាន នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦នេះ ប្រមុខការទូតកម្ពុជា បានលើកមកបង្ហាញទិដ្ឋ ភាពជាច្រើនរបស់អាស៊ាន ដើម្បីផ្តល់ជាចំណេះដឹងថ្មីៗ ដល់និស្សិតកម្ពុជា ឲ្យត្រៀមខ្លួនសម្រាប់សមាហរណកម្មអាស៊ាន។

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានរំលឹកអំពីប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាថា មានកត្តា ៣យ៉ាង ដែលនាំឲ្យកម្ពុជា ចូលជាសមាជិកអាស៊ានរួមមាន៖ ១- ស្មើភាព និង ស្មើសិទ្ឋិជាមួយប្រទេស សមាជិកអាស៊ានទាំងអស់, ២- គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និង ទី៣- សេចក្តីសម្រេចធ្វើឡើង ដោយឈរលើគោលការណ៍កុងសង់ស៊ីស។

ថ្លែងទៅកាន់និស្សិត ១២០នាក់ ដែលត្រូវធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ពីសមាហរណកម្មអាស៊ាន នៅតាមសាកលវិទ្យាល័យ របស់ប្រទេសជិតខាងនេះ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានអះអាងថា សហគមន៍អាស៊ាន មានគោលដៅសំខាន់ៗរួមមាន៖ គិតគូរពីវិបុលភាពរួម របស់អាស៊ាន យកចិត្តទុក ដាក់ចំពោះប្រជាជន និងយកប្រជាជនជាធំ រក្សាសន្តិភាព និងស្ថេរភាពក្នុងតំបន់ ធ្វើឲ្យកាន់តែស៊ីជម្រៅនូវការចូលរួម របស់អាស៊ានក្នុងអង្គការតំបន់ និងអង្គការអន្តរជាតិ ហើយនិងពង្រឹងតួនាទី ស្នូលរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ (Regional Architec ture)។

លោក ហោ ណាំហុង បានលើកឡើងថា កាលានុវត្តភាពរបស់សហគមន៍អាស៊ាន រួមមាន៖ លើកកំពស់កិត្យានុភាព និង តួនាទីឈានមុខរបស់អាស៊ាន ក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ការបង្កើតការងារ និងលំហូរពាណិជ្ជកម្ម ការធ្វើឲ្យមានស្ថេរភាព និងពង្រឹងសន្តិភាព និង សន្តិសុខក្នុងតំបន់ ហើយនិងបង្កើនប្រសិទ្ធិភាព នៃតួនាទីស្នូលរបស់អាស៊ាននៅក្នុងតំបន់។

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏បានលើកបង្ហាញបញ្ហាប្រឈមមួយចំនួន របស់សហគមន៍អាស៊ានផងដែរ មានដូចជា គម្លាត នៃការអភិវឌ្ឍន៍ក្នុងចំណោម បណ្តាប្រទេសសមាជិក និង កង្វះខាតធនធានមនុស្ស មានសមត្ថភាពជាបញ្ហាប្រឈម ក្នុងការឈានទៅសម្រេច សមាហរណកម្មតំបន់ពេញលេញ កង្វះថវិកាសម្រាប់អភិវឌ្ឍន៍ ការតភ្ជាប់អាស៊ាន ដែលរួមមាន៖ ការតភ្ជាប់រូបវ័ន្ត ការតភ្ជាប់រវាងស្ថាប័ន និង ការតភ្ជាប់រវាងប្រជាជន និងប្រជាជន ហើយនិងកង្វះពលកម្មជំនាញ របស់ប្រទេសសមាជិកថ្មី។

លោក ហោ ណាំហុង បានឲ្យដឹងថា សព្វថ្ងៃ អាស៊ានត្រូវបានទទួលស្គាល់ថា ជាអង្គការតំបន់ដ៏ជោគជ័យបំផុតមួយ ដែលមានឯកអគ្គរដ្ឋទូតជាង៨០ប្រទេស ប្រចាំអាស៊ាន មាននិវេសនដ្ឋាននៅទីក្រុងហ្សាកាតា និងមានប្រទេសជាច្រើន បានស្នើសុំធ្វើជាដៃគូ សន្ទនារបស់អាស៊ាន។ លើសពីនេះទៀត ប្រធានអាស៊ាន ត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ G-20 ។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាចូលជាសមាជិកអាស៊ាន នៅឆ្នាំ១៩៩៩ បានរួមចំណែកលើកស្ទួយកិត្យានុ ភាព និង អត្តភាពរបស់កម្ពុជា នៅលើវេទិកាអន្តរជាតិ បង្កើនថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយសមាជិកអាស៊ានផ្សេងទៀត និង ជាមួយបណ្តាប្រទេសដៃគូ សន្ទនារបស់អាស៊ាន ដែលតាមរយៈនោះ កម្ពុជាទទួលបានការជួយឧបត្ថម្ភ ពិសេសគឺការអភិវឌ្ឍន៍ធនធានមនុស្សតាមរយៈគំនិតផ្តួចផ្តើម សមាហរណកម្មអាស៊ាន (IAI)។

និស្សិត សិទ្ធិ បញ្ញា បានលើកឡើងថា ការស្តាប់នូវបទបង្ហាញនាព្រឹកនេះ ធ្វើឲ្យរូបគេទទួលបាននូវចំណេះដឹង ពីអាស៊ានកាន់តែ ច្រើនថែមទៀត។ សិទ្ធិ បញ្ញា បានបង្ហាញទស្សនៈសុទិដ្ឋិនិយមថា ការធ្វើសមាហរណកម្មអាស៊ាន នឹងធ្វើឲ្យទីផ្សារការងារសម្រាប់ រូបគេកាន់តែធំបន្ថែមទៀត ហើយក៏អាចឲ្យរូបគេ ទៅដកស្រង់ពិសោធន៍ការងារ នៅតាមបណ្តាសមាជិកអាស៊ាន ដើម្បីយកមកអភិវឌ្ឍប្រទេសកម្ពុជាផងដែរ៕